ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការទទួលបានងារជា «សម្ដេច» តាមរយៈសែស្រឡាយ គ្រួសារ ឬបក្ខពួក ទាំងពួកគេមិនទាន់កសាងស្នាដៃ និងសមិទ្ធផលអ្វីសោះសម្រាប់ប្រទេសជាតិ ថាគ្មានតម្លៃ និងជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ។
ការលើកឡើងនេះ បន្ទាប់ពីកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលទើបទទួលតំណែងនាយករដ្ឋមន្ត្រីតាមការលើកបន្តុបរបស់ឪពុកកាលពីខែសីហា ឆ្នាំ២០២៣ ត្រូវបានផ្ដល់គោរមងារជា «សម្តេចមហាបវរធិបតី» នាដើមខែកញ្ញា ឆ្នាំ២០២៣ នេះ។ ក្រៅពីលោក ហ៊ុន ម៉ាណែត ហើយ ក៏មានប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាដែលទើបឡើងថ្មីៗផងដែរ។
អតីតនាយកវីអូឌី (VOD) លោក ប៉ា ងួនទៀង ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ កញ្ញា នេះថា ការផ្ដល់គោរមងារនេះវាបង្ហាញពីវប្បធម៌នៃការផ្ដល់តម្លៃដល់តួនាទី ដោយមិនបានផ្ដល់តម្លៃលើស្នាដៃ និងសមិទ្ធផលដើម្បីប្រទេសជាតិឡើយ។ ជាក់ស្ដែងរដ្ឋាភិបាលថ្មី និងមន្ត្រីមួយចំនួនជាដើម ពួកគេមិនមានស្នាដៃអ្វីសោះ។
លោកបន្តថា ចំពោះការឲ្យតម្លៃ ឬការសង្វាតទៅលើគោរមងារ និងតំណែងនេះ គឺមានតែប្រទេសកាន់របបផ្ដាច់ការដូចជាកូរ៉េខាងជើងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសលោកសេរីវិញ ពួកគេមិនខ្វល់នោះទេ។
លោក ប៉ា ងួនទៀង បន្តថា ការផ្ដល់គោរមងារ និងតំណែងគួរត្រូវធ្វើចំពោះអ្នកមានស្នាដៃកសាង និងជួយជាតិ ដោយលះបង់អាយុជីវិត ដូចជាលោកអាចារ្យ ហែម ចៀវ ឧកញ៉ា សឺន កុយ និងបណ្ឌិត កែម ឡី ជាដើម ដើម្បីលើកទឹកចិត្តដល់មនុស្សគំរូ ហើយក៏ជាការផ្ដល់តម្លៃទៅលើការតស៊ូ និងលះបង់ ព្រមទាំងស្នាដៃរបស់ពួកគាត់ថែមទៀត។
ប៉ុន្តែការផ្ដល់គោរមងារដល់អ្នកមិនមានស្នាដៃ និងសមិទ្ធផលនាពេលបច្ចុប្បន្ននេះ វាធ្វើឲ្យប្រទេសជាតិខាតបង់ និងជាគំរូអាក្រក់ ដោយធ្វើឲ្យមនុស្សក្នុងសង្គមមិនសូវខំប្រឹងប្រែង ដោយសារពួកគេអាងអំណាច និងបក្ខពួក។
ជាក់ស្ដែង លោក ប៉ា ងួនទៀង អះអាងថា មន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នមិនទាន់មានស្នាដៃ និងសមិទ្ធផលអ្វីទាល់តែសោះ សូម្បីតែកន្លែងធ្វើការ និងការងាររបស់ខ្លួនមិនទាន់ស្គាល់ច្បាស់ផង ប៉ុន្តែបែរជាទទួលបានគោរមងារទៅហើយ។ លោកចាត់ទុកការផ្ដល់គោរមងារដោយមិនទាន់មានស្នាដៃកសាងជាតិនេះ មិនមានតម្លៃ និងជាគំរូអាក្រក់សម្រាប់យុវជនខ្មែរជំនាន់ក្រោយ។
ចំណែកអ្នកឃ្លាំមើលក្នុងស្រុកដូចជា លោក វ៉ន ចាន់ឡូត ជាដើមនោះ ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោក រិះគន់ទៅលើការចេញព្រះរាជក្រឹត្យផ្តល់គោរមងារនេះ ហើយដែលលោកចាត់ទុកថាមានភាពមិនប្រក្រតី។ លោកបន្តថា ភាពមិនប្រក្រតីនោះ គឺអ្នកតាក់តែងលិខិតសម្រាប់ព្រះមហាក្សត្រខ្ជីខ្ជាមិនពិនិត្យទៅលើអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។
លោក វ៉ន ចាន់ឡូត អះអាងថា ព្រះមហាក្សត្រកំពុងគង់នៅប៉េកាំង ប្រទេសចិន ដូច្នេះតាមច្បាប់ គឺត្រូវមានប្រមុខរដ្ឋស្ដីទីជំនួស ប៉ុន្តែសម្រាប់ព្រះរាជក្រឹត្យផ្ដល់គោរមងារដល់លោក ហ៊ុន ម៉ាណែត វិញ គឺមិនមានឡើយ។
ចំណែកអតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ) របស់លោកតា សឺន សាន គឺលោក ជុំ ឈាង បង្ហាញការភ្ញាក់ផ្អើលនៅពេលលោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើស និងផ្តល់គោរមងារពីរដងភ្លាមៗបែបនេះ។
លោកជំរុញឲ្យលោក ហ៊ុន ម៉ាណែត បញ្ចេញថ្វីដៃលើការងារដែលជាការរំពឹងរបស់ពលរដ្ឋ ឬមហាជនឲ្យបានល្អសិន ព្រោះវាសំខាន់ជាងសម្រាប់តំណែង និងគោរមងារដែលធ្វើពេលណាក៏បានដែរនោះ ស្របពេលដែលលោក ហ៊ុន ម៉ាណែត ក៏ជាបញ្ញវ័ន្តជាន់ខ្ពស់ដែលមានពហុជំនាញ (polytechnic) ប៉ុន្តែបែរជាបើកឆាកនៃកិច្ចការជាប្រវត្តិសាស្ត្ររបស់លោកដូច្នេះទៅវិញ។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី៣ កញ្ញា ថា កាលពីជំនាន់មុន ងារមន្ត្រីសំខាន់ៗត្រូវបានតែងតាំង ឬផ្តល់គោរមងារតាមរយៈការបញ្ចេញស្នាដៃការងាររបស់មន្ត្រី ប៉ុន្តែសម័យនេះ អ្នកណាក៏អាចទទួលបាននូវគោរមងារនេះដែរ។
ចំពោះការផ្ដល់គោរមងារដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ ព្រះរាជក្រឹត្យបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា បានកសាងនូវសន្តិភាព ស្ថិរភាព ឯកភាព សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ បានរក្សានូវឯករាជ្យជាតិ បូរណភាពទឹកដី មានស្វាមីភក្ដិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ព្រមទាំងការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម ជាដើម៕