សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកពីក្រោយឱ្យដួល ហើយនាំគ្នាចុះមកវាយនឹងដំបងដែកត្រង់ក្បាល និងកន្លែងផ្សេងទៀតបណ្តាលឱ្យចេញឈាមស្រោចលើដងខ្លួន ក្នុងបំណងធ្វើឃាតរូបលោក នៅថ្ងៃទី១២ ខែកញ្ញា នេះ ហើយស្ថានភាពរបស់លោកនៅពេលនេះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។
ភរិយារបស់លោក នី ណាក់ សរសេរលើគណនីហ្វេសប៊ុកឈ្មោះ IMAN-KH ដែលជាគណនីហ្វេសប៊ុករបស់លោក នី ណាក់ ផ្ទាល់នៅថ្ងៃទី១២ កញ្ញា នេះថា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានជនមិនស្គាល់មុខជិះម៉ូតូប្រដាប់ដោយដំបងដែក ប៉ុនប៉ងធ្វើឃាតប្តីរបស់ខ្លួនអំឡុងពេលដែលអ្នកស្រី និងប្តីរបស់អ្នកស្រីកំពុងជិះម៉ូតូចេញពីឃ្លាំងជីកំប៉ុសនៅព្រែកថ្មី ជិតវត្តចំពុះក្អែក ត្រឡប់ទៅផ្ទះវិញ។
ភរិយារបស់លោក នី ណាក់ អះអាងថា នៅពេលនេះ ស្វាមីរបស់អ្នកស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយកន្លែងឈ្មោះ ណាត្រា បឹងទំពន់ ស្ថិតនៅលើផ្លូវលេខ៣៧១ ដែលមានរបួសធ្ងន់ធ្ងរត្រង់ក្បាល និងរបួសកន្លែងផ្សេងទៀត ដូច្នេះអ្នកស្រីសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយរកជនដៃដល់ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសចំពោះមុខច្បាប់។
ការបង្កហិង្សាដល់សកម្មជនសង្គមលោក នី ណាក់ នៅពេលនេះ គឺជាលើកទីមួយហើយក្នុងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលទង្វើបែបនេះបានកើតឡើងរាប់មិនអស់ក្នុងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។
ក្នុងរយៈពេលចុងក្រោយនេះ លោក នី ណាក់ បានរិះគន់លើរដ្ឋាភិបាលបក្សកាន់អំណាចជាបន្តបន្ទាប់ចំពោះមន្ត្រីអសកម្ម និងការតែងតាំងមន្ត្រីតាមក្រសួងស្ថាប័នច្រើនហួសហេតុ ក្នុងនោះកាលពីថ្ងៃទី១១ ខែកញ្ញា នេះ លោក នី ណាក់ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកធ្លាប់ជាប់គុក ១៨ខែពីការនិយាយអំពីកសិកម្មមាន់ពាក់ម៉ាស់ ដូច្នេះលោកមិនអាចនៅស្ងៀមបានទេចំពោះពួកមន្ត្រីកសិកម្មដែលធ្វើការដើម្បីតែដេកស៊ីប្រាក់ខែដែលពលរដ្ឋបង់ពន្ធ។
លោក នី ណាក់ បញ្ជាក់ថា លោកនៅតែជាដៃគូប្រជែងជាមួយមន្ត្រីកសិកម្មជានិច្ច ហើយលោកក៏រង់ចាំមើលការរីកចម្រើនរបស់កសិករដែរ ព្រោះថារូបលោកលក់តែជី លក់តែផលិតផលកសិកម្មទេ ប៉ុន្តែលោកមិនលក់ក្បាលឡើយ។
ទាក់ទិននឹងបញ្ហានេះ សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិចថា ករណីហិង្សាក្រៅប្រព័ន្ធច្បាប់មកលើប្រជាជនដែលបញ្ចេញមតិរិះគន់ដើម្បីស្ថាបនារដ្ឋាភិបាល បានទទួលនូវភាពអយុត្តិធម៌ជាទីបំផុត ហើយទង្វើនេះបានគំរាមកំហែងដល់សុវត្ថិភាពក្នុងការរស់នៅយ៉ាងធ្ងន់ធ្ងរមកលើសកម្មជនសង្គមទាំងអស់នៅពេលនេះ។
កញ្ញា ភួន កែវរស្មី បញ្ជាក់ថា ដើម្បីបង្ហាញភាពស្អាតស្អំ រដ្ឋាភិបាលត្រូវតែស្វែងរកជនដៃដល់ជាបន្ទាន់ និងផ្តល់យុត្តិធម៌ដល់លោក នី ណាក់ ព្រមទាំងជនរងគ្រោះដែលមិនទាន់ទទួលបានយុត្តិធម៌ដទៃទៀតចំពោះករណីហិង្សាក្រៅប្រព័ន្ធច្បាប់ដែលតែងតែកើតឡើងនាពេលកន្លងមក។
ចំណែកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ អ៊ុំ សំអាន លើកឡើងថា របបលោក ហ៊ុន ម៉ាណែត ក៏សាហាវឃោរឃៅដូចរបបឪពុករបស់គាត់ គឺលោក ហ៊ុន សែន ដែរ បន្ទាប់ពីលោក នី ណាក់ បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។ លោកបន្ថែមថា ការដេញតាមវាយសកម្មជនបក្សប្រឆាំងបានកើតឡើងជាង ៥០ករណីហើយ ប៉ុន្តែសមត្ថកិច្ចរបស់រដ្ឋាភិបាលបក្សកាន់អំណាច មិនដែលរកឃើញជនល្មើសម្តងណាឡើយ។
លោក អ៊ុំ សំអាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលតែអ្នកដែលចុះចូលប៉ុណ្ណោះ ប៉ុន្តែអ្នកដែលចាកចេញ គឺមិនអាចចេញបានទេ។ ជាងនេះទៀត បើចេញមកហើយ រិះគន់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាទៀតនោះ ច្បាស់ជាត្រូវរងនូវការប្រើអំពើហិង្សាដូចជាលោក នី ណាក់ ឬជាប់គុកជាមិនខាន។
ទាក់ទិននឹងបញ្ហានេះ សង្គមស៊ីវិលធ្លាប់បានបង្ហាញទិន្នន័យរបស់ខ្លួនថា ចាប់តាំងពីដើមឆ្នាំ២០១៩ មក សកម្មជនសង្គម សកម្មជននយោបាយត្រូវជនមិនស្គាល់មុខលបវាយប្រហារបណ្តាលឲ្យមានរបួសជាបន្តបន្ទាប់ រហូតមានអ្នកខ្លះបាក់ដៃ បាក់ជើង បាក់ឆ្អឹងជំនីរ បែកក្បាល ជាដើម ខណៈសំណុំរឿងទាំងនោះមិនត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតវែកមុខរកជនដៃដល់ទាំងនោះឡើយ ទោះមានខ្សែវីដេអូតាមកាមេរ៉ាសុវត្ថិភាពបង្ហាញពីភិនភាគជនល្មើសទាំងនោះក៏ដោយ។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ធ្លាប់បានលើកឡើងថា មហិច្ឆតាមនុស្ស បើគ្មានច្បាប់គ្រប់គ្រងទេ គឺមិនខុសពីសត្វឡើយ ពួកគេតែងប្រើសាច់ដុំធំ ចង្កូមវែង ដើម្បីការពារអំណាច និងឥទ្ធិពលរបស់ពួកគេ។
លោក ស៊ឹង សែនករុណា លើកការប្រៀបធៀបថា សត្វដំរីដែលមានមាឌធំត្រូវតែយកច្រវាក់ទៅចង មិនមែនយកអំបោះទៅចងនោះទេ ដូច្នេះដូចមនុស្សដែលមានអំណាចត្រូវតែយកច្បាប់ដ៏រឹងមាំទៅចង ទើបអាចទប់ស្កាត់សកម្មភាពរំលោភបំពានសិទ្ធិមនុស្សនានារបស់ពួកគេមានប្រសិទ្ធភាព៕