នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា នេះ គឺជាសង្គ្រាមដែលមានរយៈពេល ៦ថ្ងៃហើយ ខណៈអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំក្នុងទម្រង់វាយសងសឹក។ សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស ប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សសរុបកើនដល់ប្រហែល ២៥០០នាក់ និងរបួសរាប់ពាន់នាក់ផ្សេងទៀត។
ខណៈអ៊ីស្រាអែល បានដាក់ពង្រាយកងកម្លាំងជាង ៣០ម៉ឺននាក់នៅតាមបណ្តោយព្រំប្រទល់តំបន់ Gaza ហើយមួយចំនួនកំពុងវាយចូលដែនដីនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ខណៈនេះ អ៊ីស្រាអែល កំពុងបន្តការវាយប្រហារតាមផ្លូវអាកាសយ៉ាងក្តៅគគុកទៅលើគោលដៅជាទីតាំងហេដ្ឋារចនាសម្ព័ន្ធមេបញ្ជាការ និងមជ្ឈមណ្ឌលធ្វើប្រតិបត្តិការរបស់ក្រុម Hamas នៅឯតំបន់ Gaza។
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល គឺជាការឆ្លើយតបចំពោះការឆ្មក់វាយលុកទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើលរបស់អ្នកប្រយុទ្ធ Hamas រាប់ពាន់នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អ៊ីស្រាអែល និយាយថា គេបានត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការវាយលុកតាមជើងគោកប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស នៅឯតំបន់ Gaza Strip។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Richard Hecht បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទ័ពកំពុងទន្ទឹងរង់ចាំបញ្ជាពីថ្នាក់ដឹកនាំនយោបាយ ថាតើនឹងសម្រេចចិត្តបែបណាអំពីលទ្ធភាពនៃការបើកប្រតិបត្តិការវាយលុកតាមជើងគោក។ រឿងនេះនៅមិនទាន់មានការសម្រេចច្បាស់លាស់នៅឡើយទេ ប៉ុន្តែកងទ័ពកំពុងតែត្រៀមរៀបចំរួចរាល់ហើយសម្រាប់ប្រតិបត្តិការជើងគោក។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា សមាជិកក្រុមភេរវកម្មហាម៉ាសទាំងអស់នឹងត្រូវសម្លាប់។ លោកសន្យាថា អ៊ីស្រាអែលនឹងកម្ទេចសមាជិកក្រុមនេះម្តងមួយៗឲ្យអស់។
ក្រោយពីការវាយឆ្មក់ទ្រង់ទ្រាយធំរបស់ពួកហាម៉ាស កងទ័ពអ៊ីស្រាអែលបានបន្តបាញ់ផ្លោងលើតំបន់ហ្កាហ្សា និងបិទខ្ទប់តំបន់នេះទាំងស្រុង។ អ៊ីស្រាអែលមានផែនការកម្ទេចចលនាហាម៉ាសឱ្យរលត់រលាយអស់។ ចំណែកខាងចលនាហាម៉ាស-ប៉ាឡេស្ទីន បានគំរាមសម្លាប់ចំណាប់ខ្មាំងទាំងអស់ដែលខ្លួនចាប់បាន ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។
នៅថ្ងៃនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីន បន្តបាញ់រ៉ុក្កែតជាច្រើនគ្រាប់សំដៅទៅកាន់ទីក្រុង Tel Aviv ជាការឆ្លើយតបចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដោយវាយចំគោលដៅលើជនស៊ីវិលនៅឯជំរំជនភៀសខ្លួនពីរកន្លែងក្នុងតំបន់ Gaza។
ក្នុងសារជាអក្សរផ្ញើទៅកាន់ក្រុមអ្នកកាសែត ក្រុម Hamas បាននិយាយថា កងពលតូច Al-Qassam បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់សំដៅទៅកាន់ទីក្រុង Tel Aviv។
ស្របពេលនេះ ប្រមុខការទូតសហរដ្ឋអាមេរិកបានទៅដល់អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុង Tel Aviv នេះដើម្បីបង្ហាញពីការសាមគ្គីភាពជាមួយនឹងអ៊ីស្រាអែល។
លោក Blinken ត្រូវបានទទួលស្វាគមន៍នៅព្រលានយន្តហោះទីក្រុង Tel Aviv ដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen។ មុនពេលឡើងយន្តហោះឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល លោក Blinken បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល។
លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនៅពីក្រោយអ៊ីស្រាអែលជានិច្ច។ លោកបន្តថា ក្រុងវ៉ាស៊ីនតោនគាំទ្រអ៊ីស្រាអែល គឺគ្រប់កាលៈទេសៈ ដោយធានាថាអ៊ីស្រាអែលនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីការពារខ្លួន។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Blinken នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្របពេលដែលអ៊ីស្រាអែល កំពុងបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើមលើតំបន់ Gaza ប្រឆាំងនឹងក្រុម Hamas ជាការសងសឹកចំពោះក្រុមហាម៉ាស-ប៉ាឡេស្ទីន។ លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសហ្សកដានី ដើម្បីបើកកិច្ចពិភាក្សាជាមួយមេដឹកនាំហ្សកដានី និងមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។
ប្រធានាធិបតីប៉ាឡេស្ទីន បានអំពាវនាវសុំបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល។ លោកសន្យាថា នឹងចរចាដើម្បីរកដំណោះស្រាយរួមគ្នា។
លោក Mahmoud Abbas ស្នាក់នៅនៅតំបន់ប៉ាឡេស្ទីនមួយទៀតហៅថា West Bank ខណៈតំបន់ Gaza ស្ថិតក្រោមការគ្រប់គ្រងរបស់ពួក Hamas តែក្នុងដែនដីប៉ាឡេស្ទីនទាំងមូល។
យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បាននិយាយថា កងកម្លាំងប្រទេសរបស់លោកទើបចាប់ផ្ដើមក្នុងការប្រយុទ្ធតតាំងនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Richard Hecht បាននិយាយថា សាកសពពួកសកម្មប្រយុទ្ធហាម៉ាសប្រហែល ១៥០០នាក់ត្រូវបានរកឃើញនៅក្នុងដែនដីអ៊ីស្រាអែល បន្ទាប់ពីពួកគេបានចូលលុកលុយកាលពីថ្ងៃសៅរ៍ ទី៧ តុលា សប្ដាហ៍មុន។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា អ៊ីស្រាអែលនឹងធ្វើការបិទខ្ទប់ទាំងស្រុងតំបន់ Gaza ដោយកាត់ផ្ដាច់លទ្ធភាពរបស់ដែនដីប៉ាឡេស្ទីន នៅក្នុងការទទួលបានអគ្គិសនី ម្ហូបអាហារ ទឹក និងឧស្ម័ន។
ចំណែកឯអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅបន្តអំពាវនាវសុំទៅភាគីទាំងពីរ បន្ថយកំហឹង ហើយរកពេលវេលាដើម្បីបញ្ឈប់សង្គ្រាម៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.
