អ្នកវិភាគលើកឡើងថា ទាំងមេដឹកនាំវៀតណាម ទាំងមេដឹកនាំចិន សុទ្ធតែកំពុងសង្ស័យអំពីភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត ចំពោះពួកគេដូចគ្នា ព្រោះថាទំនាក់ទំនងនយោបាយរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ចិន លោក ហ៊ុន ម៉ាណែត ត្រូវតែបិទបាំងទាំងសងខាង ត្បិតរដ្ឋាភិបាលកុម្មុយនីស្តចិន និងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានប្រកាន់គោលជំហរនយោបាយបញ្ច្រាសទិសគ្នាទាំងស្រុង។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ តុលា នេះថា នៅលើឆាកជាតិ និងឆាកអន្តរជាតិ លោក ហ៊ុន ម៉ាណែត ត្រូវប្រើប្រព័ន្ធផ្សព្វផ្សាយដែលខ្លួនគ្រប់គ្រង ជួយកុហកពលរដ្ឋថា គាត់កំពុងទទួលបានជោគជ័យលើកិច្ចការទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនយ៉ាងខ្លាំង ដោយបង្ហាញពីវត្តមានមេដឹកនាំចិន លោក ស៊ី ជីនពីង ស្និទ្ធស្នាលនឹងខ្លួន ព្រមទាំងបង្ហាញពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិនមួយចំនួន ជាដើម។
លោក គឹម សុខ លើកឡើងថា នៅពីក្រោយឆាក លោក ហ៊ុន ម៉ាណែត កំពុងប្រឈមនឹងចារកម្មយោធារបស់វៀតណាម ផង និងកម្លាំងពង្រីកភូមិសាស្ត្រនយោបាយក្នុងតំបន់របស់ចិន ផង ដូច្នេះលោក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំទើបនឹងឡើងកាន់អំណាចតាមជើងខោឪពុកនេះ មិនអាចបម្រើចៅហ្វាយពោរពេញដោយមហិច្ឆតាធំៗទាំងពីរដែលមានទិសដៅនយោបាយផ្សេងគ្នាក្នុងពេលតែមួយបានទេ។
ប្រធានវេទិកាពលរដ្ឋរូបនេះព្រមានថា ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តដឹកនាំនយោបាយបម្រើចៅហ្វាយកុម្មុយនីស្តដែលមានមហិច្ឆតាកេងចំណេញផលប្រយោជន៍ពីកម្ពុជាដូចសព្វថ្ងៃនេះ រដ្ឋាភិបាលថ្មីក្បាលធំរបស់លោក ហ៊ុន ម៉ាណែត មួយនេះ ច្បាស់ជាចៀសមិនផុតពីការដួលរលំឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយមេដឹកនាំវៀតណាមជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងសាងមិត្តភាពដែកថែបជាមួយចិនកាន់តែស៊ីជម្រៅទៅហើយនោះ។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ ធឿង (VO Van Thuong) អំឡុងពេលចូលរួមកិច្ចប្រជុំនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ។
ការជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាម នេះ ធ្វើឡើងមួយថ្ងៃក្រោយពីជំនួបរវាងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន បានជួបពិភាក្សាការងារដើម្បីបង្កើនភាពជិតស្និទ្ធ និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រទេស និងកងទ័ពទាំងពីរ អំឡុងពេលទស្សនកិច្ចរបស់លោកនៅប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ចំណងមិត្តភាពកម្ពុជា និងវៀតណាម បច្ចុប្បន្ននេះ គឺមានផលចំណេញសម្រាប់ប្រទេសវៀតណាមតែមួយគត់។ ជាក់ស្តែង ចាប់ពីកងទ័ពវៀតណាមលើកបន្តុបលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរបស់កម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៨៥ មក កម្ពុជាបានបាត់បង់ធនធានធម្មជាតិរបស់ខ្លួនទៅប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺព្រៃឈើ និងដីធ្លីរាប់សិបម៉ឺនហិកតារដែលក្រុមហ៊ុនវៀតណាមទទួលបានសិទ្ធិកាន់កាប់ពីរដ្ឋាភិបាលកម្ពុជារាប់សិបឆ្នាំសព្វថ្ងៃនេះ។
លោក ម៉ែន ណាត លើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន បានងាកទៅរកមហាមិត្តចិន ជាខ្នងបង្អែករបស់ខ្លួនវិញក្នុងបំណងឱ្យជួយគាំទ្រដល់កូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឱ្យកាន់អំណាចបន្តពីខ្លួន ប៉ុន្តែទំនាក់ទំនងនេះក៏មិនខុសពីទំនាក់ទំនងរវាងលោក ហ៊ុន សែន និងវៀតណាមកន្លងមកដែរ គឺកម្ពុជាត្រូវតែផ្តល់ផលប្រយោជន៍ឱ្យចិន ដូចដែលកម្ពុជាធ្លាប់ផ្តល់ផលប្រយោជន៍ឱ្យវៀតណាម ដូច្នេះដែរ។
លោកបញ្ជាក់ថា អ្វីដែលចិនត្រូវការពីកម្ពុជា គឺកម្ពុជាត្រូវតែធ្វើជាកូនអុកសម្រាប់ភូមិសាស្ត្រនយោបាយក្នុងតំបន់ឱ្យខ្លួន ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ដូច្នេះហើយបានជាចិនផ្តល់ការធ្វើទំនើបកម្មកសាងមូលដ្ឋានជើងទឹករាមដល់កម្ពុជានៅពេលនេះ។
លោកបន្ថែមថា ករណីនេះកម្ពុជាមិនទទួលបានផលចំណេញដល់ខ្លួនទេ គឺមានតែខាតបង់ប៉ុណ្ណោះ។ លើសពីនេះ គឺមានតែនាំភ្លើងសង្គ្រាមចូលមកក្នុងប្រទេសរបស់ខ្លួនថែមទៀត។
ចំណែកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា បក្សកុម្មុយនីស្តឥណ្ឌូចិនសម័យថ្មីដែលបន្តវេនពីមេដឹកនាំវៀតណាម លោក ហូ ជីមិញ នឹងខិតខំប្រែក្លាយកម្ពុជា វៀតណាម និងឡាវ ឱ្យទៅជាប្រទេសតែមួយ ក្រោមការគ្រប់គ្រងរបស់វៀតណាមនាពេលអនាគត។
លោក អ៊ុំ សំអាន លើកឡើងជាការប្រៀបធៀបថា ស្លឹកឈើពិតជាជ្រុះមិនឆ្ងាយពីគល់មែន ដែលលោកចង់មានន័យថា លោក ហ៊ុន ម៉ាណែត ដែលបានបន្តកាន់អំណាចពីលោក ហ៊ុន សែន ដែលជាឪពុក និងជាមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប កំពុងដឹកនាំប្រទេសកម្ពុជាឱ្យចំណុះប្រទេសវៀតណាម មិនខុសពីលោក ហ៊ុន សែន ដែលបានអនុវត្តនាពេលកន្លងមកនោះឡើយ៕