ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក ប៉ុន្តែស្នើឱ្យគណបក្សនេះត្រូវជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមរចនាសម្ព័ន្ធកំណត់ក្នុងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយជាកំណត់។
លិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលទើបតែផ្សព្វផ្សាយជាសាធារណៈ បានឲ្យដឹងថា ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សនេះបានសម្រេចនាពេលកន្លងទៅ។
លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានពិនិត្យ និងសម្រេចទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរក្រោក ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដែលបានសម្រេចជ្រើសតាំងលោក ឈឿង ចាន់ធឿន ជាប្រធានគណបក្សស្តីទី។
លិខិតដដែលបានបញ្ជាក់ថា ការទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក គឺដោយសារលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសតាមរយៈសាលក្រមលេខ៥៧៤ “ថ” ក្រ៦ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លើសំណុំរឿងព្រហ្មទណ្ឌកាលពីឆ្នាំ២០២១។
លិខិតដដែលថា គណបក្សខ្មែរក្រោកត្រូវជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមរចនាសម្ព័ន្ធកំណត់ក្នុងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយជាកំណត់។
គណបក្សខ្មែរក្រោក ហាក់មានជម្លោះផ្ទៃក្នុងបក្សរហូតលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង ដែលកំពុងជាប់ឃុំនៅពន្ធនាគារ បានចោទលោក ឈឿង ចាន់ធឿន ថាកំពុងធ្វើបក្សប្រហារ។ លោក វីល្លាម ហ្គ័ង អះអាងពីក្នុងពន្ធនាគារថា ប្រធានស្ដីទីគណបក្សខ្មែរក្រោក បច្ចុប្បន្នគឺលោក មាស សុភ័ក្ត្រ ដែលលោកបានចុះហត្ថលេខាប្រគល់សិទ្ធិឱ្យដឹកនាំគណបក្ស។
ការលើកឡើងនេះ បន្ទាប់ពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ និយាយជាសារសំឡេងជិត ៤នាទីចេញពីពន្ធនាគារ ផ្ញើទៅសមាជិកសមាជិការបស់ខ្លួនជុំវិញរឿងទំនាស់ផ្ទៃក្នុងនៅគណបក្សខ្មែរក្រោក។
សារសំឡេងនោះ លោកក៏បានទម្លាយឈ្មោះបុគ្គលម្នាក់ដែលកំពុងដឹកនាំគណបក្សខ្មែរក្រោកថាបានកិបកេងថវិការដ្ឋអំឡុងពេលបំពេញការងារនៅលេខាធិការឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរ។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារប្រកាសប្ដឹងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ករណីដែលលួចប្រើទូរសព្ទ និងបញ្ចេញសារនយោបាយពីក្នុងពន្ធនាគារកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លើបណ្ដាញសង្គម TikTok។
ក្រៅពីប្ដឹងហើយ អគ្គនាយកដ្ឋានពន្ធនាគារថាខ្លួននឹងដាក់ពិន័យលើលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលជាប្រធានស្តីទីគណបក្សខ្មែរក្រោក ឲ្យនៅក្នុងបន្ទប់ដាក់វិន័យ ដោយហាមប្រើប្រាស់ទូរសព្ទអចល័ត និងមិនអនុញ្ញាតឲ្យជួបសួរសុខទុក្ខជាមួយញាតិមិត្តខាងក្រៅរយៈពេល ២សប្ដាហ៍។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបន្ទាប់ពីប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសប្រធានគណបក្សខ្មែរក្រោកលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកដាក់ពន្ធនាគារចន្លោះពី ៦ទៅ ៩ឆ្នាំ ពាក់ព័ន្ធនឹងករណីប្លន់៕