ចលនាមាតាធម្មជាតិ ចាត់ទុកតំបន់អភិរក្សសត្វព្រៃព្រៃឡង់ ដែលរដ្ឋាភិបាលកម្ពុជាជួលទៅឱ្យក្រុមហ៊ុនចិន Late Cheng Mining Development ដើម្បីរុករករ៉ែមាសសព្វថ្ងៃនេះ គឺជាតំបន់អភិរក្សដែលឥតន័យ ព្រោះថាតំបន់នេះមិនបានផ្តល់ផលប្រយោជន៍ឱ្យកម្ពុជា និងពលរដ្ឋខ្មែរទេ តែបែរជាផ្តល់ការគំរាមកំហែងដល់ប្រជាពលរដ្ឋ និងបរិស្ថានទៅវិញ។
ចលនាមាតាធម្មជាតិ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះថា ដែនជម្រកសត្វព្រៃព្រៃឡង់ទំហំជាង ៤សែនហិកតារ ត្រូវបានដាក់ជាតំបន់ការពារដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦ ប៉ុន្តែដែនជម្រកសត្វព្រៃមួយនេះមិនត្រូវបានការពារតំបន់ព្រៃឡង់ពីការបំផ្លិចបំផ្លាញឡើយ ព្រោះថាសព្វថ្ងៃនេះ ដែនជម្រកសត្វព្រៃមួយនេះកំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារការកាប់បំផ្លាញឈើខុសច្បាប់ ការរុករករ៉ែថ្មកំបោរ និងការបរបាញ់សត្វខុសច្បាប់ ជាដើម ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋនៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលលើកឡើងថា ប្រសិនបើក្រុមហ៊ុនចិន Late Cheng Mining Development ប្រើប្រាស់សារធាតុគីមីស្យានីត (Cyanide) សម្រាប់ចម្រាញ់រ៉ែមាសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដូចរបាយការណ៍ស្រាវជ្រាវរបស់មូលនិធិ Bruno Manser Fonds មែននោះ គឺកំពុងបង្កគ្រោះថ្នាក់បំផុតសម្រាប់បរិស្ថាន និងជីវិតមនុស្ស ព្រោះថាប្រសិនបើសារធាតុគីមីទាំងនោះធ្លាយចូលទៅក្នុងទឹកស្ទឹងជីនិត ដែលជាកន្លែងក្រុមហ៊ុនកំពុងទាញយករ៉ែមាសនោះ ជីវិតមនុស្ស សត្វ និងជីវចម្រុះដែលរស់នៅក្នុងស្ទឹងនេះ នឹងមានគ្រោះថ្នាក់ដោយចៀសពុំរួចឡើយ។
ចលនាមាតាធម្មជាតិ អះអាងថា ចាប់តាំងពីក្រុមហ៊ុនចិនទទួលបានសិទ្ធិរុករករ៉ែកាលពីឆ្នាំ២០២០ មក ពួកគេមិនបានធ្វើការផ្សព្វផ្សាយអំពីរបាយការណ៍ស្ដីពីផលប៉ះពាល់បរិស្ថានជុំវិញគម្រោងរបស់គេឡើយ ទោះបីជាក្រុមហ៊ុនបានអះអាងថា ខ្លួនបានធ្វើការសិក្សាអំពីហេតុដែលនាំឱ្យប៉ះពាល់បរិស្ថាននាពេលកន្លងមកក៏ដោយ ខណៈរដ្ឋាភិបាលក៏មិនបានទាមទារឱ្យក្រុមហ៊ុនខាងលើផ្សព្វផ្សាយអំពីរបាយការណ៍ស្ដីពីផលប៉ះពាល់ចំពោះបរិស្ថានជុំវិញគម្រោងរបស់គេដែរ។
ប្រភពខាងលើបង្ហាញថា ប្រធានក្រុមហ៊ុនចិន Late Cheng Mining Development Co Ltd គឺលោក Zhao Ing Ming ជាជនជាតិចិន និងជនជាតិចិន ៣នាក់ផ្សេងទៀតដែលបានចូលសញ្ជាតិខ្មែរតាមរយៈភរិយារបស់លោក Zhao Ing Ming គឺអ្នកស្រី សឿន ពិសី មានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងអង្គរក្សលោក ហ៊ីង ប៊ុនហៀង យ៉ាងជិតស្និទ្ធបំផុតសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍មួយរបស់មូលនិធិ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានលាតត្រដាងពីផលប៉ះពាល់ពីការរុករករ៉ែមាសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ពីសំណាក់ក្រុមហ៊ុនចិន ដែលបានប្រើប្រាស់សារធាតុគីមីសម្រាប់ចម្រាញ់រ៉ែមាសសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វីស Bruno Manser Fonds បានលាតត្រដាងរបាយការណ៍ស៊ើបអង្កេតដែលពួកគេបានចងក្រងជាង ៨០ទំព័រ អំពីផលប៉ះពាល់ចំពោះបរិស្ថានក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលក្រុមហ៊ុន Late Cheng Mining Development កំពុងតែអភិវឌ្ឍលើអណ្ដូងរ៉ែមាសខ្នាតធំចំនួនពីរ នៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រោយរដ្ឋាភិបាលកម្ពុជាចេញអាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចិនមួយនេះធ្វើសកម្មភាពរុករករ៉ែក្នុងដែនជម្រកសត្វព្រៃព្រៃឡង់សព្វថ្ងៃនេះ។
អង្គការអន្តរជាតិខាងលើ ព្រមានថា ក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិរុករករ៉ែមាសក្នុងដែនជម្រកសត្វព្រៃឡង់ពីរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ មិនត្រឹមតែជីកយករ៉ែមាស និងរ៉ែថ្មកំបោរទេ ថែមទាំងកាប់ឈើខុសច្បាប់ និងធ្វើសកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ថែមទៀត ដែលសកម្មភាពទាំងនេះកំពុងបង្កការគំរាមកំហែងដល់ព្រៃឈើ សត្វព្រៃ និងជីវិតរបស់ប្រជាជនក្នុងតំបន់នោះយ៉ាងធ្ងន់ធ្ងរ។
ព្រៃឡង់មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតារ គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង ដែលជាព្រៃធំជាងគេនៅកម្ពុជា និងត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦ ក្នុងនោះ ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់ចេញលិខិតដាក់ផ្ទៃដីជាង ១ម៉ឺនហិកតារ (១៥១០០ហិកតារ) ដែលភាគច្រើនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីអំឡុងខែមីនា ឆ្នាំ២០២០ កន្លងទៅផងដែរ សម្រាប់ទទួលក្រុមហ៊ុនណាដែលមានបំណងទៅវិនិយោគលើការរុករករ៉ែនៅលើទឹកដីកម្ពុជា។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ក្រុមហ៊ុន Late Cheng Mining Development ត្រូវបានគ្រប់គ្រងដោយជនជាតិចិន ចំនួន ៤នាក់គឺលោក Dong Shuangyong លោក Feng Zhirong លោក Yin Guozhong និងលោក Zhao Ying Ming ដែលមានសិទ្ធិរុករករ៉ែមាសលើផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា (១៥១គីឡូម៉ែត្រក្រឡា) នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលក្រុមហ៊ុននេះបានចំណាយទឹកប្រាក់ចំនួន ១៣លានដុល្លារអាមេរិក ដើម្បីធ្វើសកម្មភាពរុករករ៉ែរយៈពេល ១៥ឆ្នាំ៕