សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា កំណត់គោលដៅដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។
សារព័ត៌មានអន្តរជាតិ The Diplomat បានចេញផ្សាយអំពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លេស កាលថ្ងៃចន្ទដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា សម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពមួយចំនួនដែលរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការឆបោកក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៅទីក្រុងឆ្នេរសមុទ្រខេត្តព្រះសីហនុ និងក្រុងបាវិត ជាប់ព្រំដែនប្រទេសវៀតណាម ជាដើម។
សេចក្តីថ្លែងការណ៍ដដែលនេះអះអាងថា ការដាក់ទណ្ឌកម្មនេះបានកំណត់គោលដៅបុគ្គលចំនួន ៩នាក់ និងអង្គភាពចំនួន ៥ សម្រាប់ការចូលរួមរបស់ពួកគេក្នុងការជួញដូរមនុស្សដែលភ្ជាប់ទៅនឹង “កសិដ្ឋានបោកប្រាស់“ តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ឡាវ និងភូមា ដែលត្រូវបានបង្ខំឱ្យជនរងគ្រោះធ្វើការជាអ្នកបោកប្រាស់ និងការទទួលរងនូវការធ្វើទារុណកម្ម ការរំលោភបំពានលើរាងកាយ និងការដាក់ទណ្ឌកម្មដ៏ឃោរឃៅយ៉ាងអមនុស្សធម៌ជាទីបំផុត។
ប្រភពដដែលបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron នឹងមិនអត់ឱនឱ្យឧក្រិដ្ឋជន និងរបបដឹកនាំដែលធ្វើការគាបសង្កត់ ជាន់ឈ្លីលើសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សសាមញ្ញនៅជុំវិញពិភពលោកជាដាច់ខាត សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំដែលកំពុងប្រតិបត្តិការក្នុងប្រទេសឡាវ កម្ពុជា និងភូមា សព្វថ្ងៃនេះ។
ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងស្របពេលដែលគេរកឃើញថា ឧក្រិដ្ឋកម្មធំៗនៅកម្ពុជាកំពុងកើនឡើងយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ។
កាលពីដើមខែសីហា ឆ្នាំ២០២៣ ខ្សែភាពយន្តខ្នាតធំរបស់ចិនឈ្មោះ No More Bets ដែលមានន័យថា សូមបញ្ឈប់ការភ្នាល់ បានធ្វើឱ្យអ្នកទស្សនាមានការភ័យខ្លាច និងមិនហ៊ានទៅលេងប្រទេសកម្ពុជា ព្រោះតែខ្សែភាពយន្តមួយនេះបានបញ្ជាក់ជាភាសាអង់គ្លេសថា Base On Real Case ដែលមានន័យថា ផ្អែកតាមរឿងពិត ១សែនករណីនៃអំពើជួញដូរមនុស្ស និងការបោកប្រាស់ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។
ទាក់ទិននឹងខ្សែភាពយន្តនេះ សារព័ត៌មានបរទេសឈ្មោះ NINEI ASIA បានចុះផ្សាយថា បន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តនេះ ការស្ទង់មតិមួយដែលធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនឈ្មោះ Sina Weibo បានសួរអ្នកដែលបានទស្សនាខ្សែភាពយន្តនេះថា តើពួកគេហ៊ានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសភូមា ដែរឬទេ ក្នុងនោះមានតែមនុស្សជាង ៣ពាន់នាក់ប៉ុណ្ណោះ (៣៧៧៨នាក់) ដែលបាននិយាយថាពួកគេហ៊ានទៅ ប៉ុន្តែមនុស្សប្រមាណជិត ២សែននាក់ផ្សេងទៀត (១៨១០០០នាក់) បានឆ្លើយថា ពួកគេមិនហ៊ានទៅទេ ក្រោមហេតុផលថា វាជារឿងគ្រោះថ្នាក់បំផុត។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍របស់ខ្លួនថា អំពើឆបោកតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដោយមានជនរងគ្រោះប្រមាណ ១សែននាក់ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ ប៉ុន្តែតួលេខនេះត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចេញផ្សាយជាវីដេអូរយៈពេលជាង ៤០នាទី ដែលមានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» ដោយក្នុងវីដេអូនោះបានរៀបរាប់យ៉ាងច្រើនពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិន នៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាដែលធ្វើឡើងជាប្រព័ន្ធ ជាពិសេសគឺមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែម្តង។
ជាងនេះទៀត សារព័ត៌មាន Taipei Times បានចុះផ្សាយកាលពីចុងឆ្នាំ២០២២ ថា នគរបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ បានសន្និដ្ឋានថាមានជនជាតិចិនតៃវ៉ាន់ ចន្លោះពី ២ពាន់នាក់ទៅ ៥ពាន់នាក់ ត្រូវបានរងគ្រោះដោយសារអំពើជួញដូរនៅក្នុងប្រទេសកម្ពុជា ក្នុងនោះជនជាតិចិនតៃវ៉ាន់ ដែលត្រូវបានជួយសង្គ្រោះពីការឃុំឃាំងនៅកម្ពុជា បានអះអាងថា ពួកគេបានរងការវាយធ្វើបាបតាមមធ្យោបាយផ្សេងៗ ដោយក្រុមឧក្រិដ្ឋជននៅក្នុងសណ្ឋាគារមួយចំនួនក្នុងខេត្តព្រះសីហនុ។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក កាលពីចុងឆ្នាំ២០២២ បានបញ្ចេញរបាយការណ៍របស់ខ្លួនស្ដីពីការជួញដូរមនុស្ស ដោយបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) ដែលបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរនៅឡើយសព្វថ្ងៃនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.
