អភិបាលស្រុកគូលែន ខេត្តព្រះវិហារ ព្រមានចាត់វិធានការច្បាប់លើពលរដ្ឋជាង ១០០គ្រួសារ ដោយចោទថាពួកគេចូលទន្ទ្រានដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែលមានផ្ទៃដីទំហំជាង ៦ពាន់ហិកតារ ក្នុងស្រុកគូលែន ប្រសិនបើពួកគេមិនរើលំនៅឋានចេញឱ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះទេនោះ។
អភិបាលស្រុកគូលែន បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាននៅថ្ងៃទី១៨ ធ្នូ នេះ ឲ្យដឹងថា ពលរដ្ឋជាង ១០០គ្រួសារ (១៣១គ្រួសារ) ដែលកំពុងប្រើប្រាស់ដី និងអាស្រ័យផលដាំដុះដំណាំ ដូចជា ដំឡូង ពោត ស្រូវ ជាដើម យ៉ាងអនាធិបតេយ្យក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សីលាដាម៉ិច ដែលមានទំហំជាង ៦ពាន់ហិកតារ (៦៣៧៨,៤៦ហិកតារ) សព្វថ្ងៃនេះ គឺជាទង្វើខុសច្បាប់ធ្ងន់ធ្ងរ។
រដ្ឋបាលស្រុកគូលែន ដាស់តឿនឱ្យប្រជាពលរដ្ឋទាំង ១៣១គ្រួសារ ត្រូវប្រញាប់រុះរើផ្ទះ ខ្ទម និងប្រមូលផលដំណាំដែលបានដាំដុះនៅលើទីតាំងដីនេះដោយខ្លួនឯង រួចចាកចេញពីទីតាំងដីនេះជាបន្ទាន់ ព្រោះថារដ្ឋបាលស្រុកទុកពេលតែ ៣០ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ជាកំហិត។
ចាប់តាំងពីដើមឆ្នាំ២០២២ មក ប្រជាពលរដ្ឋដែលបានរស់នៅ និងកាន់កាប់ដីដែលខ្លួនអាស្រ័យផលជាក់ស្តែង ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយផ្ទះពលរដ្ឋជាបន្តបន្ទាប់ ក្រោមលេសថា ប្រជាពលរដ្ឋទាំងនោះរស់នៅ និងអាស្រ័យផលលើដីរបស់ក្រុមហ៊ុន «សីលាដាម៉ិច» ដោយខុសច្បាប់។
ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ និងមានដីសរុប ៦៤៩ហិកតារ នៅភូមិក្ដាក់ ឃុំត្បែងពីរ និងភូមិម្រេច ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បាននាំគ្នាដាក់ញត្តិនៅរដ្ឋសភាកម្ពុជា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ដើម្បីសុំឱ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនពួកគេ។
ខ្លឹមសារក្នុងញត្តិនោះ បានរៀបរាប់ថា នៅអំឡុងឆ្នាំ២០២២ កម្លាំងអាជ្ញាធរចម្រុះដឹកនាំដោយអភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានបញ្ជាកម្លាំង និងគ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋអស់ប្រហែល ៦០ខ្នង និងផលដំណាំប្រហែល ៤៥០ហិកតារអស់គ្មានសល់ ហើយបានបណ្តេញពលរដ្ឋចេញពីលំនៅ និងបានគំរាមប្តឹង និងចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។
ជុំវិញបញ្ហានេះ ប្រធានក្រុមហ៊ុន សីលាដាម៉ិច លោក សំណាង សីម៉ា ធ្លាប់អះអាងថា ក្រុមហ៊ុនរបស់លោកបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅឆ្នាំ២០០៩ លើផ្ទៃដីទំហំ ៩០០០ហិកតារ ដើម្បីធ្វើការអភិវឌ្ឍដាំកៅស៊ូ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
យ៉ាងណាក៏ដោយ ទិន្នន័យសង្គមស៊ីវិលបានបង្ហាញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋធ្ងន់ធ្ងរកន្លងមក ជាពិសេសសិទ្ធិទទួលបានការកាន់កាប់ដីធ្លី និងបញ្ចេញមតិតែម្តង ខណៈពលរដ្ឋដែលរស់នៅទីនោះ ក៏បានអះអាងដែរថា អ្នកភូមិបានចូលទៅរស់នៅ និងអាស្រ័យផលលើដីកំពុងមានជម្លោះនេះតាំងពីឆ្នាំ២០១២ មក បានបង្កបង្កើនផលដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើស្រែ និងដំណាំផ្សេងៗទៀត មិនដែលមានបញ្ហាអ្វីទេ ប៉ុន្តែនៅដើមឆ្នាំ២០២២ ស្រាប់តែអាជ្ញាធរខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយផ្ទះពលរដ្ឋ និងផលដំណាំរបស់ពួកគាត់ ដោយគ្មានការផ្តល់ដំណឹងជាមុន ក្រោមលេសថា ពួកគាត់កំពុងរស់នៅលើដីខុសច្បាប់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុកគូលែន ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំជាមួយតំណាងពលរដ្ឋទាំង ១៣១គ្រួសារដែរ ដូចជា លោក ហួន ប៊ុនឈឿន លោក តូ បោន លោក ឃ្លាក លាំ និងលោក លូត សាឡា ជាដើម ដោយណែនាំឱ្យពួកគេចាកចេញពីដីនោះជាបន្ទាន់ បើមិនដូច្នោះទេ រដ្ឋបាលស្រុកគូលែន អនុវត្តវិធានការច្បាប់បណ្ដេញពួកគេចេញឱ្យខាងតែបាន៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.
