មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្តអំពាវនាវឱ្យសកម្មជននយោបាយដែលកំពុងភៀសខ្លួនជ្រកកោនក្នុងទឹកដីថៃ ចេញធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយបក្សប្រឆាំងដែលត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនក្រោមផែនការគណបក្សប្រជាជនកម្ពុជាផង និងដើម្បីជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងរស់នៅដោយភៀសខ្លួនក្នុងទឹកដីថៃ លោក ម៉េង សុធារ៉ា បានលើកឡើងថា ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ កុម្ភៈ នេះថា ការចាប់ខ្លួនសកម្មជននយោបាយបក្សប្រឆាំងដែលរត់ភៀសខ្លួនទៅជ្រកកោនក្នុងទឹកដីថៃ នៅពេលនេះ មិនមែនដោយសារអ្នកទាំងនោះបង្កចលាចលណាមួយដែលខុសទៅនឹងច្បាប់របស់ប្រទេសថៃ ទេ ប៉ុន្តែគឺជាផែនការរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលអនុវត្តកម្ចាត់សកម្មជននយោបាយបក្សប្រឆាំងតាមរយៈអាជ្ញាធរថៃ តែប៉ុណ្ណោះ។
លោក ម៉េង សុធារ៉ា អះអាងថា មុនពេលឈានដល់ការចាប់ខ្លួន លោក ហ៊ុន សែន បានប្រើអតីតសកម្មជនបក្សប្រឆាំងដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដូចជា លោក ញឹម គឹមញ៉ុល អនុប្រធានគណបក្សប្រឆាំងខេត្តព្រះសីហនុ អ្នកស្រី វង់ រ៉ានី និងស្វាមីរបស់គាត់ និងអ្នកស្រី ប៉ីប៉ី លី ផងដែរ ឱ្យទៅបង្កប់ខ្លួនដើម្បីទាក់ទងសកម្មជននយោបាយបក្សប្រឆាំងក្នុងទឹកដីថៃ និងស៊ើបការណ៍ពីសកម្មជននយោបាយទាំងនោះថែមទៀត។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ជនបង្កប់ទាំងបីនាក់នេះបានធ្វើសកម្មភាពទាក់ទងសកម្មជននយោបាយបក្សប្រឆាំងស៊ើបការណ៍ពីសកម្មជននយោបាយដែលកំពុងភៀសខ្លួន និងបញ្ចុះបញ្ចូលសកម្មជននយោបាយទាំងនោះឱ្យចុះចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីចងក្រងជាកម្លាំងនៅក្នុងទឹកដីថៃ ក្នុងការទប់ស្កាត់កុំឱ្យមានការធ្វើបាតុកម្មពីសកម្មជននយោបាយទាំងនោះ នៅពេលដែលមានវត្តមាននាយករដ្ឋមន្ត្រីខ្មែរទៅទស្សនកិច្ចនៅប្រទេសថៃ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៧ កុម្ភៈ នេះ តបតាមការអញ្ជើញរបស់លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ សម្រាប់ជាគន្លឹះ និងជាប្រយោជន៍របស់ធុរជនកម្ពុជា-ថៃ ព្រមទាំងគ្រោងនឹងជួបពិភាក្សាការងារជាមួយលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផងដែរ។
យ៉ាងណាក៏ដោយ មុននឹងដំណើរទស្សនកិច្ចនេះមកដល់ សកម្មជននយោបាយដែលកំពុងរត់ភៀសខ្លួនជ្រកកោនក្នុងទឹកដីថៃ ដើម្បីគេចចេញពីការចាប់ខ្លួនរបស់រដ្ឋាភិបាលក្រោមបង្គាប់គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះដែរ ប៉ុន្តែជាអកុសល ពួកគេត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនកាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅដែលការចាប់ខ្លួននេះត្រូវគេមើលឃើញថា ធ្វើឡើងក្រោមរបៀបវារៈនយោបាយដែលជាការសហការគ្នារវាងមេដឹកនាំនយោបាយថៃ និងមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន។
ជុំវិញបញ្ហានេះ សកម្មជននយោបាយដែលកំពុងរស់នៅក្នុងប្រទេសថៃ ជាច្រើន បានចេញមុខអំពាវនាវលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៦ កុម្ភៈ នេះថា ក្នុងនាមពួកគេទាំងអស់គ្នាជាពលករ ជាសិស្សនិស្សិត និងជាជនភៀសខ្លួននយោបាយ ជាសកម្មជនអង្គការសង្គមស៊ីវិលខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ សូមអំពាវនាវដល់អ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងទឹកដីថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ប្រភពពីសកម្មជនទាំងនេះ បានស្នើឱ្យអាជ្ញាធរ និងរដ្ឋាភិបាលថៃ ដោះលែងអ្នកទោសនយោបាយជាប់ឃុំទាំងអស់ដោយឥតលក្ខខណ្ឌ ព្រោះអ្នកទាំងនោះសុទ្ធតែជាជនភៀសខ្លួននយោបាយពីប្រទេសកម្ពុជា ដែលរងនូវការធ្វើទុក្ខបុកម្នេញពីរបបផ្ដាច់ការត្រកូល ហ៊ុន ដើម្បីសុំសិទ្ធិជ្រកកោននយោបាយពីអង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសថៃ សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា មុននឹងឈានដល់ការចាប់ខ្លួនសកម្មជននយោបាយនៅក្នុងប្រទេសថៃ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានប្រើលេសទម្លាក់កំហុសទៅលើគណបក្ស Move Forward (គណបក្សកៅក្លៃ) របស់ថៃ តាមរយៈអង្គការសង្គមស៊ីវិលដែលគាត់បានរៀបចំទុក ឱ្យប្តឹងទៅរដ្ឋាភិបាលដោយចោទថា គណបក្សនេះបានបណ្តុះបណ្តាលសកម្មជននយោបាយប្រឆាំងដែលកំពុងភៀសខ្លួនរស់នៅលើទឹកដីថៃ ឱ្យប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
ប្រភពដដែលបញ្ជាក់ថា ការធ្វើបែបនេះគឺមានចេតនាខ្ចីដៃអាជ្ញាធរថៃ បោសសម្អាតសកម្មជនទាំងនោះឱ្យអស់ពីទឹកដីថៃ តែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានអះអាងកាលពីពេលថ្មីៗនេះថា សំណើខាងលើនេះទំនងជាធ្វើឡើងតាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងលោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងមានសិទ្ធិវិលចូលឆាកនយោបាយថៃ វិញនៅពេលនេះ។
លោក គឹម សុខ បញ្ជាក់ថា ករណីនេះក៏អាចជាសេណារីយ៉ូនយោបាយរវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែរ ព្រោះថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចកម្ចាត់គូប្រជែងនយោបាយរបស់ខ្លួនក្នុងគណបក្សកៅក្លៃ ចំណែកលោក ហ៊ុន សែន ក៏អាចកម្ចាត់សកម្មជនប្រជាធិបតេយ្យខ្មែរដែលកំពុងជ្រកកោនក្នុងទឹកដីថៃ សព្វថ្ងៃនេះដែរ ដែលពួកគេទទួលបានប្រយោជន៍ពីសេណារីយ៉ូនេះដូចគ្នា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
