នៅភូមា របបសឹកភូមា ដាក់ច្បាប់កាតព្វកិច្ចយោធាចាប់បង្ខំយុវជន។ ច្បាប់ថ្មីនេះ សូម្បីតែស្ត្រីភេទក៏តម្រូវឲ្យយុវជនភូមា ទាំងប្រុសទាំងស្រីចាប់ពីវ័យ ១៨ឆ្នាំ ត្រូវបំពេញករណីយកិច្ចយោធាយ៉ាងតិចរយៈពេលចំនួន ២ឆ្នាំ។
ច្បាប់កាតព្វកិច្ចយោធានេះ ប្រកាសភ្លាម ហើយចូលជាធរមានភ្លាមតែម្តងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មានភូមា ឈ្មោះ Myanmar Now ចុះផ្សាយកាលពីថ្ងៃទី១១ កុម្ភៈ។
បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃរបបសឹកភូមា ក្រសួងការពារជាតិ ត្រូវផ្សព្វផ្សាយលម្អិតអំពីបទដ្ឋាន និងបែបបទណែនាំការចូលបម្រើកងទ័ព ប៉ុន្តែរបបសឹកភូមា នៅពុំទាន់ឲ្យដឹងអំពីកាតព្វកិច្ចយោធា ថាតម្រូវឲ្យពួកយុវជនត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះនៅឡើយទេ។
អ្នកនាំពាក្យរបបសឹកភូមា លោក Zaw Min Tun បានឱ្យដឹងថា ប្រព័ន្ធយោធាសម្រាប់ជាតិមួយនេះតម្រូវឲ្យរួមបញ្ចូលកម្លាំងពលរដ្ឋទាំងអស់គ្នា ដើម្បីទប់ទល់នឹងស្ថានការណ៍ជាក់ស្តែងដែលប្រទេសជាតិភូមា កំពុងតែប្រឈមមុខ។
ពួកយោធាភូមា បានប្លន់អំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ គិតមកដល់ថ្ងៃនេះ ចូលដល់ឆ្នាំទី៤ ហើយ។ ចាប់ពីរបបសឹកឡើងកាន់អំណាចមក ប្រជាជនភូមា ទាំងប្រុសទាំងស្រីបានងើបឡើងប្រឆាំងរបបសឹកនេះនៅទូទាំងប្រទេស។
ហេតុអ្វីបានជារបបសឹកនៅភូមា នៅពេលនេះ ចាប់បង្ខំយុវជនឲ្យចូលបម្រើកងទ័ពនៃរបបរបស់ខ្លួន?
បើតាមស្ថានការណ៍ជាក់ស្ដែង របបសឹកកំពុងតែទន់ដៃប្រឈមប្រយុទ្ធនឹងចលនាតស៊ូរំដោះជាតិដែលជាកងកម្លាំងសម្ព័ន្ធយោធាចំនួនបីរួមគ្នា ហើយភាគច្រើនជាជនជាតិភាគតិចប្រដាប់អាវុធរួមនឹងកម្លាំងរដ្ឋាភិបាលស្រមោលដែលពួកយោធាប្លន់អំណាច។ សម្ព័ន្ធយោធានេះបានវាយប្រហារដណ្តើមកាន់កាប់យកទីតាំងយុទ្ធសាស្ត្របានជិត ៤០ទីតាំងដ៏សំខាន់របស់របបសឹក ទាំងនៅប៉ែកខាងជើងប្រទេស តាមព្រំដែនឥណ្ឌា និងតាមព្រំដែនប្រទេសចិន ដែលសុទ្ធសឹងជាតំបន់ពាណិជ្ជកម្មភូមា នាំទំនិញចេញទៅចិន និងឥណ្ឌា។
ស្របពេលដែលក្រុមប្រឆាំងវាយកាន់កាប់បានទីតាំងឈរជើងកាន់តែច្រើនឡើងៗ ពួកយោធាភូមា មួយចំនួនបានរត់ចោលជួរ ហើយខ្លះទៀតរត់ចូលទឹកដីឥណ្ឌា និងទឹកដីចិន រហូតមានទាំងឧត្តមសេនីយ៍ទៀតផង។ នាពេលថ្មីៗនេះ ពួកយោធាចាប់ខ្លួនឧត្តមសេនីយ៍ ៦រូប ហើយ ៣រូបកាត់ទោសប្រហារជីវិត ព្រោះតែដឹកនាំទ័ពចុះចូលក្រុមប្រឆាំង និងរត់ចោលសមរភូមិ។
តាមប្រភពព័ត៌មានរបស់ភូមា កងទ័ពភូមាកំពុងតែបាក់ទឹកចិត្តប្រយុទ្ធដែលរាប់តាំងពីទាហានថ្នាក់តូចដល់នាយយោធាថ្នាក់ខ្ពស់។
ប្រទេសភូមា ធ្លាក់ក្នុងសង្គ្រាមស៊ីវិលភ្លាមៗក្រោយពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការបិទបញ្ចប់សម័យកាលប្រជាធិបតេយ្យមានអាយុត្រឹម ៥ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកប្រជាធិបតេយ្យ អ្នកស្រី អ៊ុងសាន ស៊ូជី។
ក្នុងអន្តរកាលនេះ សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងសមាគមអាស៊ាន នៅតែបង្ខំឱ្យពួកយោធាអនុវត្តគោលការណ៍ប្រាំចំណុចនៃមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅចំពោះមុខមេរដ្ឋប្រហារឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
ផែនការប្រាំចំណុចនេះរួមមាន បង្ខំឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់មានទាំងអ្នកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ដ្រីការបរទេស និងជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងប្រធានាធិបតី មីនម្យីន។ អ្នកទោសនយោបាយដែលពួកយោធាចាប់ឃុំខ្លួនយ៉ាងតិចមាន ៣០០នាក់។ ចំណែកអ្នកស្រី អ៊ុងសាន ស៊ូជី មានទោសជាង ៣០ឆ្នាំ ។ នៅពេលនេះ អ្នកស្រីស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះមួយនៅជាយទីក្រុងណៃពិដោរ នៅពេលដែលអ្នកទោសនយោបាយរាប់រយទៀតឃុំខ្លួននៅក្នុងគុក។ ប្រជាជនភូមា ដែលស្រឡាញ់សន្តិភាពប្រជាធិបតេយ្យ ជាពិសេសគឺយុវជន សម្រុកកាន់អាវុធជាមួយនឹងក្រុមប្រឆាំងរបបសឹក។
នៅពេលដែលយុវជនភាគច្រើនចូលរួមប្រឆាំងនឹងរបបសឹកនេះ គេសង្កេតឃើញថារបបសឹកកំពុងតែបាត់បង់កម្លាំងប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង ព្រោះតែយុវជនលែងគាំទ្ររបបនេះ លើកលែងតែយុវជននៃគ្រួសារបក្សពួករបស់របបសឹកតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍ អ្នកវិភាគ មើលឃើញថា ចាប់ពីថ្ងៃនេះតទៅ មិនរំពឹងថាយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពតាមច្បាប់ចាប់បង្ខំនេះនោះទេ ព្រោះថាសង្គ្រាមស៊ីវិលមិនត្រឹមតែនៅតាមព្រំដែននោះទេ គឺកំពុងតែផ្ទុះខ្លាំងសូម្បីតែនៅទីក្រុងក្បែរទីតាំងបញ្ជាការដ្ឋានធំៗខាងពួកយោធា ក៏មានការពើបប្រយុទ្ធគ្នាផងដែរ។ កម្លាំងយុវជន ការពិតរង់ចាំតែឱកាសមកដល់ដើម្បីផ្ដួលរំលំរបបសឹកតែប៉ុណ្ណោះ។
ក្នុងអំឡុងប្រទេសកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលនេះ រដ្ឋអំណាចភូមាបានគាបសង្កត់លើក្រុមអ្នកប្រឆាំង បានបណ្តាលឲ្យមនុស្សយ៉ាងហោច ៦០០០នាក់ស្លាប់ ជាង ២៦០០០នាក់ត្រូវចាប់ឃុំខ្លួន និងជាង ៣លាននាក់ក្លាយជាជនភៀសខ្លួន។ កាលពីខួប ៣ឆ្នាំនៃការប្លន់អំណាចរបស់ពួកយោធា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវទៅរបបសឹក ឲ្យព្យាយាមរិះរកពេលវេលាដើម្បីផ្ទេរអំណាចទៅរដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញ៕