អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុកគូលែន នៃខេត្តព្រះវិហារ ចាប់ឃុំខ្លួនប្រជាពលរដ្ឋប្រមាណជា ៣០នាក់ នៅឯស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីចុះបង្ក្រាបដោយដុតបំផ្លាញផ្ទះសម្បែង និងឈូសឆាយបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋក្នុងភូមិម្រេច និងភូមិក្តាក់ ឃុំស្រយ៉ង់ ស្រុកគូលែន កាលពីថ្ងៃពុធ ទី៦ មីនា ខណៈប្រជាពលរដ្ឋរងគ្រោះស្រែកយំអង្វរសុំឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយធ្វើអន្តរាគមន៍រកយុត្តិធម៌ជុំវិញករណីនេះ។
ប្រជាពលរដ្ឋក្នុងភូមិម្រេច ឃុំស្រយ៉ង់ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មីនា ថា អាជ្ញាធរស្រុកគូលែន ខេត្តព្រះវិហារ បានដាក់កម្លាំងប្រដាប់អាវុធចុះបង្ក្រាបប្រជាពលរដ្ឋរងគ្រោះក្នុងភូមិម្រេច ឃុំស្រយ៉ង់ និងភូមិក្តាក់ ឃុំត្បែងពីរ ទាំងកម្រោលដោយការបាញ់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពួកគាត់ដាក់ឡានយកទៅឃុំទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ប្រមាណ ៣០នាក់ ក្រោមលេសថាប្រជាពលរដ្ឋទាំងនោះរស់នៅគ្មានច្បាប់ទម្លាប់លើដីក្រុមហ៊ុនឯកជន សីលាដាម៉ិច។
ប្រភពប្រជាពលរដ្ឋខាងលើអះអាងថា ពួកគាត់បានទៅរស់នៅលើដីនោះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ខណៈក្រុមហ៊ុន សីលាដាម៉ិច មកអភិវឌ្ឍនៅតំបន់ភ្នំម្រេច នេះ ក្រោយពលរដ្ឋមករស់នៅ និងអាស្រ័យផលនោះទេ ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុននេះបានទៅកាន់កាប់តំបន់នោះ ស្រាប់តែមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏ចុះទៅគ្រប់គ្រងតំបន់នោះដំណាលគ្នាដែរ ក្រោយមកពួកគេក៏សហការគ្នាដេញប្រជាពលរដ្ឋដែលរស់នៅតំបន់នោះតែម្តង។
ប្រជាពលរដ្ឋខាងលើបញ្ជាក់ថា ក្រុមហ៊ុន សីលាដាម៉ិច បានផ្អាកសកម្មភាពអភិវឌ្ឍន៍នៅតំបន់នោះតាំងពីឆ្នាំ២០១៧ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុននេះបានកាប់ឈើក្នុងតំបន់នោះលក់អស់គ្មានសល់ ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានដាំដើមកៅស៊ូបានប្រហែល ១០ហិកតារ ខណៈដីដែលនៅទំនេរក៏បានជួលឱ្យពលរដ្ឋតម្លៃ ១លានរៀលក្នុង ១ឆ្នាំលើទំហំផ្ទៃដី ១ហិកតា។
អភិបាលស្រុកគូលែន លោក ប៉ែន ជឹង បានអះអាងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះថា អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានចុះចាប់បង្ខំពលរដ្ឋដែលមកធ្វើខ្ទមរស់នៅតំបន់ភ្នំម្រេច ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ពិតមែន ព្រោះពលរដ្ឋដែលមកតាំងពីលំនៅនៅតំបន់នេះ មិនមែនជាអ្នករស់នៅក្នុងស្រុកគូលែន នេះទេ គឺជាពលរដ្ឋដែលមកពីស្រុកស្វាយលើ និងមកពីខេត្តឧត្ដរមានជ័យ ប៉ុណ្ណោះ។
លោក ប៉ែន ជឹង អះអាងថា កម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាបនៅពេលនេះ បានគប់គ្រាប់បែកផ្សែងពិតមែន ដើម្បីរារាំងពលរដ្ឋកុំឱ្យមានអំពើហិង្សា ព្រោះអាជ្ញាធរបានជូនដំណឹងដល់ពួកគាត់រយៈពេលជាងកន្លះខែមកហើយ តែពួកគាត់មិនព្រមរុះរើលំនៅឋានតាមការជូនដំណឹងរបស់អាជ្ញាធរនោះទេ ខណៈលំនៅឋានទាំងនោះបាននាំឱ្យប៉ះដល់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សីលាដាម៉ិច យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ទិន្នន័យសង្គមស៊ីវិលបានរកឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សីលាដាម៉ិច បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋធ្ងន់ធ្ងរកន្លងមក ជាពិសេសសិទ្ធិទទួលបានការកាន់កាប់ដីធ្លី និងបញ្ចេញមតិតែម្តង ខណៈប្រជាពលរដ្ឋដែលរស់នៅទីនោះ ក៏បានអះអាងដែរថា អ្នកភូមិបានចូលទៅរស់នៅ និងអាស្រ័យផលលើដីកំពុងមានជម្លោះនេះតាំងពីឆ្នាំ២០១២ មក បានបង្កបង្កើនផលដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើស្រែ និងដំណាំផ្សេងៗទៀត មិនដែលមានបញ្ហាអ្វីទេ ប៉ុន្តែនៅដើមឆ្នាំ២០២២ ស្រាប់តែអាជ្ញាធរខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយផ្ទះពលរដ្ឋ និងផលដំណាំរបស់ពួកគាត់ដោយឥតផ្តល់ដំណឹងជាមុន ក្រោមលេសថា ពួកគាត់កំពុងរស់នៅលើដីនោះដោយខុសច្បាប់។
ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារដែលបានកាន់កាប់ដីទំហំ ៦៤៩ហិកតា នៅភូមិក្ដាក់ ឃុំត្បែងពីរ និងភូមិម្រេច ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តាំងពីឆ្នាំ១៩៧៩ និងឆ្នាំ២០១២ បាននាំគ្នាដាក់ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីស្នើសុំអន្តរាគមន៍ ដូចជា ស្ថាប័នរដ្ឋសភា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម ដើម្បីសុំឱ្យស្ថាប័នទាំងនេះជួយធ្វើអន្តរាគមន៍ទៅរដ្ឋបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនពួកគាត់ និងបញ្ឈប់ការបណ្ដេញពួកគាត់ចេញពីលំនៅឋានបន្តទៀត។
ខ្លឹមសារក្នុងញត្តិនោះ បានរៀបរាប់ថា នៅអំឡុងឆ្នាំ២០២២ កម្លាំងអាជ្ញាធរចម្រុះដឹកនាំដោយអភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានបញ្ជាកម្លាំង និងគ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋអស់ប្រហែល ៦០ខ្នង និងផលដំណាំប្រហែល ៤៥០ហិកតាអស់គ្មានសល់ ហើយបានបណ្តេញពលរដ្ឋចេញពីលំនៅ និងបានគំរាមប្តឹង និងចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។
ប្រជាពលរដ្ឋរងគ្រោះទាំង ១៣១គ្រួសារ ធ្លាប់បានអះអាងថា ការព្រមានវិធានការច្បាប់ដោយការបណ្ដេញពួកគាត់ចេញពីលំនៅឋានរបស់អាជ្ញាធរស្រុកគូលែន កន្លងមក មិនដែលមានដីកាតុលាការណាមួយបញ្ជាក់ពីកំហុសរបស់ពួកគាត់ទេ គឺអាជ្ញាធរគ្រាន់តែអះអាងដោយខ្លួនឯងថា ពួកគាត់រស់នៅដោយខុសច្បាប់ប៉ុណ្ណោះ ដូច្នេះពួកគាត់សុំនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ និងសូមកុំឱ្យជឿលើពាក្យសម្ដីរបស់អាជ្ញាធរមូលដ្ឋានពេក ដើម្បីស៊ើបអង្កេតឱ្យដឹងរឿងពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះដែលកំពុងរងនូវការបណ្ដេញពីលំនៅឋានក្នុងពេលនេះ។
តាមឯកសារចុះបញ្ជី ក្រុមហ៊ុន សីលាដាម៉ិច ជាក្រុមហ៊ុនស្រាវជ្រាវអភិវឌ្ឍន៍ មានទីស្នាក់ការនៅក្រុងភ្នំពេញ ចុះបញ្ជីនៅឆ្នាំ២០០៨ មានប្រធានក្រុមប្រឹក្សាភិបាលស្ត្រីឈ្មោះ អ៊ុក ហេឡែន និងបុរសឈ្មោះ សំណាង សីមា មាននាយកឈ្មោះ អ៊ុក សុភ័គ។ ក្រុមហ៊ុននេះមានអ្នកចូលភាគហ៊ុនឈ្មោះ ដួង វ៉ារី គង់ ចាន់ ប៉ាន់ គឹមសាន សំណាង ផល្លា សំណាង ធីតា សំណាង សីមា ទេព សំអាន ម៉ី វ៉ាន់ធា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
