លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញមុខងារ និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ការពារប្រយោជន៍តួអង្គសង្គម ទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព។
នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណៈកម្មាធិការសន្តិសុខឌីជីថលមានរូបលោកធ្វើជាប្រធាន និងមានឧបនាយករដ្ឋមន្ត្រី ១រូបជាអនុប្រធានប្រចាំការ រួមទាំងមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការពារជាតិ គឺជាអនុប្រធាន។ គណៈកម្មាធិការនេះត្រូវកោះប្រជុំ ៦ខែម្តងតាមការអញ្ជើញពីប្រធាន។
ប្រភពដដែលអះអាងថា គណៈកម្មាធិការនេះមានអគ្គលេខាធិការដ្ឋានមួយដែលចំណុះដោយអង្គភាពសាយប័រកម្ពុជា (Cyber Cambodia Unit) អង្គភាពប្រឆាំងឧក្រិដ្ឋកម្មសាយប័រ អង្គភាពការពារជាតិក្នុងលំហសាយប័រ និងអង្គភាពការទូតសាយប័រ។ អគ្គលេខាធិការនៃគណៈកម្មាធិការសន្តិសុខឌីជីថលនេះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងមានអគ្គលេខាធិការរងទទួលបន្ទុកអង្គភាពនីមួយៗនៅក្រោមឱវាទ។
តាមអនុក្រឹត្យដដែលនេះ គណៈកម្មាធិការសន្តិសុខឌីជីថល គឺត្រូវប្រើប្រាស់កញ្ចប់ថវិកាជាតិដោយឡែកនៅក្នុងក្របខ័ណ្ឌថវិកាជាតិប្រចាំឆ្នាំ ប៉ុន្តែសម្រាប់អង្គភាពប្រឆាំងឧក្រិដ្ឋកម្មសាយប័រ គឺត្រូវផ្គត់ផ្គង់ថវិកាដោយឡែកក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំនៃក្រសួងមហាផ្ទៃ ខណៈអង្គភាពការពារជាតិក្នុងលំហសាយប័រ ត្រូវផ្គត់ផ្គង់ថវិកាដោយឡែកក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំនៃក្រសួងការពារជាតិ។
ជុំវិញការបង្កើតគណៈកម្មាធិការនេះកន្លងមក កាសែតអាមេរិកាំង The New York Times បានរកឃើញថា បក្សកាន់អំណាចនៅប្រទេសកម្ពុជាសព្វថ្ងៃនេះបានបង្កើតបន្ទប់ឃ្លាំមើលអ្នកប្រើប្រាស់អ៊ីនធឺណិត ១០ឆ្នាំហើយ។ គោលដៅរបស់អង្គភាពនេះ ដើម្បីគាំទ្រអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈក្បាលម៉ាស៊ីនឃោសនានៃបណ្ដាញសង្គម។
កាសែត The New York Times បានចុះផ្សាយថា បន្ទប់ឃ្លាំមើលអ្នកប្រើប្រាស់អ៊ីនធឺណិតកំពុងគ្រប់គ្រងដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន។ ក្នុងអង្គភាពនៃបន្ទប់ឃ្លាំមើលនេះមានក្រុមជំនាញ Troll army ឬអាខោនខ្មោច (Ghost Accounts) ដែលមានជំនាញខាងការជ្រៀតជ្រែក រុកកួនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសទៅលើក្រុមប្រឆាំង ដោយអង្គភាពនេះបង្កើត ឬច្នៃប្រឌិតព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដើម្បីឱ្យលោក ហ៊ុន សែន និងក្រុមជ្រុលនិយមរបស់លោកបញ្ចេញវោហារសាស្ត្រគំរាមសម្លាប់។
នៅប្រទេសកម្ពុជា ហ្វេសប៊ុកគឺជាបណ្ដាញសង្គមមួយដ៏មានប្រជាប្រិយភាពបំផុតដែលមនុស្សជាង ១២លាននាក់ក្នុងចំណោមពលរដ្ឋជិត ១៧លាននាក់កំពុងប្រើប្រាស់យ៉ាងសកម្ម។ ភាគច្រើននៃអ្នកប្រើប្រាស់ហ្វេសប៊ុក គឺដើម្បីបានទទួលដំណឹងផ្សេងៗ ការកម្សាន្ត និងការធ្វើការប្រាស្រ័យទាក់ទងរហូតបង្កើតមុខជំនួញ។
ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈ អ្នកសារព័ត៌មានពលរដ្ឋ អ្នកស្រាវជ្រាវ និស្សិត បញ្ញាជន សកម្មជនសង្គម ក្រុមសង្គមស៊ីវិល សុទ្ធតែស្ថិតនៅក្នុងគោលដៅនៃការលាបពណ៌ ហើយចោទតាមផ្លូវច្បាប់ដោយក្រុមបន្ទប់ឃ្លាំមើលអ៊ីនធឺណិត ឬ Cyber War Room ដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន ម៉ាណែត នេះ។
គួរបញ្ជាក់ថា បន្ទប់ប្រយុទ្ធតាមអន្តរបណ្ដាញ ហៅតាមថាអង់គ្លេសថា Cyber War Room មិនមែនជារឿងគេនាំគ្នាបង្កើតថ្មីអ្វីនោះទេ ប៉ុន្តែគេគ្រាន់តែពង្រឹង និងពង្រីកសកម្មភាព ដោយប្រើប្រាស់ថវិកាទិញឧបករណ៍ទំនើបៗថែមទៀត ដើម្បីប្រយុទ្ធទប់ទល់នឹងការរិះគន់ពីសាធារណជនតែប៉ុណ្ណោះ។
សារព័ត៌មាន The Cambodia Daily នៅខែឧសភា ឆ្នាំ២០១៧ បានផ្សាយអំពីឯកសារបែកធ្លាយមួយបង្ហាញអំពីសមាសភាពក្រុមយុវជន កូនចៅអ្នកដឹកនាំនៃបក្សប្រជាជនកម្ពុជា ដែលប្រមូលគ្នាធ្វើការក្នុងបន្ទប់ Cyber War Room គ្រប់គ្រង ឃ្លាំមើល ត្រួតពិនិត្យ សកម្មភាពក្រុមសកម្មជនខាងបក្សជំទាស់ សកម្មជនសិទ្ធិមនុស្ស បរិស្ថាន។ល។ ដែលប្រើបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក YouTube រិះគន់របៀបគ្រប់គ្រងនៃរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ ក្រុមមនុស្សក្នុង Cyber War Room មានលោក ហ៊ុន ម៉ាណែត ជាប្រធាន ទ្រទ្រង់កិច្ចការដោយឈ្មោះ ស សុខាឈ្មោះ សុខ ពុទ្ធិវុធ ឈ្មោះ សុភា វិបុល ឈ្មោះ គឹម សន្តិភាព ឈ្មោះ រិន វីរៈ ឈ្មោះ ឡាយ វណ្ណៈ និស្សិតឈ្មោះ យ៉ម បញ្ញា ឈ្មោះ អៀង អូននី ឈ្មោះ សេង គឹមហុង ឈ្មោះ ឌិត ទីណា។ល។
ក្រុមយុវជនទាំងអស់នេះ ភាគច្រើនសុទ្ធតែរៀនសូត្រនៅបស្ចិមប្រទេស មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ក្រៅពីឃ្លាំមើល និងត្រួតពិនិត្យ តាមដានក្រុមជំទាស់ ដូចជាសកម្មជនសង្គម ជាដើម Cyber War Room មានបេសកកម្មផ្សព្វផ្សាយព័ត៌មានមិនពិត អង់គ្លេសហៅថា disinformation ដើម្បីបំភ័ន្តបង្វែរសាច់រឿងដែលបែកការណ៍ ជាពិសេសរឿងអាស្រូវទាក់ទងនឹងរឿងផ្ទាល់ខ្លួននៃមន្ត្រីម្នាក់ៗ។
កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ ក្រុមជនល្មើសលុកលុយទន្ទ្រានបណ្ដាញអ៊ីនធឺណិតតាមក្រសួងមួយចំនួននៃរាជរដ្ឋាភិបាល និងប្រទេសក្នុងសហគមន៍អាស៊ានមួយចំនួន គឺជាជនជាតិយៀកណាម និងជនជាតិចិន ដែលរដ្ឋអំណាចខ្មែរចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់ខ្លួន៕