សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន អះអាងថា កំពុងរៀបចំពាក្យបណ្តឹងប្តឹងមន្ទីរបរិស្ថានខេត្តសៀមរាប ទៅតុលាការ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដើម្បីរក្សាភាពស្អាតស្អំរបស់ខ្លួន បន្ទាប់ពីមន្ទីរបរិស្ថានខេត្តបានចេញសេចក្តីប្រកាសព័ត៌មាន ដោយចោទប្រកាន់លោកពីបទញុះញង់ និងបង្កើតចលនារំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
លោក ស្រ៊ុន ស្រ៊ន បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្តសៀមរាប ពីព្រោះលោកមិនអាចទទួលយកបានឡើយនូវការចោទប្រកាន់របស់មន្ទីរបរិស្ថានខេត្ត ដែលបានបរិហារលោកជាសាធារណៈដោយមិនបានសួរនាំរូបលោកជាមុន។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរូបនេះបញ្ជាក់ថា បណ្តឹងរបស់លោកពេលនេះ គឺដើម្បីរក្សាភាពស្អាតស្អំផ្ទាល់ខ្លួន ដោយច្រានចោលលើការចោទប្រកាន់ពីអាជ្ញាធរពីបទញុះញង់ និងបង្កើតចលនារំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញប្រកាសព័ត៌មានដោយអះអាងថា ការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា ដែលបានរៀបចំដោយលោក ស្រ៊ុន ស្រ៊ុន និងកញ្ញា កឹង សោភា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយការប្រកាសរៀបចំកន្លែងដាំដុះដំណាំ និងចិញ្ចឹមសត្វលើដីរបស់លោក ពុំ សែន ប្រមាណជា ៤ហិកតា ក្នុងភូមិ-ឃុំដែលបានរៀបរាប់មកសម្រាប់ធ្វើជាភូមិ-ឃុំពាណិជ្ជកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំជាកន្លែងសិក្សាសង្គមច្បាប់ គឺជាចលនាមករុករានដីព្រៃសហគមន៍ខុសច្បាប់សម្រាប់ធ្វើជាប្រយោជន៍បក្សពួករបស់ខ្លួនប៉ុណ្ណោះ ដែលទង្វើបែបនេះគឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលលើកឡើងថា លោក ពុំ សែន ពុំមានដីកម្មសិទ្ធិដូចការប្រកាសរបស់លោក ស្រ៊ុន ស្រ៊ន និងកញ្ញា កឹង សោភា នោះទេ ព្រោះថាបុគ្គលឈ្មោះ ពុំ សែន ធ្លាប់បានធ្វើកិច្ចសន្យាឈប់កាប់រុករានដីសហគមន៍មកធ្វើជាកម្មសិទ្ធិខុសច្បាប់ និងប្រគល់ជូនមករដ្ឋវិញរួចអស់ហើយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ហើយកន្លងមក មន្ត្រីឧទ្យានុរក្សក៏បានសហការជាមួយប្រជាសហគមន៍ អាជ្ញាធរភូមិ-ឃុំ ដាំដុះស្ដារព្រៃឈើឡើងវិញបានចំនួន ៣០០០ដើមលើផ្ទៃដីទំហំ ២ហិកតាកន្លះ (២,៥ហិកតា) ផងដែរ។
ចំណែកឯលោក ស្រ៊ុន ស្រ៊ន គាត់ក៏បានលើកឡើងដែរថា បើយោងតាមឯកសារផ្លូវច្បាប់ដែលចេញដោយអាជ្ញាធរភូមិ-ឃុំ បញ្ជាក់ថា លោក ពុំ សែន ពិតជាម្ចាស់កម្មសិទ្ធិលើដីដែលគាត់បានអះអាងនោះប្រាកដមែន ក្នុងនោះ លោក ពុំ សែន ក៏មានបណ្ណស្នាក់នៅក្នុងភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ពីអាជ្ញាធរមូលដ្ឋានដែរ ដូច្នេះការចោទប្រកាន់ពីមន្ទីរបរិស្ថានខេត្តសៀមរាប ថាលោកមានចេតនាបំផុសឱ្យមានការប្រព្រឹត្តបទល្មើសរំលោភដីរដ្ឋក្នុងភូមិ-ឃុំទាំងនោះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានផ្លូវច្បាប់ទាំងស្រុង។
ទីតាំងដីនោះស្ថិតក្នុងទីតាំងដីរដ្ឋគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល។ តំបន់ការពារធម្មជាតិដែលមានទំហំសរុប ៧៩៨ហិកតានៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មួយនេះ ត្រូវបានក្រសួងបរិស្ថានបង្កើតឡើងក្នុងឆ្នាំ២០០៨៕