គ្មានអ្វីភ្ញាក់ផ្អើលទេ ទោះបីជាលោក វ៉្លាឌីមៀរ ពូទីន ឈ្នះឆ្នោតមួយអាណត្តិថ្មីទៀតក៏ដោយ ព្រោះគូប្រកួតដែលមានថាមពល មានប្រជាប្រិយភាព ត្រូវបានរដ្ឋអំណាចរបស់លោក ពូទីន កម្ចាត់អស់ហើយ។
មេបក្សប្រឆាំងមួយដ៏ល្បី គឺលោក អាឡេចហ្សេ ណាវាលនី ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ ដែលក្រុមប្រឆាំង និងក្រុមបស្ចិមប្រទេសចោទថាជាការសម្លាប់ដោយរដ្ឋអំណាចរបស់វិមានក្រឹមឡាំង ព្រោះអ្នកនយោបាយរូបនេះមិនត្រូវបានគេទុកជីវិតឱ្យរស់ឡើយ។
មានអ្នកនយោបាយជាច្រើនរូប មានទាំងស្ត្រីផង ដែលស្នើចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ត្រូវស្ថាប័នជាតិបោះឆ្នោតរបស់ប្រទេសដែលស្ថិតនៅក្រោមមេដឹកនាំផ្ដាច់ការរូបនេះ បានឃារឃាំងអ្នកនយោបាយទាំងនោះ ក្រោមហេតុផលថា ពុំមានលក្ខណៈសម្បត្តិត្រឹមត្រូវ និងអ្នកខ្លះមានជាប់ពិរុទ្ធភាព។ ក្រៅពីនេះ មានបេក្ខជនខ្លះត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោត ដែលអ្នកនយោបាយនោះគ្មានឈ្មោះបោះសំឡេង គឺពុំមានការគាំទ្រច្រើននោះទេ។
បណ្ដាញផ្សាយព័ត៌មាន CNBC ធ្វើការវិភាគថា ការបោះឆ្នោតនៅរុស្ស៊ី ដែលត្រូវកំណត់ឱ្យលោក ពូទីន កាន់អំណាច ៦ឆ្នាំទៅមុខទៀតនេះ ជាការបោះឆ្នោតគ្រាន់តែបង្គ្រប់ទម្រង់ប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ ហើយដល់ខែមីនា ឆ្នាំ២០៣០ នឹងបោះឆ្នោតបែបនេះបន្តទៀត។
ការបោះឆ្នោតជាការកំណត់គោលដៅទៅរកជ័យជម្នះលើប្រទេសអ៊ុយក្រែន
អ្នកសង្កេតការណ៍ចាត់ទុកថាលោក ពូទីន ពិតណាស់ត្រូវតែឈ្នះការបោះឆ្នោត ព្រោះគូប្រកួតដែលមានប្រជាប្រិយភាពត្រូវបានកម្ចាត់ចោលអស់ហើយ។
ការបោះឆ្នោតនេះដូចជាការដាក់កំហិតឱ្យប្រជាជនរុស្ស៊ី ត្រូវតែទទួលយកលោក ពូទីន ដឹកនាំប្រទេស ៦ឆ្នាំទៅមុខទៀត ហើយកំណត់គោលដៅសង្គ្រាមលើទឹកដីអ៊ុយក្រែន បន្ដទៀត ដែលពេលនេះវាចូលដល់ឆ្នាំទី៣ ហើយ។ ការបោះឆ្នោតនៅឆ្នាំនេះ វាខុសប្លែកត្រង់ថា ប្រជាជនរុស្ស៊ី ស្ថិតក្នុងអារម្មណ៍ថា តើការបោះឆ្នោតដើម្បីបន្តសង្គ្រាម ឬដើម្បីសន្តិភាព។
នៅទីក្រុងមូស្គូ ឯណោះវិញ អាជ្ញាធរបានព្រមានប្រឆាំងចំពោះការធ្វើបាតុកម្មតវ៉ាអំឡុងការបោះឆ្នោត បន្ទាប់ពីមានការអំពាវនាវឱ្យធ្វើបាតុកម្មប្រឆាំងនឹងលោក ពូទីន នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះពីសំណាក់គណបក្សប្រឆាំង។ វិមានក្រឹមឡាំង បាននិយាយថា ការបោះឆ្នោតនេះនឹងបង្ហាញពីការគាំទ្ររបស់ប្រជាជនរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយការបោះឆ្នោតក៏នឹងត្រូវធ្វើឡើងក្នុងទឹកដីអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី កំពុងគ្រប់គ្រងផងដែរ។
នៅខណៈនេះ កងទ័ពអ៊ុយក្រែន ត្រូវបានរាយការណ៍មកថា បានបង្កើនការវាយប្រហារលើតំបន់ព្រំដែនរុស្ស៊ី។ ចំណែកឯកងកម្លាំងឆ្មាំជាតិរុស្ស៊ី បាននិងកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk និង Belgorod នៅក្នុងការប៉ះទង្គិចចុងក្រោយបំផុតនៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ កងកម្លាំងឆ្មាំជាតិរុស្ស៊ី គឺជាក្រុមដែលប្រកាសខ្លួនឈរនៅខាងអ៊ុយក្រែន។ ក្រុមនេះត្រូវបានរាយការណ៍មកថា បានវាយឆ្មក់កាន់កាប់ភូមិយ៉ាងតិចបានភូមិមួយនៅតំបន់ Belgorod ស្ថិតខាងក្នុងទឹកដីរុស្ស៊ី ដែលជាប់ព្រំដែនអ៊ុយក្រែន។
ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters វិញ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrsky បាននិយាយថា ស្ថានភាពនៅលើសមរភូមិនៅតែលំបាកសម្រាប់កងទ័ពអ៊ុយក្រែន ដែលលោកថា កងកម្លាំងរុស្ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកចូលជ្រៅទៅក្នុងខ្សែបន្ទាត់របស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Donetsk ភាគខាងកើត។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters កងកម្លាំងរបស់អ៊ុយក្រែន កំពុងឈរជើងការពារនៅជួរមុខចម្ងាយ ១០០០គីឡូម៉ែត្រនៅភាគខាងកើត និងខាងត្បូង បន្ទាប់ពីទីក្រុងមូស្គូ វាយពង្រីកទឹកដីជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ។
លោក Oleksandr Syrsky បន្តថា លោកបានទៅដល់អង្គភាពរបស់កងវរសេនាតូចចំនួនពីរ ខណៈស្ថានការណ៍កាន់តែស្មុគស្មាញឡើង ហើយមានការគំរាមកំហែងពីសត្រូវដែលវាយលុកចូលជ្រៅទៅក្នុងទីតាំងរបស់ទ័ពអ៊ុយក្រែន។
លោកអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនង Telegram ថា ជាទូទៅ ស្ថានការណ៍ប្រតិបត្តិការនៅសមរភូមិជួរមុខភាគខាងកើត នៅតែមានភាពលំបាក ដែលសត្រូវនៅតែបន្តប្រតិបត្តិការវាយលុកក្នុងតំបន់ជាច្រើននៃតំបន់ Donetsk ខណៈកងទ័ពអ៊ុយក្រែន កំពុងរង់ចាំគ្រាប់កាំភ្លើងរបស់ក្រុមបស្ចិមប្រទេស។
ទោះជាយ៉ាងណា ក្រុមបស្ចិមប្រទេសដែលមិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ក្នុងបរិបទនៃសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅតែព្រមានថា ទោះជាលោក ពូទីន ឈោងចាប់យកអំណាច ៦ឆ្នាំទៀតក៏ដោយ គឺគេមិនត្រូវផ្ដល់ឱកាសឱ្យរុស្ស៊ី និងលោក ពូទីន ឈ្នះសង្គ្រាមដាច់ខាត៕