សមត្ថកិច្ចខ្មែរចូលឆែកឆេរទីតាំងរកស៊ីបែបឆបោកជាច្រើនកន្លែងនៅក្រុងព្រះសីហនុ ហើយចាប់បានជនល្មើសជាច្រើនជាតិសាសន៍ជិត ៥០០នាក់ កាលពីថ្ងៃទី៩-១០ ខែមីនា កន្លងទៅ។
របររកស៊ីបែបឆបោកទាំងនោះ ប្រព្រឹត្តទៅនៅពីក្រោយយីហោបនល្បែងស៊ីសងកាស៊ីណូ ដែលមានអាជ្ញាបណ្ណស្របច្បាប់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរាជរដ្ឋាភិបាល។
សារព័ត៌មាន South China Morning Post កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា បានចុះផ្សាយថា បណ្ដាញឧក្រិដ្ឋកម្មបរទេសភាគច្រើនជាពួកម៉ាហ្វីយ៉ាចិន ជ្រៀតចូលមកខេត្តព្រះសីហនុ ដែលមិនសូវមានការគោរពច្បាប់។ គេប្រៀបធៀបក្រុងព្រះសីហនុ ទៅនឹងទីក្រុងផ្សេងៗទៀតដែលជាប់ឈ្មោះជាទីក្រុងបាបកម្ម ឬហៅថា sin city។
ជំនួយការនៃតំណាងការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ Benedikt Hofman និយាយថា ទោះបីអាជ្ញាធរមូលដ្ឋានបង្កើនសកម្មភាពស៊ើបអង្កេត និងបង្ក្រាបយ៉ាងណាក៏ដោយ ក៏កិច្ចប្រឹងប្រែងទាំងនេះមិនទាន់គ្រប់គ្រាន់ដើម្បីកម្ចាត់ប្រតិបត្តិការឆបោកទាំងអស់នោះបាននៅឡើយទេ។
គេសង្កេតឃើញមានសំណង់អគារជំនួញ និងខុនដូសាងសង់ឡើងព្រោងព្រាតយ៉ាងឆាប់រហ័សសម្រាប់ប្រើប្រាស់ជាទីស្នាក់អាស្រ័យដល់ពលករសម្រាប់ធ្វើជាការិយាល័យ ឬធ្វើជាបន្ទប់ ដើម្បីប្រព្រឹត្តអំពើបោកប្រាស់តាមប្រព័ន្ធអន្តរបណ្ដាញ ឬអ៊ីនធឺណិត។ ពួកអ្នកលេង ឬជនពាល ភាគច្រើនជាឧក្រិដ្ឋជនជនជាតិចិន ដែលរកចំណូលបានរាប់ពាន់លានដុល្លារពីមុខរបរឆបោកតាមរយៈប្រព័ន្ធអ៊ីនធឺណិតនេះ។
លោក Benedikt Hofman និយាយថា ការផ្ដោតការយកចិត្តទុកដាក់ទៅលើការអនុវត្តច្បាប់បង្ក្រាបទីតាំងទាំងនោះ នឹងនាំទៅការផ្លាស់ប្ដូរទីតាំងភូមិសាស្ត្រ ជាជាងការបង្កឲ្យមានផលវិជ្ជមានជាអចិន្ត្រៃយ៍ ព្រោះថាកន្លងមក ក្រោយស្ងាត់មួយភ្លែត មុខរបរឆបោកនោះបានវិលមកវិញដដែលតែក្នុងរយៈពេលពីរទៅបីខែប៉ុណ្ណោះ។ ម្យ៉ាងទៀត ជនល្មើសដែលអាជ្ញាធរខ្មែរចាប់បានជាមនុស្សរាយរង តូចតាចស្ទើរតែទាំងអស់ ហើយរីឯមេខ្លោងធំៗ សមត្ថកិច្ចចាប់មិនដែលបានម្តងណាឡើយ។
កាលពីពេលបុណ្យចូលឆ្នាំចិន ពួកឧក្រិដ្ឋជនបាននាំគ្នាធ្វើដំណើរទៅក្រៅប្រទេសកម្ពុជាមួយរយៈ ហើយពេលដែលពួកគេត្រឡប់មកវិញ ពួកគេបាននាំគ្នាទៅជួលបន្ទប់សណ្ឋាគារស្នាក់នៅធ្វើដូចជាទេសចរមកលេងក្រុងព្រះសីហនុ អ៊ីចឹងដែរ។ បន្ទាប់មក ពួកគេទៅស្នាក់នៅតាមអគារដែលក្រុមហ៊ុនរបស់គេបានសង់ទុករួចជាស្រេចនោះ។
គេបញ្ចុះបញ្ចូលជនជាតិដទៃដូចជាខ្មែរ ឥណ្ឌូនេស៊ី ភូមា វៀតណាម ឡាវ នៅតំបន់អាស៊ី និងជនជាតិអ៊ូហ្គង់ដា (Uganda) ខិនញ៉ា (Kenya) អេត្យូពី (Ethiopi) និងអេហ្ស៊ីប (Egypt) ដោយសន្យាផ្តល់ការងារមានប្រាក់ខែច្រើន។
មេខ្លោងជនជាតិចិន ដែលអាជ្ញាធរខ្មែររកមុខមិនឃើញនោះ គឺឈ្មោះ ហ្សុង ហួគុន (Zhong Huokun) ម្ចាស់ទីតាំងបង្កើតមុខរបរឆបោកដែលអាជ្ញាធរឆែកឆេរបង្ក្រាបកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា នោះ។
ក្រោយពីប្រតិបត្តិការរកចំណូលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា របរឆបោកបានពង្រីកទីតាំងនៅប្រទេសហ្វីលីពីន ឡាវ ភូមា និងក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។
ការិយាល័យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងគ្រឿងញៀន និងឧក្រិដ្ឋកម្មអះអាងថា បនល្បែងកាស៊ីណូតាមដងទន្លេមេគង្គ ប្រៀបបាននឹងប្រព័ន្ធធនាគារដែលជួយឧបត្ថម្ភមុខរបរខុសច្បាប់ធ្វើចរាចរណ៍សម្អាតប្រាក់រាប់ពាន់លានដុល្លារ ដែលប្រមូលបានពីសកម្មភាពផ្លូវងងឹត និងមុខរបរឆបោកក្រៅប្រព័ន្ធច្បាប់ ឬហៅថា cryptocurrency។
អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកជាភាសាចិន ឈ្មោះ អ្នកសង្កេតការណ៍អង្គរ ឬហៅថា Angkor Observer លោក ហ្វ័ង យ៉ាន ថ្លែងអះអាងថា តាមធម្មតា ការបង្ក្រាបរបស់សមត្ថកិច្ចភាគច្រើនបានតែទៅលើកន្លែងតូចតាច ចាប់បុគ្គលិកដែលគេប្រើឲ្យធ្វើការបោកប្រាស់ដែលជាជនជាតិខ្មែរ ជនជាតិថៃ ឬវៀតណាម ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលចាប់បានមេខ្លោងដែលគ្រប់គ្រង ឬចាត់ចែងមុខរបរឧក្រិដ្ឋកម្មនេះម្តងណាឡើយ។
នៅប្រទេសភូមា អាជ្ញាធរចិន បានធ្វើប្រតិបត្តិការតាមទីក្រុងជាប់ព្រំដែនចិន ហើយបង្ខំឲ្យឧក្រិដ្ឋជនមួយចំនួនរត់ចូលមកប្រទេសកម្ពុជា។
ដោយសារមានសម្ពាធពីរដ្ឋាភិបាលនៃប្រទេសជិតខាង បាននាំឲ្យរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងបង្ហាញថា គេកំពុងតែរឹតបន្តឹងមុខរបរឆបោកតាមអនឡាញ ព្រមទាំងប្ដេជ្ញាថានឹងមិនចេញអាជ្ញាបណ្ណឲ្យងាយៗដូចមុនទៀតនោះទេ។
ដំណាលពេលគ្នានេះ នាយករដ្ឋមន្ត្រីថ្មីតត្រកូលលោក ហ៊ុន ម៉ាណែត ក៏បានប្រកាសថានឹងព្យួរអាជ្ញាបណ្ណបើកកាស៊ីណូអចិន្ត្រៃយ៍ និងបណ្ដោះអាសន្នប្រមាណជិត ២០០អាជ្ញាបណ្ណ។
អ្នកតាមដានពីប្រភព Cyber Scam Monitor ឲ្យដឹងថា របរឆបោកហាក់ដូចជាបន្ថយសកម្មភាពក្នុងឆ្នាំ២០២២ ប៉ុន្តែរបរឧក្រិដ្ឋនេះដូចជាវិលមកវិញទៀតហើយនៅក្រុងព្រះសីហនុ ក្នុងពេលបច្ចុប្បន្ននេះ។
ប្រភព Cyber Scam Monitor ដែលបានតាមដានសកម្មភាពនៃរបរឆបោក និងល្បែងអនឡាញ បញ្ជាក់ថា ឧស្សាហកម្មប្រភេទនេះបានបង្កប់ជាប់ក្នុងប្រទេសកម្ពុជា ដោយមានភស្តុតាងថាអ្នកមានអំណាចទទួលផលពីរបរមួយនេះ ហើយធានារ៉ាប់រងឲ្យមុខរបរនេះរស់រានទៅមុខបានយូរអង្វែងទៀតផង។
ក្រុមនេះផ្តល់ឱវាទថា បើចង់ដោះស្រាយបញ្ហាឆបោក និងស្ដារកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលបានខូចខាតទៅហើយនោះ លុះត្រាតែមានការអនុវត្តច្បាប់ដើម្បីបង្ក្រាបអំពើខុសច្បាប់ទាំងនេះ ហើយផ្ដន្ទាទោសពួកមន្ត្រីដែលទទួលបានផល ឬមន្ត្រីដែលតែងការពាររបរខុសច្បាប់ទាំងឡាយនោះ ទើបមហាជន ឬសហគមន៍អន្តរជាតិអាចជឿបាន៕