គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ប្រកាសថា គណបក្សរបស់ខ្លួននឹងបន្តចូលរួមជាមួយគណបក្សចំនួន ៣ ផ្សេងទៀតដោយដាក់ឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គមសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា គណបក្សនេះនៅតែរក្សាជំហរយ៉ាងរឹងមាំរបស់ខ្លួនក្នុងការបន្តរួមដំណើរកិច្ចសហការនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត។
កន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចងសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំង ៣ ផ្សេងទៀតនៅបន្ទាប់ពីបុគ្គលសំខាន់ៗ ដូចជាលោកបណ្ឌិត យ៉ង សាំងកុមារ លោកបណ្ឌិត សាម អ៊ីន បានចាកចេញពីគណបក្សនេះទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច និងបានទទួលតំណែងធំគួរសមនៅក្នុងរាជរដ្ឋាភិបាល។
គណបក្សចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានប្រកាសបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឆ្នាំទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ធ្វើឡើងក្រោយការប្រកាសបង្កើតសម្ព័ន្ធនយោបាយថ្មីកន្លងមក ថ្នាក់ដឹកនាំគណបក្សទាំង ៤ បានលើកឡើងថា សម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញ និងលើកទឹកចិត្ត ព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត។
សម្ព័ន្ធភាពថ្មីមួយនេះ នឹងបើកចំហសម្រាប់ការចូលរួមពីគ្រប់គណបក្សនយោបាយដែលមានទស្សនៈ គោលដៅ និងគោលជំហរនយោបាយដូចគ្នា ដើម្បីរួបរួមគ្នាសម្រេចគោលបំណងខាងលើនេះ ដោយឈរលើស្មារតីបង្រួបបង្រួម សាមគ្គីភាព និងឯកភាពជាតិ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់អ្នកសារព័ត៌មានកន្លងមកថា សម្ព័ន្ធភាពនេះមានសារសំខាន់សម្រាប់រាល់គណបក្សនយោបាយណាដែលប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យមួយដែលដំណើរការល្អនៅកម្ពុជា។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកន្លងមកថា សម្ព័ន្ធភាពនយោបាយថ្មីនេះនឹងមិនជាការគំរាមកំហែងដល់ការកាន់កាប់អំណាចរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោកថា គណបក្សដែលចូលរួមបង្កើតសម្ព័ន្ធនេះ គឺជាក្រុមគណបក្សចាញ់ការបោះឆ្នោត។
កាលពីថ្ងៃអាទិត្យកន្លងទៅ មេដឹកនាំគណបក្សនេះគឺលោក យ៉េង វីរៈ លោកស្រី ប្រុក វ៉ាន្នី ដែលចប់អាណត្តិ បានដកខ្លួនពីការឈរឈ្មោះជាថ្នាក់ដឹកនាំកំពូលរបស់គណបក្ស។ តាមរយៈសមាជកាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅ លោក សេក សុខា ត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានគណបក្ស គ.ប.ម ជំនួសលោក យ៉េង វីរៈ ចំណែកលោក មាន អ៊ាង ជាប្រធានគណៈកម្មការនាយក និងលោក ធួក បូណា ជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
