អត្ថបទដោយ៖ ហាស់ សាន
ក្នុងកាលៈទេសៈមួយដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិសេរីភាព យុត្តិធម៌ អំពាវនាវឲ្យមានការផ្លាស់ប្ដូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្មគគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ គណបក្សប្រជាជនកម្ពុជាមិនបានសម្រាក ឬផ្អាកសកម្មភាពវាយបករុញអ្នកប្រជាធិបតេយ្យចេញនោះទេ។
លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិនិត្យមើលសាវតារ ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងកិច្ចខំប្រឹងប្រែងរើសសមាជិកប្រមូលកម្លាំង ដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនីស្តផ្ដាច់ការពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។
ក្នុងភាគទី១ នេះ ខ្មែរខ្លះសួរថា ហេតុអ្វីខ្មែរនៅក្រៅប្រទេសត្រឡប់ទៅគាំទ្ររបៀបដឹកនាំផ្ដាច់ការទៅវិញ?
ពីរឆ្នាំមុន សារព័ត៌មាន The Cambodia Daily បានផ្សាយអំពីសកម្មភាព សមាសភាពពលរដ្ឋ គោលបំណង សាខាគណបក្សប្រជាជនកម្ពុជា ដែលខ្មែរមួយចំនួននៅក្រៅស្រុក ទាំងជនភៀសខ្លួនសម័យមុន ទាំងជនអន្តោប្រវេសន៍សម័យក្រោយៗមក បានចូលរួមទ្រទ្រង់គាំទ្រ ទោះជាចូលជាសមាជិកក្តី ជាអ្នកគាំទ្រធម្មតាតាមគ្នីតាមគ្នាក្តី ចំនួនម្ភៃភាគ។
យើងបានលាតត្រដាងអំពីរឿងពិតទាំងឡាយនោះដល់ជនជាតិខ្មែរដែលបានទៅដល់ រស់នៅក្នុងទឹកដីមានសិទ្ធិ មានសេរីភាព ប្រកាន់របបប្រជាធិបតេយ្យ យុត្តិធម៌ គោរពសិទ្ធិមនុស្ស គោរពច្បាប់ ដោយមានចម្ងល់មិនខុសពីស្ត្រីខ្មែរម្នាក់បរិយាយកាលពីពេលថ្មីៗនេះដែរ។
ស្ត្រីខ្មែរម្នាក់ទំនងជាវ័យកណ្តាល អធិប្បាយឯកឯងតាមបណ្ដាញសង្គមតិកតុក និងហ្វេសប៊ុកឈ្មោះ សាវី យ៉ុន កាលពីចុងឆ្នាំ២០២៣ យ៉ាងដូច្នេះ៖ «ខ្ញុំបើកហ្វេសប៊ុក ខ្ញុំបើកយូធូប ខ្ញុំឃើញអ៊ំចាស់ៗខ្លះ បងៗខ្លះក៏មាននៅក្នុងហ្នឹងដែរ ខ្ញុំឃើញអ៊ីចឹង ខ្ញុំឆ្ងល់មែនទែន។ មកដល់ប្រទេសគេហើយ ពួកហ្នឹងដឹងគេគិតអីន៎! ដល់ប្រទេសគេប្រជាធិបតេយ្យ ប្រទេសគេជឿនលឿនហើយ ហើយលុយ ស៊ីលុយគេហើយ។ អត់គិត មកនៅប្រទេសគេប៉ុណ្ណឹង ល្មមដឹងហើយ ដឹងខួរក្បាលអី ខ្ញុំឆ្ងល់ អ៊ំចាស់ៗ រត់លូន ហើយវេទនាប៉ុណ្ណឹងហើយ នៅគាំទ្រកុម្មុយនីស្តទៀត…មិនដឹងខួរក្បាលអី។ អត់ចេះខ្មាសគេ មកដល់ស្រុកគេហើយ មកធ្វើវ៉ល់ ធ្វើអាក្រក់ស្រុកគេទៀត។ ចេះពិចារណាទេ? មនុស្សអ៊ីចឹង មិនដឹងខួរក្បាលអីទេ! »
ពលរដ្ឋខ្មែរ ទោះជាចូលសញ្ជាតិគេក្តី មិនទាន់ចូលសញ្ជាតិគេក្តី ឬមិនចង់ចូលសញ្ជាតិផ្សេងក្តី សុទ្ធតែនិយាយថា រត់ចេញពីសង្គ្រាម គេចពីរបបកុម្មុយនីស្ត ទាំងមុនទាំងក្រោយ ពីទារុណកម្ម គេដេញតាមចាប់តាមចងធ្វើទុក្ខបុកម្នេញ។ បើមានវិចារណញ្ញាណ គួរកុំភ្លេចសួរខ្លួនឯង ថាតើមូលហេតុអ្វីបានជាចាកចេញពីមាតុភូមិរបស់ខ្លួន ទៅរស់នៅលើទឹកដីថ្មី? មានការសាកសួរដេញដោលគ្នាក្នុងមជ្ឈដ្ឋានខ្មែរខ្លះថា៖
- អ្នកបានទៅរស់នៅក្រៅប្រទេស ហើយបែរជាគាំទ្ររបបគ្រប់គ្រងបែបកុម្មុយនីស្តផ្ដាច់ការវិញ តើអ្នកទាំងនោះពិតជាជនភៀសខ្លួនពីស្រុកខ្មែរមែនឬមិនមែន? តើនិយាយប្រាប់រដ្ឋការនៃទឹកដីថ្មីនោះថាខ្លួនចង់មករស់នៅលើទឹកដីថ្មីដោយសារអ្វី?
- តើខ្លួននិយាយប្រាប់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសថ្មីខ្លួនចង់រស់នៅជាលាយលក្ខណ៍អក្សរផង ជាពាក្យសម្បថផងនោះ ថាខ្លួននៅតែពេញចិត្តរបបគ្រប់គ្រងបែបកុម្មុយនីស្តផ្ដាច់ការដដែល ឬយ៉ាងណា?
អ្នកស្រីជនជាតិខ្មែរម្នាក់ដែលរៀបរាប់អំពីមនុស្សចាស់ៗដែលស្ម័គ្រចិត្តទៅគាំទ្ររបបក្រុងភ្នំពេញសព្វថ្ងៃក្នុងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជានោះ មិនខុសទេ ពីព្រោះ អ្នកខ្លះទទួលផលប្រយោជន៍ប្រចាំខែជាថវិកាពីរដ្ឋ ដែលជួយពលរដ្ឋរបស់គេឲ្យមានលទ្ធភាពរស់បាន ជាប្រាក់ឧបត្ថម្ភមនុស្សចាស់ ជរា ពិការ ហៅថា disability benefits។ អ្នកខ្លះទទួលប្រាក់ឧបត្ថម្ភផ្នែកសុខុមាលភាព ហៅថា social welfare។ ប្រាក់ឧបត្ថម្ភប្រភេទទាំងនេះ គឺរដ្ឋចំណាយដើម្បីជួយពលរដ្ឋម្នាក់ៗឲ្យរស់បានក្នុងប្រទេសរបស់គេ មិនមែនសម្រាប់យកទៅជួយឧបត្ថម្ភរដ្ឋអំណាចបរទេសណាមួយតាមរូបភាពណាមួយនោះទេ។
ពលរដ្ឋខ្មែរមួយចំនួននិយាយតាមរបៀបគិតខ្លីៗ រាក់ៗ ឬនិយាយរបៀបយកលេសដោះទ័លដើម្បីរក្សាប្រយោជន៍ លាភសក្ការៈ លុយកាក់ បុណ្យស័ក្តិ ឋានៈ និងមុខមាត់របស់គេផ្ទាល់ខ្លួន ថារបបគ្រប់គ្រងសព្វថ្ងៃដែលគេយកស្តេចជាខែលដាក់ពីមុខ ជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស បោះឆ្នោតប្រាំម្តងៗ ក្រោមការដឹកនាំនៃបក្សប្រជាជនកម្ពុជា ថាយើងជាខ្មែរដូចគ្នា។
គេពោលរំឭកខ្មែរឯទៀតដែលមានគំនិតផ្សេងថា យើងគួរតែចេះសាមគ្គីគ្នា ឯកភាពគ្នា កុំយកខ្មែរគ្នាឯងជាសត្រូវ ត្រូវតែចេះផ្សះផ្សា រួបរួមគ្នា គិតប្រយោជន៍ជាតិជាធំ។ល។ ធាតុពិត បង្កប់ក្នុងពាក្យពេចន៍ឃ្លាប្រយោគទាំងអស់នេះ គឺសំដៅឲ្យខ្មែរស្នេហាប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌សង្គម ទៅរួមរស់ជាមួយពួកផ្ដាច់ការ ដើរតាមមាគ៌ាអត្តាធិបតេយ្យផ្ដាច់មុខ យកប្រព័ន្ធកុម្មុយនីស្តជាក្បាលម៉ាស៊ីនដឹកនាំ ដោយមិនអនុញ្ញាតឲ្យមានទស្សនៈជំទាស់ដាច់ខាត។
មន្ត្រីក្នុងបក្សប្រជាជនកម្ពុជា នាំគ្នានិយាយអំពីប្រជាធិបតេយ្យប្រាប់ពិភពលោក ថារបបសព្វថ្ងៃកំពុងតែអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិសេរីភាពពលរដ្ឋគ្រប់រូប តាមខ្លឹមសារចែងក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ គេលើកយកករណីមានបក្សនយោបាយចុះបញ្ជីរាប់មិនអស់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន ទៅបង្អួតសាធារណជនក្នុង និងក្រៅប្រទេស ហើយប្រៀបនឹងសហរដ្ឋអាមេរិកថា មហាអំណាចលោកសេរីមានគណបក្សតែ ២ ឬ ៣ រីឯប្រទេសកម្ពុជា មានគណបក្សយ៉ាងតិច ៤០។ តើហ្នឹងគេមិនហៅថាមានសិទ្ធិ មានសេរីភាព មានប្រជាធិបតេយ្យទេឬ?
ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គេនាំគ្នាធ្វើសេចក្តីសម្រេចប្ដេជ្ញាចិត្តដូច្នេះតាមសម្ដីលោក ហ៊ុន សែន ប្រធានបក្ស៖ «ប្ដេជ្ញាកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។»
មុននឹងយើងផ្តើមរាយការណ៍បន្តទៅទៀតអំពីអ្វីដែលហៅថា បណ្ដាញយុវជនបក្សប្រជាជនកម្ពុជានៅបរទេស យើងសូមលើកសំណួរពីពលរដ្ឋខ្មែរខ្លះថា តើបក្សនេះគិតគូរប្រយោជន៍ខ្មែរពិតប្រាកដ ជាជាតិសាសន៍ ហៅថាបែបប្រជាជាតិនិយម (nationalism) ឬគិតគូរបែបអន្តរជាតិនិយម ហៅថា internationalism។
អ្នកដឹកនាំបក្សប្រជាជនកម្ពុជា តែងតែនិយាយថា មានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ ដែលនឹងនាំទៅរកភាពរុងរឿង សម្បូរសប្បាយ។ ដូច្នេះ ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែដឹងគុណអ្នករកសន្តិភាពរួមដៃគ្នារក្សាសន្តិភាព។
ធាតុពិតដែលគេបង្កប់ ហើយអ្នកខ្លះដូចជាមើលមិនឃើញនោះ គឺគេឲ្យពលរដ្ឋជួយរក្សាសន្តិភាព ដើម្បីផ្តល់ឱកាសឲ្យគ្រួសារ បក្ខពួក សែស្រឡាយ មិត្តភក្ដិ ក្លើម្រាក់ កាន់អំណាចតវង្សត្រកូល និងឲ្យបរទេសមានជនជាតិយៀកណាម និងជនជាតិចិន ជាដើម មកស្រូបយកផលពីធនធានធម្មជាតិក្នុងទឹកដីខ្មែរលើគ្រប់វិស័យ ហើយចែកប្រយោជន៍គ្នាធ្វើសេដ្ឋីរៀងៗខ្លួន។
ចំណែកឯខ្មែរម្ចាស់នគរ គេឲ្យនៅតែក្ររហូត ឬត្រូវចេញទៅស៊ីឈ្នួលគេ រកប្រាក់ពីបរទេសចិញ្ចឹមជីវិតផង បញ្ជូនមកស្រុកវិញផង ដែលទីបញ្ចប់ គេចាត់ចូលជាផលទុនក្នុងស្រុកសរុប GDP ឬផលទុនជាតិសរុប GNP។ ផ្ទុយទៅវិញ ពួកបដិវត្តន៍រំលំវណ្ណៈ និងពួកចាំប្រមូលផលជាមួយពួកបដិវត្តន៍ក្រហម បន្ទោសថា ខ្មែរខ្ជិលបានជាក្រ។ បើមានអ្នកលាតត្រដាងការពិត រិះគន់របៀបគ្រប់គ្រងជិះជាន់សង្កត់សង្កិនសម្លាប់មនុស្ស បង្ហិនបង្ហោចភោគទ្រព្យជាតិខ្មែរ គេចោទថាជាពួកឧទ្ទាម អគតិ ជ្រុលនិយម បំពុលសង្គម មានចេតនាបំផ្លាញសេចក្តីសុខអ្នកដទៃ។
ទោះជាយ៉ាងណាក៏ដោយ ការពិតនៅតែជាការពិត ថ្វីបើមានមនុស្សព្យាយាមបំផ្លើស បន្លំបំភ័ន្តភ្នែក បង្វែរសាច់រឿងយ៉ាងណាក្តី។ យើងបានផ្សាយច្រើនដងហើយអំពីទំហំផ្ទៃដីស្រុកខ្មែរដែលបរទេសកាន់កាប់ផ្ដាច់មុខតាមរយៈការធ្វើសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា ពីកន្លះដល់មួយសតវត្សរ៍ ការបំផ្លាញធនធានធម្មជាតិខ្មែរ ព្យាយាមរំលាយអធិបតេយ្យជាតិ ឯករាជភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីខ្មែរ ការបណ្តោយឲ្យមានវប្បធម៌លាយឡំច្របូកច្របល់ បែងចែកមិនឲ្យដាច់រវាងខ្មែរ និងបរទេស ការសរសេរប្រវត្តិសាស្ត្របន្លំការពិតទៅតាមចិត្តអ្នកបដិវត្តឈ្នះសង្គ្រាមចង់បាន ការមិនអនុញ្ញាតឲ្យកូនខ្មែររៀនអំពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រខ្មែរពិតប្រាកដ។
តើបក្សប្រជាជនកម្ពុជា មានឫសគល់ចេញពីជ្រុងណា ពីគំនិតអ្នកណា បង្កើតដំបូងនៅឆ្នាំណា ហើយប្លែងឈ្មោះប៉ុន្មានដង បានជាមិនសូវខ្វល់ខ្វាយអំពីជាតិសាសន៍ខ្មែរ?
តាមសៀវភៅ Les clés du Cambodge រៀបរៀងដោយបណ្ឌិត Raoul Jennar ពីពាក់កណ្តាលដល់ជិតចុងខែមីនា ឆ្នាំ១៩៥០ សឺង ង៉ុក មិញ តំណាងឲ្យពួកកុម្មុយនីស្តខ្មែរ ជួបជាមួយតំណាងពួកកុម្មុយនីស្តយៀកណាម ឡេ ឌឹកថ នៅហាទៀង ប្រទេសយៀកណាមខាងត្បូង។ ឡេ ឌឹកថ ឲ្យគំនិត សឺង ង៉ុក មិញ បង្កើតគណៈកម្មាធិការកណ្តាលបណ្ដោះអាសន្នរំដោះប្រជាជន (Comité Central provisoire de Libération du Peuple = CCLP) ហើយនៅជិតដាច់ខែវិច្ឆិកា ឆ្នាំ១៩៥០ តំណាងប្រតិភូខ្មែរដឹកនាំដោយ ស៊ីវ ហេង លាវ ដឹកនាំដោយ សុផានុវង្ស និងយៀកមិញ ដឹកនាំដោយ តុន ឌឹក ថាង ជួបគ្នាដើម្បីរៀបចំបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន ជាអង្គការស្វយ័តត្រីភាគីតាមគំនិត ហូ ជីមិញ ឆ្នាំ១៩៣០ ប៉ុន្តែសម្រួលកិច្ចសហការជាមួយគ្នា។
ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥១ ប្រតិភូខ្មែរ ៩នាក់ជួបជាមួយ ឡេ ឌឹកថ ហើយសម្រេចបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ។ ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៤៩ ចលនាខ្មែរឥស្សរៈដឹកនាំដោយ ដាប ឈួន ហៅ ម្ជុលពេជ្រ ឲ្យឈ្មោះថា គណៈកម្មាធិការរំដោះប្រជាពលរដ្ឋខ្មែរ ហើយក្រោយមកដូរឈ្មោះជា គណៈកម្មាធិការរំដោះជាតិខ្មែរ។ ចន្លោះខែមីនា ដល់ខែមិថុនា ឆ្នាំ១៩៤៩ ទំនាស់រវាងក្រុមខ្មែរឥស្សរៈជាតិនិយម ស្តាំនិយម និងឆ្វេងនិយម ផ្ទុះឡើងរហូតដល់ប៉ះទង្គិចគ្នាតាមអាវុធ។
ឆ្នាំ១៩៥០ ខែមីនា មានកូដកម្មកើតឡើងក្នុងចម្ការកៅស៊ូជប់ ខេត្តកំពង់ចាម ហើយដល់ពាក់កណ្តាលខែមេសា មានបើកសមាជលើកទី១ នៅកំពង់សោមលើ ដោយចលនាតស៊ូខ្មែរមានយុទ្ធជនប្រដាប់អាវុធ ២០០នាក់ លោកសង្ឃ ១០៥អង្គ បង្កើតរណសិរ្សរួបរួមឥស្សរៈ ដែលមាន សឺង ង៉ុក មិញ ជាប្រធាន។ ចលនា និងរណសិរ្សនោះក្រោយមកបង្កើតរដ្ឋាភិបាលនៃចលនាតស៊ូខ្មែរ។
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៥០ សឺង ង៉ុក មិញ ប្រកាសថា រណសិរ្សរួបរួមឥស្សរៈកាន់កាប់ទឹកដី ១ភាគ៣ ហើយប្រកាសឯករាជ្យលើទឹកដីខ្មែរដោយប្រើទង់ជាតិផ្ទាំងពណ៌ក្រហម មានប្រាសាទអង្គរវត្តកំពូល៥ ពណ៌លឿងនៅចំកណ្តាល។ ក្រោយមកទៀត មានការផ្ដួចផ្ដើមគំនិតបង្កើតបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាបក្សកុម្មុយនីស្តកម្ពុជា។
គេមិនដឹងថា ហេតុអ្វីបក្សប្រជាជនបដិវត្តន៍កម្ពុជា យកថ្ងៃទី២៨ ខែមិថុនា ជាថ្ងៃកំណើតបក្សនោះទេ ពីព្រោះព្រឹត្តិការណ៍ធំៗទាក់ទងនឹងកំណើតបក្សនេះ គឺមានពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥១ ជាថ្ងៃសមាជបក្សលើកទី២ នៃបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលប្រែឈ្មោះក្លាយទៅជាបក្សពលករយៀកណាម។ រីឯថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥១ សឺង ង៉ុក មិញ ឡើងជាប្រធានបក្សកុម្មុយនីស្តខ្មែរ ដែលមាន ទូ សាមុត ជាអនុប្រធាន ព្រមទាំងជាថ្ងៃបង្កើតគណៈកម្មាធិការមជ្ឈិមបក្សបណ្ដោះអាសន្ននៃបក្សប្រជាជនបដិវត្តន៍កម្ពុជា។
ចុងខែកញ្ញា ឆ្នាំ១៩៦០ នួន ជា សាឡុត ស អៀង សារី សម្រេចដូរឈ្មោះបក្សប្រជាជនបដិវត្តន៍ខ្មែរ និងកម្ពុជា ទៅជាបក្សពលករកម្ពុជា ដោយចាត់តាំង ទូ សាមុត ជាអគ្គលេខាធិការ ព្រោះតែមើលឃើញការពង្រីកកម្លាំងនៃពួកយៀកមិញ ព្រមទាំងចង់បញ្ចប់ឥទ្ធិពលយៀកណាម លើបក្សកុម្មុយនីស្តកម្ពុជា។ ពួកយៀកមិញ ចោទថា ពួក ប៉ុល ពត សម្លាប់ ទូ សាមុត ប៉ុន្តែតាមឯកសារ ទូ សាមុត បានចាកចេញពី សឺង ង៉ុក មិញ ទៅនៅខាងពួក ប៉ុល ពត វិញទៅហើយ។
មុនសម័យបោះឆ្នោតសកលរៀបចំដោយអង្គការសហប្រជាជាតិ ឆ្នាំ១៩៩៣ បក្សប្រជាជនបដិវត្តន៍កម្ពុជាប្រែឈ្មោះជាបក្សប្រជាជនកម្ពុជាវិញរហូតដល់សព្វថ្ងៃ ពោលគឺលែងប្រើពាក្យប្រជាជនខ្មែរជាស្ថាពរ។ ដូច្នេះ បក្សប្រជាជនកម្ពុជា បង្កើតដោយមេបក្សកុម្មុយនីស្តយៀកណាម ក្នុងក្របខ័ណ្ឌសហព័ន្ធឥណ្ឌូចិន Indochina Federation វៀតណាម កម្ពុជា លាវ ដែលយៀកណាម ហៅថា “បីនាក់បងប្អូន”។
សម្តេច នរោត្តម សីហនុ ហៅខ្មែរក្នុងចលនាបដិវត្តន៍ហាណូយនិយមដឹកនាំដោយ សឺង ង៉ុក មិញ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៥១ ថា ខ្មែរយៀកមិញ។ មុនការបើកសន្និសីទទីក្រុងហ្សឺណែវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងចលនាទ័ពព្រៃយៀកមិញលើទឹកដីខ្មែរ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ សឺង ង៉ុក មិញ ទាមទារនៅថ្ងៃទី៣ ឧសភា ឲ្យរដ្ឋាភិបាលតស៊ូកម្ពុជានៃរណសិរ្សរួបរួមឥស្សរៈរបស់ខ្លួន ចូលជាតំណាងផ្លូវការក្នុងសន្និសីទនោះ ដោយអះអាងថាខ្លួនមានទ័ព ៣៥០០នាក់ និងកាន់កាប់ទឹកដីខ្មែរ ១ភាគ៣។ ប្លុកកុម្មុយនីស្ត ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ជំទាស់នឹងសំណើនោះ។ អន្តរជាតិតម្រូវឲ្យកងទ័ពយៀកមិញ ចេញពីទឹកដីខ្មែរ។
ក្នុងសៀវភៅនិពន្ធដោយសាស្ត្រាចារ្យ Roger Smith នៃសាកលវិទ្យាល័យ វ៉ាស៊ីនតុន បោះពុម្ពដោយសាកលវិទ្យាល័យ Cornell នាឆ្នាំ១៩៦៥ នាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង នៃសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម (យៀកណាមខាងជើង) លើកហេតុផលដោយចោទជាសំណួរនៅទីក្រុងហ្សឺណែវ ថា តើគេគួរចាត់ទុករដ្ឋាភិបាលបង្កើតដោយខ្មែរកុម្មុយនីស្តគាំទ្រដោយទាហានយៀកមិញ ជាកិច្ចការផ្ទៃក្នុង ឬជាការជ្រៀតជ្រែកពីកម្លាំងបរទេស?
ផាំ វ៉ាន់ដុង ក៏ទទូចទាមទារក្នុងអង្គប្រជុំថា បើមិនអនុញ្ញាតឲ្យទាហានទ័ពព្រៃយៀកណាមក្នុងចលនាយៀកមិញ រស់នៅក្នុងស្រុកខ្មែរទៅអនាគត យ៉ាងហោចក៏អនុញ្ញាតឲ្យទាហានទ័ពព្រៃខ្មែរក្នុងចលនាយៀកមិញរស់នៅប្រទេសកម្ពុជាដែរ។ សំណើទាំងអស់នោះត្រូវបានគណៈប្រតិភូអ្នកស្នេហាជាតិខ្មែរមានលោក ទេព ផន លោក នង គឹមនី និងលោក សម សារី ជាដើម ជំទាស់មិនព្រមទទួលយកដាច់ខាត ដោយមានការគាំទ្រពីមហាអំណាចសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ផង។
មហាអំណាចទទួលស្គាល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច នរោត្តម សីហនុ ជារដ្ឋាភិបាលស្របច្បាប់ និងឲ្យទ័ពព្រៃបរទេសយៀកមិញ ចាកចេញពីទឹកដីខ្មែរឲ្យអស់រយៈពេល ៩០ថ្ងៃ។
សម្តេចព្រះ នរោត្តម សីហនុ បង្គាប់ឲ្យនាយករដ្ឋមន្ត្រី ប៉ែន នុត ផ្ញើសារឲ្យពួកយៀកមិញ ដាក់អាវុធ ឬចេញពីស្រុកខ្មែរ ដោយសរសេរថា៖ «យុទ្ធជនយៀកមិញ អ្នកធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រក្រោមលេសថាជួយឲ្យប្រទេសនេះបានឯករាជ្យ រាជរដ្ឋាភិបាលសូមជម្រាបអស់លោកថា យើងទទួលបានឯករាជ្យតាមមធ្យោបាយខ្លួនឯង»…«យើងគ្រាន់តែសុំថា អ្នកឲ្យយើងរស់របៀបយើង ហើយសុំឲ្យអ្នកចាកចេញពីទឹកដីយើងតែប៉ុណ្ណោះ។»
លោក ទេព ផន ឆ្លើយតបទៅការចោទប្រកាន់ពីនាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង ថា សហរដ្ឋអាមេរិកចង់បង្កើតចក្រពត្តិនិយមនៅឥណ្ឌូចិន ថា៖ «សហរដ្ឋអាមេរិកប្រាថ្នាធ្វើតាមតែប្រពៃណីសេរីភាពរបស់ខ្លួន ដើម្បីការពារប្រទេសខ្ញុំប្រឆាំងនឹងការឈ្លានពានបរទេសប៉ុណ្ណោះ។ សហរដ្ឋអាមេរិក គ្មានប្រាថ្នាបង្កើតដែនដីអាណានិគមអ្វីទេ គឺគ្រាន់តែឧបត្ថម្ភយើងនូវមធ្យោបាយរក្សាឯករាជភាពរបស់យើង និងការពារប្រទេសយើង មិនឲ្យនៅក្រោមអាណានិគមចក្រពត្តិនិយមកុម្មុយនីស្តតែប៉ុណ្ណោះ។»៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.