The Cambodia Daily Khmer

តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជម្រះ​ក្តី​សកម្មជន​ការពារ​បរិស្ថាន​ដប់​នាក់​នៅ​ថ្ងៃទី​២៩ ឧសភា

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​នាក់ និង​យុវជន​ប្រមាណ ២០​នាក់​ផ្សេង​ទៀត ធ្វើ​យុទ្ធនាការ​ដើរ​ជា​ក្បួន​ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣។

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​សំណុំរឿង «រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» ទៅ​លើ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ជនជាតិ​អេស្ប៉ាញ និង​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​លិខិត​កោះហៅ​មេធាវី សំ ចំរើន និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ សកម្មជន​បរិស្ថាន​ទាំង ១០​នាក់ ឲ្យ​ចូល​ខ្លួន​បើក​សវនាការ​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ គឺ​មាន​ឈ្មោះ​លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ជនជាតិ​អេស្ប៉ាញ លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី, ប៉ិញ ពិសិដ្ឋ, រ៉ៃ រក្សា ហៅ រ៉ី រក្សា, ពក ខើយ ហៅ ពក ខឺយ ដែល​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ។ នៅ​ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំងនេះ មាន​យុវជន លី ចាន់ដារ៉ាវុត ដែល​ទើប​វិលត្រឡប់​ពី​ក្រៅ​ប្រទេស បាន​ប្រកាស​តាម​ហ្វេសប៊ុក​ថា លោក​នឹង​ចូលរួម​សវនាការ​ដើម្បី​តតាំង​រឿងក្ដី​មួយ​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើង​ថា កញ្ញា និង​សមាជិក​ផ្សេង​ទៀត​បាន​ត្រៀម​ខ្លួន​ចូលរួម​សវនាការ​នា​ពេល​ខាងមុខ ទោះបីជា​អាជ្ញាធរ​អាច​នឹង​ចាប់​ខ្លួន​កញ្ញា និង​សមាជិក​ផ្សេង​ទៀត​ជា​ថ្មី​ក្ដី។ កញ្ញា​ថា ការ​ចូលរួម​សវនាការ​នេះ​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​យុវជន និង​ពលរដ្ឋ​ខ្មែរ​ឱ្យ​បន្ត​ការពារ​ធនធាន​ធម្មជាតិ ទោះជា​គ្មាន​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ក៏ដោយ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ នឹង​មិន​បោះបង់​កិច្ច​ការពារ​បរិស្ថាន​នោះ​ទេ ទោះបីជា​រាជរដ្ឋាភិបាល​ប្រើប្រាស់​វិធានការ​យក​តុលាការ​គាប​សង្កត់​ក្ដី។ កញ្ញា​លើកឡើង​ថា ការ​ចូលរួម​សវនាការ​នៅ​ក្នុង​តុលាការ គឺជា​ការ​បញ្ជាក់​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ មិន​បាក់​ស្មារតី​ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។

ចំណែក​ឯ​យុវជន លី ចាន់ដារ៉ាវុត ដែល​ទើប​វិលត្រឡប់​ពី​ក្រៅ​ប្រទេស បាន​ប្រកាស​តាម​ហ្វេសប៊ុក​ថា លោក​នឹង​ចូលរួម​សវនាការ​ដើម្បី​តតាំង​រឿងក្ដី​មួយ​នេះ។ យុវជន​រូប​នេះ​អះអាង​ថា បើ​ទោះ​ជម្រើស​របស់​លោក​លើក​នេះ​នៅតែ​អាច​ជា​ជម្រើស​ខុស​សម្រាប់​ខ្លួនឯង ក៏​លោក​គិត​ថា​វា​នៅតែ​ជា​រឿង​ប្រសើរ​ដែល​បាន​បម្រើ​ដល់​ជាតិ និង​ប្រជាជន​របស់​លោក។

បើ​តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​លីកាដូ (LICADHO) ឱ្យ​ដឹង​ថា សមាជិក​ចលនា​មាតា​ធម្មជាតិ​ទាំង ១០​នាក់​នោះ មាន ៥​នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ម្តង​រួច​ហើយ​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៨​ខែ​ទៅ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល ពី​បទ​ញុះញង់ និង​សម​គំនិត។ ការ​ចោទ​ប្រកាន់​នោះ គឺ​បន្ទាប់ពី​ពួកគេ​ធ្វើ​យុទ្ធនាការ​ដោយ​សន្តិវិធី​ដើម្បី​ការពារ​បឹង​តាមោក។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​កាត់ទោស​កន្លង​មក​រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ជា គន្ធីន និង​លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ក៏ប៉ុន្តែ​សម្រាប់​កញ្ញា ជា គន្ធីន និង​លោក អាឡិចហ្សង់ដ្រូ គឺ​មិន​បាន​ជាប់​ពន្ធនាគារ​នោះ​ទេ។

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ឯករាជ្យ លោក ស៊ឹង សែនករុណា ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ដោយសារ​តែ​បណ្តឹង​របស់​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​លើក​ទឹកចិត្ត​ការងារ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ជាជាង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​ទៅ​លើ​ពួកគេ។ លោក​ថា ក្រសួង​បរិស្ថាន គួរ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​ការ​លើកលែង​បទ​ចោទ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ហ៊ាន​លើក​យក​បញ្ហា​បរិស្ថាន​កើត​មាន​នៅ​តាម​សហគមន៍​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពានរង្វាន់​អ្នក​ការពារ​ជួរមុខ​ពី​អង្គការ Front Line Defenders និង​ពានរង្វាន់ រ៉ាយ ឡាយលីហ៊ូត (Right Livelihood) ពី​ប្រទេស​ស៊ុយអែត (Sweden) ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។

អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​បង្កើត​ឡើង​ដោយ​លោក អាឡិច ត្រូវ​បាន​ក្រសួង​មហាផ្ទៃ សម្រេច​លុប​ចោល​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​លាតត្រដាង​ការពិត​មួយ​ចំនួន​នៅ​តំបន់​អារ៉ែង និង​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង។ ចំណែក​លោក អាឡិច ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​បុរស​ជនជាតិ​អេស្ប៉ាញ រូប​នេះ ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ជា​រៀង​រហូត។

មជ្ឈដ្ឋាន​អ្នក​តាមដាន​មួយ​ចំនួន​សង្កេត​ឃើញ ហើយ​លើក​ជា​សំណួរ​ថា តើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​រុកកួន​សកម្មជន​ការពារ​បរិស្ថាន​មិន​ឲ្យ​មាន​លទ្ធភាព ឬ​ឱកាស​ធ្វើ​ការងារ​បម្រើ​ប្រយោជន៍​សាធារណៈ​ក្នុង​សង្គម​ខ្មែរ​ពី​សំណាក់​តុលាការ ជា​មធ្យោបាយ​មួយ​បោស​សម្អាត​សកម្មជន​ជា​សមាជិក​សង្គម​ជាតិ​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា ឬ​យ៉ាងណា ពីព្រោះ​បើ​គេ​បន្ត​រស់នៅ​ធ្វើការ​ក្នុង​ប្រទេស គេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត ចាប់​ដាក់​គុក ចុងបញ្ចប់​ត្រូវ​រត់​ចោល​ស្រុក៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version