នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងរាជរដ្ឋាភិបាល ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ នេះបើយោងតាមសារាចរមួយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១២ មិថុនា នេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្រសួង-ស្ថាប័នទាំងអស់ត្រូវពិនិត្យ និងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ក្នុងការកែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់ផងដែរ។ ជាងនេះទៀត ក្រសួង-ស្ថាប័នទាំងអស់ មិនត្រូវបង្កើនចំនួនអង្គភាព ឬបន្ថែមទម្រង់បែបបទ និងនីតិវិធីដែលមានស្រាប់នៅតាមអង្គភាពរបស់ខ្លួនឡើយ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដោយឡែកការបង្កើត និងការកែសម្រួលក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ ឬអង្គភាពថ្មី ដើម្បីបំពេញបេសកកម្ម និងមុខងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង-ស្ថាប័ន ក្រសួង-ស្ថាប័ននោះត្រូវប្រើប្រាស់រចនាសម្ព័ន្ធគ្រប់គ្រងដែលមានស្រាប់របស់ក្រសួង-ស្ថាប័នធ្វើជាលេខាធិការដ្ឋាន ដោយមិនត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងអចិន្ត្រៃយ៍ថ្មីជាដាច់ខាត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មិថុនា នេះថា ដើម្បីរៀបចំឱ្យការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័នមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវពង្រឹងវិធានការនានាចំពោះក្រសួង-ស្ថាប័នសាមីឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីឱ្យក្រសួង-ស្ថាប័ននីមួយៗមានការទទួលខុសត្រូវលើតួនាទីរបស់ខ្លួន។
លោក សេក សុជាតិ លើកឡើងថា រដ្ឋាភិបាលក៏ត្រូវបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួនឱ្យមានការយល់ដឹងខ្ពស់ពីភារកិច្ចរបស់ខ្លួនដែរ ក្នុងការដឹកនាំការងារក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។ ជាងនេះទៀត ក៏មិនត្រូវឱ្យមានការអនុវត្តការងារដោយរំលងតួនាទីដាច់ខាត ដូចជា ការលូកដៃពីមន្ត្រីដែលមានអំណាចចូលក្នុងដែនសមត្ថកិច្ចរបស់ពួកគេ ព្រោះការធ្វើដូច្នេះ ជាមូលហេតុធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងធ្វើឱ្យបាត់បង់ប្រសិទ្ធភាពការងាររបស់ក្រសួង-ស្ថាប័នទាំងនោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ចុងក្រោយ ការអនុវត្តវិធានការច្បាប់ គឺជារឿងសំខាន់បំផុតដែលរដ្ឋាភិបាលត្រូវតែប្រកាន់យក ដើម្បីធានាភាពយុត្តិធម៌សម្រាប់មន្ត្រីរបស់ខ្លួនដែលកំពុងបំពេញភារកិច្ចនៅតាមក្រសួង-ស្ថាប័នទាំងនោះ។
លោក សេក សុជាតិ គូសបញ្ជាក់ថា ទោះការកែសម្រួលរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័នដោយការដាក់មនុស្សមានសមត្ថភាពទៅតាមតួនាទីបានត្រឹមត្រូវក៏ដោយ ប៉ុន្តែបើការអនុវត្តច្បាប់មិនរឹងមាំ ដោយការប្រកាន់បក្ខពួក ជាដើម នោះអ្វីដែលនាយករដ្ឋមន្ត្រីចង់ គឺត្រូវរលាយទាំងអស់ ព្រោះមន្ត្រីដែលមានសមត្ថភាពដែលចង់បំពេញការងារពិតប្រាកដ នឹងមិនអាចអនុវត្តការងាររបស់ពួកគេបានជាដាច់ខាត។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែបង្រួមក្រសួង-ស្ថាប័នជាតិឲ្យតិចជាងពេលបច្ចុប្បន្ន និងជម្រុះមន្ត្រីរាជការដែលគ្មានសមត្ថភាពចោលទាំងអស់ ជាពិសេសមន្ត្រីរាជការដែលឡើងតាមសែស្រឡាយបក្ខពួក ដើម្បីធានានូវការប្រើប្រាស់ថវិកាជាតិឲ្យចំគោលដៅ និងមានប្រសិទ្ធភាពការងារខ្ពស់។
ប្រភពដដែលលើកឡើងថា ប្រព័ន្ធដឹកនាំរដ្ឋាភិបាលនៅកម្ពុជាបច្ចុប្បន្នមានការងារតិច ប៉ុន្តែបង្កើតក្រសួង-ស្ថាប័នច្រើន ដែលនាំឱ្យមានមន្ត្រីច្រើន ជាហេតុនាំឱ្យមានការចំណាយលុយជាតិក៏កាន់តែច្រើនដែរ ខណៈលទ្ធផលការងារទទួលបានតិចតួច ដោយសារតែការអនុវត្តច្បាប់ធូររលុង។
អតីតប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ធ្លាប់បានលើកឡើងថា ប្រព័ន្ធនៃការអនុវត្តការងាររបស់ក្រសួង-ស្ថាប័នជាតិនីមួយៗសព្វថ្ងៃនេះ គឺស្ថិតក្រោមបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់ ដូច្នេះរដ្ឋមន្ត្រីដែលមានជំនាញតាមក្រសួង-ស្ថាប័ននានា មិនអាចអនុវត្តផែនការរបស់ជាតិបានទេ។
លោក ប៉ា ងួនទៀង លើកឡើងថា បច្ចុប្បន្ននេះ លោក ហ៊ុន សែន បានរៀបចំខ្សែបណ្ដាញបក្ខពួក និងការចងសម្ពន្ធភាពកាន់តែជិតស្និទ្ធរវាងមន្ត្រីធំៗជាមួយនឹងគ្រួសាររបស់គាត់ ឱ្យក្តោបក្តាប់ក្រសួង-ស្ថាប័នជាតិស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះប្រព័ន្ធនៃការគ្រប់គ្រងនេះនឹងមិនអាចមានការរីកចម្រើនដល់ជាតិនោះទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
