The Cambodia Daily Khmer

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ដង្ហែ​ញត្តិ​ជា​ថ្មី​ទៅ​ក្រសួង​បរិស្ថាន ទាមទារ​ឱ្យ​ដាក់​កោះកុងក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ

ក្រុម​យុវជន​បរិស្ថាន​ប្រមាណ ២០​នាក់ ដង្ហែ​ញត្តិ​ដោយ​ថ្មើរជើង​ទៅ​កាន់​ក្រសួង​បរិស្ថាន ដើម្បី​សុំ​ឱ្យ​ក្រសួង​ជួយ​បកស្រាយ​ពី​ការ​ពន្យារ​ពេល​ដាក់​កោះកុងក្រៅ ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤។

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ជាច្រើន​នាក់ ដង្ហែ​ញត្តិ​តាម​ដងផ្លូវ​ជា​ថ្មី​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ដាក់​កោះកុងក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​តាម​ការ​សន្យា​របស់​ខ្លួន​កាលពី ៤​ឆ្នាំ​មុន ក្នុង​បំណង​ការពារ​កោះកុងក្រៅ កុំ​ឱ្យ​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន។

ក្រុម​យុវជន​បរិស្ថាន​ប្រមាណ ២០​នាក់ បាន​ដង្ហែ​ញត្តិ​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ថ្មើរជើង​ទៅ​កាន់​ក្រសួង​បរិស្ថាន ដោយ​ការ​គូរ​មុខ​ប្លែកៗ និង​យក​ក្រណាត់​ពណ៌​ស​ចង​ក្បាល ព្រមទាំង​យក​កន្សែង​ពានា​ពាក់​ឆៀង​លើ​ខ្លួន​សម្ដែង​ការ​កាន់ទុក្ខ​ផង​ដែរ ដើម្បី​សុំ​ឱ្យ​ក្រសួង​ជួយ​បកស្រាយ​ពី​ការ​ពន្យារ​ពេល​ដាក់​កោះកុងក្រៅ ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ក្រុម​យុវជន​បរិស្ថាន​ទាំងនេះ នាំគ្នា​កាន់​បដា​ដែល​បាន​សរសេរ​ផ្សេងៗ ដូចជា​សរសេរ​ថា ហេតុ​អ្វី​ក្រសួង​បរិស្ថាន ក្បត់​សន្យា​មិន​ព្រម​ដាក់​កោះកុងក្រៅ ជា​ឧទ្យាន​សមុទ្រ ជាដើម។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ លើកឡើង​ថា ដើម្បី​ឱ្យ​កោះកុងក្រៅ ក្លាយ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ពួកគេ​បាន​ដាក់​ញត្តិ​ជាច្រើនលើក​ច្រើនសា​ទៅ​កាន់​ក្រសួង​បរិស្ថាន នា​ពេល​កន្លង​មក ប៉ុន្តែ​ក្រសួង​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​ពួកគេ​ម្តង​ណា​ឡើយ បើ​ទោះបី​ក្រសួង​ធ្លាប់​សន្យា​កាលពី​ឆ្នាំ​២០២១ ថា​នឹង​ដាក់​កោះកុងក្រៅ ឱ្យ​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ក៏ដោយ។

ការ​ដង្ហែ​ញត្តិ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ដាក់​កោះកុងក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ឱ្យ​បាន​ឆាប់ ក្នុង​បំណង​បញ្ចៀស​ការ​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​កោះ​មួយ​នេះ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ដែល​ជា​កត្តា​នាំ​ទៅ​រក​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​មួយ​នេះ។

កោះកុងក្រៅ ស្ថិត​នៅ​ក្នុង​ភូមិ​អាវឡាតាន់ ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង មាន​ទំហំ​ផ្ទៃដី ១០៣​គីឡូម៉ែត្រ​ក្រឡា ទទឹង​ប្រវែង ៧​គីឡូម៉ែត្រ បណ្តោយ ១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​ឆ្នេរ ៦​កន្លែង គឺ​ឆ្នេរ​ទី​១ ប្រវែង ១៨០០​ម៉ែត្រ និង​ឆ្នេរ​ទី​២ ប្រវែង ២០៥០​ម៉ែត្រ។ ចំណែក​ឆ្នេរ​ទី​៣ ប្រវែង ៧០០​ម៉ែត្រ រីឯ​ឆ្នេរ​ទី​៤ ប្រវែង ៩០០​ម៉ែត្រ ខណៈ​ឆ្នេរ​ទី​៥ ប្រវែង ៧៥០​ម៉ែត្រ និង​ឆ្នេរ​ទី​៦ ប្រវែង ៦៥០​ម៉ែត្រ។ ក្រៅ​ពី​នេះ ក៏​មាន​តំបន់​ទឹកធ្លាក់ ៩​កន្លែង និង​កូនភ្នំ​ជាច្រើន ដែល​មាន​ចម្ងាយ​ត្រឹមតែ ៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​ខេមរភូមិន្ទ។

កាលពី​អំឡុង​ឆ្នាំ​២០១៦ ក្រសួង​បរិស្ថាន បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​កោះកុងក្រៅ ដោយ​អះអាង​ថា​នឹង​ប្រកាស​តំបន់​កោះកុងក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ អំឡុង​ឆ្នាំ​២០២១ ក្រោយពី​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​នោះ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០២៤ នេះ ក្រសួង​បរិស្ថាន មិន​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដើម្បី​ដាក់​កោះកុងក្រៅ​ជា «ឧទ្យាន​ជាតិ​សមុទ្រ» នៅឡើយ​ទេ។

ផ្ទុយទៅវិញ បន្ទាប់ពី​ការ​ចុះ​ស្រាវជ្រាវ​របស់​ក្រសួង​បរិស្ថាន ប្រមាណ​ជា ៣​ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ សេចក្តី​សម្រេច​មួយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​គេ​ទម្លាយ​ជា​សាធារណៈ​អំពី​ការ​ប្រគល់​កោះកុងក្រៅ ទៅ​ឱ្យ​ក្រុមហ៊ុន «កោះកុង អេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG SEZ CO., LTD.)» របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ជាង​នេះ​ទៀត នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​ការ​អភិវឌ្ឍ​លើ​គម្រោង​អភិវឌ្ឍន៍​កោះកុងក្រៅ​របស់​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២០ ថា អ្នកស្រី​មិន​ទាន់​ដឹង​ថា តើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត (Koh Kong SEZ) នឹង​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ខ្លះ​ដល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​កោះកុងក្រៅ​នោះ​ទេ។

ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា គម្រោង​វិនិយោគ​ជាទូទៅ​ត្រូវ​បាន​អនុវត្ត​តែ​ទៅ​លើ​ផ្នែក​ណា​មួយ​ប៉ុណ្ណោះ​នៃ​តំបន់​ធម្មជាតិ​ដែល​រដ្ឋ​បាន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ឯកជន មិន​អាច​គ្របដណ្ដប់​ទាំងស្រុង​នោះ​ទេ។

កោះកុងក្រៅ ជា​កោះ​មួយ​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​គេ​ដឹង​ថា​រដ្ឋាភិបាល​បាន​ប្រគល់​ផ្ដាច់មុខ​ដោយ​ស្ងាត់ៗ​ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ដោយ​មិន​បាន​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ជា​មុន និង​ប្រកាស​ប្រាប់​សាធារណៈ​ឱ្យ​ដឹង​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​នាក់​ហើយ​ដែល​កំពុង​រង​ការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ បន្ទាប់ពី​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ការពារ​បរិស្ថាន និង​ការពារ​តំបន់​កោះកុង​នេះ​ផង​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version