ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលកម្ពុជា ទៅឱ្យក្រុមហ៊ុនវៀតណាម ក្នុងខេត្តទាំង៤ ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) គឺជាការឈ្លានពានទឹកដីខ្មែរបែបថ្មីក្រោមឈ្មោះអភិវឌ្ឍន៍។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ កក្កដា នេះថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តទាំង៤ របស់ខ្មែរនៅតំបន់ត្រីកោណអភិវឌ្ឍន៍រយៈពេល ៩៩ឆ្នាំ គឺស្មើនឹងប្រគល់ដីខ្មែរឱ្យវៀតណាម គ្រប់គ្រងមួយជំនាន់ ឬមួយជីវិតដូច្នោះដែរ ដែលកិច្ចសន្យានេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរក្នុងជំនាន់នេះនឹងមិនបានដឹងថា តើដីសម្បទានទាំងនោះនឹងមានវាសនាដូចដីកម្ពុជាក្រោមដែរឬក៏អត់ទេ។
លោក ម៉ែន ណាត រំលឹកថា ស្តេចជ័យជេដ្ឋាទី២ ធ្លាប់ប្រគល់ឱ្យដីខ្មែរឲ្យវៀតណាម ខ្ចីតែ ៥ឆ្នាំប៉ុណ្ណោះ តែត្រូវវៀតណាម ឈ្លានពានរំលោភយកដីខ្មែរអស់ ២១ខេត្ត ដែលស្ថិតក្នុងទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ងើបឡើងទាមទារឱ្យលោក ហ៊ុន សែន ដកខេត្តទាំង៤ របស់ខ្មែរ ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ជាបន្ទាន់ ព្រោះទង្វើរបស់លោក ហ៊ុន សែន នៅពេលនេះ កំពុងបង្ហាញពីចេតនាប្រគល់ទឹកដីខ្មែរឱ្យបរទេសឈ្លានពានយ៉ាងពិតប្រាកដ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានសម្បទានដីខ្មែររាប់ម៉ឺនហិកតាដល់ក្រុមហ៊ុនវៀតណាម ក្រោមកិច្ចសន្យាអភិវឌ្ឍន៍រយៈពេល ៩៩ឆ្នាំ។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយកាលពីចុងឆ្នាំ២០២៣ ជុំវិញដីសម្បទានក្នុងខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ជាង ២០ម៉ឺនហិកតា (២៤៥៣០៤ហិកតា) នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ក្រោមកិច្ចសន្យារយៈពេល ៩៩ឆ្នាំ។
របាយការណ៍ដដែលបង្ហាញថា ដីសម្បទានសេដ្ឋកិច្ច ១ហិកតាជាមធ្យមត្រូវការកម្មករ ៣នាក់ ដូច្នេះគេរកឃើញថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ជាង ២០ម៉ឺនហិកតានៅតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺត្រូវការកម្មករជាង ៧០ម៉ឺននាក់ (៧៣៥៩១២នាក់)។
អង្គការលីកាដូ បញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាមទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៥៥កន្លែង ដែលមានផ្ទៃដីសរុបជាង ៣៦ម៉ឺនហិកតា (៣៦២៥១៥ហិកតា)។
គេរកឃើញថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ជាង ៣៦ម៉ឺនហិកតានេះ ត្រូវការកម្មករជាង ១លាននាក់ (១០៨៧៥៤៥នាក់) ខណៈកម្មករទាំងនោះត្រូវគេរកឃើញថាជាង ៩០% គឺសុទ្ធតែជាជនជាតិវៀតណាម។
របាយការណ៍របស់រដ្ឋាភិបាល បង្ហាញថា ខេត្តទាំង៤ របស់កម្ពុជា គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍សព្វថ្ងៃនេះ មានផ្ទៃដីសរុបជិត ៥ម៉ឺនគីឡូម៉ែត្រការ៉េ (៤៧២៥៦គីឡូម៉ែត្រការ៉េ) ដែលមានប្រជាជនសរុបជាង ៦០ម៉ឺននាក់ (៦៧៥០៦៨នាក់)។ ចំណែកខេត្តទាំង៤ របស់ឡាវ ក្នុងតំបន់ត្រីកោណមានប្រជាជនសរុបជាង ៨សែននាក់ ស្របពេលដែលខេត្តទាំង៥ របស់វៀតណាម មានចំនួនប្រជាជនសរុបរហូតដល់ជាង ៨លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ននេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
