គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនាពេលកន្លងមក បន្ទាប់ពីមានការកោតសរសើររបស់ប្រទេសចំនួន ១០០ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ UPR លើកទី៤។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការអនុម័តរបាយការណ៍លទ្ធផលនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ UPR លើកទី៤ របស់កម្ពុជា នៅថ្ងៃទី២ ខែតុលា នេះថា មានការផ្តល់អនុសាសន៍ចំនួន ២៧៥ ប៉ុន្តែកម្ពុជាទទួលយកតែ ២៣២អនុសាសន៍ប៉ុណ្ណោះ ខណៈ ៤៣អនុសាសន៍ទៀត គឺជាអនុសាសន៍ដែលមានចរិតនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងមិនស្របជាមួយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ប្រភពដដែលអះអាងថា ប្រទេសជាសមាជិក និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលចូលរួមកិច្ចប្រជុំនេះ បានកោតសរសើរដល់ប្រទេសកម្ពុជាដែលបានទទួលយកអនុសាសន៍ទាំងនេះ និងលើកទឹកចិត្តដល់ប្រទេសកម្ពុជាក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកនេះទៅអនុវត្តប្រកបដោយជោគជ័យថែមទៀត។
គណៈកម្មាធិការនេះបញ្ជាក់ថា អនុសាសន៍ទាំង ២៧៥ ដែលផ្តល់ដល់កម្ពុជាក្នុងកិច្ចប្រជុំនេះ មិនមែនមានន័យថា ការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជាមិនល្អនោះទេ ព្រោះការពិនិត្យឡើងវិញជាសកលតាមកាលកំណត់នេះ គឺជាកិច្ចសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ ក្នុងន័យលើកកម្ពស់ និងការពារសិទ្ធិមនុស្សជាសកលប៉ុណ្ណោះ មិនមែនជាយន្តការបន្តុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហាសិទ្ធិមនុស្សឡើយ។
ជុំវិញបញ្ហានេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ តុលា នេះថា ការចូលរួមរបស់កម្ពុជានៅក្នុងយន្តការពិនិត្យឡើងវិញជាសកលទាំង ៤លើកនេះ បានរួមចំណែកដល់ការពង្រឹងប្រព័ន្ធការពារសិទ្ធិមនុស្សការពង្រីកលំហនយោបាយស៊ីវិល និងការជំរុញសិទ្ធិសេដ្ឋកិច្ចសង្គមផងដែរ។
យន្តការពិនិត្យឡើងវិញជាសកល ឬ Universal Predict Review (UPR) គឺជាយន្តការពិសេសសម្រាប់ធ្វើការវាយតម្លៃលើកំណត់ត្រាសិទ្ធិមនុស្សនៃរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ ក្នុងនោះ កម្ពុជាត្រូវបានឆ្លងកាត់ការត្រួតពិនិត្យចំនួន ៣លើករួចមកហើយ គឺលើកទី១ នៅអំឡុងខែធ្នូ ឆ្នាំ២០០៩ លើកទី២ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ និងលើកទី៣ នៅអំឡុងខែមករា ឆ្នាំ២០១៩។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ តុលា នេះថា ការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យមិនសំខាន់លើការអះអាងរបស់រដ្ឋាភិបាលទេ ព្រោះរដ្ឋាភិបាលជាតួអង្គដែលត្រូវអនុវត្តក្នុងរឿងនេះ។
លោកថា សំខាន់គឺការអះអាងរបស់ប្រជាពលរដ្ឋជាតួអង្គដែលទទួលរងនូវការដឹកនាំរបស់រដ្ឋាភិបាលទៅវិញទេ ថាតើពួកគាត់បានបញ្ចេញមតិដូចម្តេចចំពោះការបើកលំហសិទ្ធិសេរីភាពនៅកម្ពុជាសព្វថ្ងៃនេះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ក្នុងនាមគណបក្សជំនាន់ថ្មីជាគណបក្សក្រៅរដ្ឋាភិបាល សាទរការដឹកនាំដែលធានានូវសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប្រធានបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា គណបក្សជំនាន់ថ្មីប្រឆាំងដាច់ខាតរាល់ការរំលោភច្បាប់ រំលោភសិទ្ធិពលរដ្ឋ ដែលជាទង្វើផ្ទុយនឹងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងច្បាប់នានារបស់កម្ពុជាដែលបានធានានូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែលកំពុងមានជាធរមានសព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
