ការលើកទ័ពជើងគោករបស់អ៊ីស្រាអែល ចូលទៅប្រទេសលីបង់ វាមិនមែនជាសង្គ្រាមរបស់អ៊ីស្រាអែល និងរដ្ឋាភិបាលលីបង់ នោះទេ ប៉ុន្តែវាជាសង្គ្រាមរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡា ដែលប្រទេសអ៊ីរ៉ង់ នៅពីក្រោយ។
អ៊ីស្រាអែល បានលើកទ័ពថ្មើរជើង ២កងពលចូលដែនដីលីបង់ ដោយបំបែកខ្សែការពារពួកហេសបូឡា នៅតាមព្រំដែនលីបង់ កាលពីថ្ងៃទី៣១ កញ្ញា ដែលជាប្រតិបត្តិការសងសឹក ព្រោះតែពួកហេសបូឡា បាញ់រ៉ុក្កែតជាង ២០០គ្រាប់លើដែនដីអ៊ីស្រាអែល បណ្ដាលឱ្យប្រជាជនអ៊ីស្រាអែល ស្លាប់ជាច្រើននាក់ ក្នុងនោះមានកុមារផងដែរ។
ពួកហេសបូឡា ដែលវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ត្រូវគេមើលឃើញថាជាការសងសឹកដែលវាដូចគ្នាចំពោះអ៊ីស្រាអែល លើកទ័ពចូលលុកលុយដែនដីហ្កាហ្សា-ប៉ាឡេស្ទីន ជាជម្រករបស់ពួកហាម៉ាស។ អ៊ីស្រាអែល លើកទ័ពវាយចូលដែនដីហ្កាហ្សា ក៏ជាការវាយសងសឹក គឺក្នុងគោលដៅបោសសម្អាតពួកហាម៉ាស ដូចនឹងអ៊ីស្រាអែល កំពុងវាយប្រហារលើពួកហេសបូឡា-លីបង់ ផងដែរ។ ទាំងពួកហាម៉ាស នៅហ្កាហ្សា និងពួកហេសបូឡា នៅលីបង់ សុទ្ធតែជាកូនអុករបស់អ៊ីរ៉ង។
តែយ៉ាងណា នៅក្នុងដែនដីលីបង់ ជាប់នឹងព្រំដែនអ៊ីស្រាអែល ក៏មានទីបញ្ជាការនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិស្ថិតនៅទីនោះដែរ។ កងរក្សាសន្តិភាពពហុសាសន៍ ដែលគេហៅថាទ័ពមួកខៀវ បានមកតាំងបេសកកម្មរបស់ពួកគេដើម្បីជួយទប់ស្កាត់ការប៉ះទង្គិចគ្នារវាងពួកហេសបូឡា និងកងទ័ពអ៊ីស្រាអែល។
បើតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Aljazeera ទ័ពមួកខៀវ ២នាក់បានរងរបួស ព្រោះតែគ្រាប់ប្លោងរបស់អ៊ីស្រាអែល។ ទ័ពមួកខៀវ ២នាក់នោះជាជនជាតិឥណ្ឌូនេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ទីបញ្ជាការនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់។
តាមប្រភពដដែលនេះ ទីបញ្ជាការនៃកងទ័ពមួកខៀវស្ថិតនៅក្នុងតំបន់ Ras an-Naqoura ភាគខាងត្បូងប្រទេសលីបង់។ សេចក្ដីថ្លែងការណ៍របស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ បានថ្កោលទោសអ៊ីស្រាអែល ដោយចាត់ទុកថាជាការរំលោភធ្ងន់ធ្ងរច្បាប់មនុស្សធម៌អន្តរជាតិ។
ការិយាល័យអង្គការសហប្រជាជាតិប្រចាំលីបង់ បានឱ្យដឹងថា អ៊ីស្រាអែលបានវាយប្រហារសំដៅលើទីបញ្ជាការរបស់ទ័ពមួកខៀវក្នុងក្រុង Naqoura ចំនួន ៣គ្រាប់ ដែលជាគ្រាប់កាំភ្លើងធំ ហើយក្នុងនោះ ១គ្រាប់បានប៉ះទៅលើប៉ុស្តិ៍ប្រចាំការនៃក្រុមមួកខៀវជាតិឥណ្ឌូនេស៊ី បណ្តាលឲ្យរបួស ២នាក់។ យោងតាមមន្ត្រីឥណ្ឌូនេស៊ី ទ័ពមួកខៀវទាំង ២នាក់នោះ រងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅថ្ងៃសុក្រ ទី១១ តុលា នេះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី អ្នកស្រី Retno Marsudi បានថ្កោលទោសចំពោះការវាយប្រហារទៅលើទីតាំងទ័ពអង្គការសហប្រជាជាតិ ដោយចាត់ទុកទង្វើរបស់អ៊ីស្រាអែល នេះ ជាការបំពានខ្លាំងណាស់ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងបានបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ក្រៅពីកងទ័ពមកពីប្រទេសឥណ្ឌូនេស៊ី ក៏មានប្រទេសជាច្រើនដែលបានបញ្ជូនទ័ពរបស់ពួកគេទៅប្រទេសលីបង់ ក្រោមឆត្រនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ក្នុងនាមសហភាពអឺរ៉ុប មាន ២៧ប្រទេស លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្កោលទោសការវាយប្រហារលើប្រតិបត្តិការរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
អំឡុងកិច្ចប្រជុំកំពូលអាស៊ាន សហភាពអឺរ៉ុប នៅប្រទេសឡាវ លោក Michel បានលើកឡើងថា៖ ការវាយប្រហារទៅលើបេសកកម្មរក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាទង្វើដែលមិនមានការទទួលខុសត្រូវ និងមិនអាចទទួលយកបានឡើយ។
លោក Michel បានអំពាវនាវឱ្យអ៊ីស្រាអែល ក៏ដូចជាភាគីទាំងអស់ គោរពឱ្យបានពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះ ប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell ក៏បាននិយាយថា គេមិនអាចទទួលយកបានឡើយចំពោះការវាយប្រហារដែលបណ្ដាលឱ្យទ័ពមួកខៀវរងបួស។
ជាមួយគ្នានេះ ប្រទេសចិន តាមរយៈក្រសួងការបរទេស ក៏បានថ្កោលទោសដាច់ខាតចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងរបស់ទ័ពមួកខៀវអង្គការសហប្រជាជាតិ។ ក្រៅពីថ្កោលទោស ទីក្រុងប៉េកាំង ក៏អំពាវនាវឲ្យបើកការស៊ើបអង្កេតករណីនេះជាបន្ទាន់។ មានប្រទេសជាច្រើនទៀតក៏បានថ្កោលទោស ដូចជាប្រទេសបារាំង ប្រទេសអេស្ប៉ាញ ប្រទេសអ៊ីតាលី។ ប្រទេសទាំងនេះបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់ដោយថ្កោលទោសចំពោះប្រទេសអ៊ីស្រាអែល។
ក្នុងក្របខ័ណ្ឌក្រោមឆត្រអង្គការសហប្រជាជាតិ កងទ័ពមួកខៀវកំពុងបំពេញបេសកកម្មនៅលីបង់ មានចំនួនជាង ១ម៉ឺន ៥០០នាក់។ ឥណ្ឌូនេស៊ី ជាប្រទេសមួយក្នុងចំណោម ១០ប្រទេស ដែលបានបញ្ជូនកងទ័ពទៅលីបង់ មានដល់ទៅជាង ១២៣០នាក់។
បើតាមក្រសួងការបរទេសលីបង់ ក្រោយពីវាយប្រហារពីថ្ងៃទី១០ តុលា ដោយប៉ះទៅលើទីបញ្ជាការរបស់កងទ័ពមួកខៀវជាតិឥណ្ឌូនេស៊ី ប្រទេសអ៊ីស្រាអែល ក៏បន្តវាយប្រហារជាថ្មីបន្ថែមទៀតនៅថ្ងៃសុក្រ ទី១១ តុលា ទីបញ្ជាការកងទ័ពមួកខៀវមកពីប្រទេសស្រីលង្កា។
យ៉ាងណា អ៊ីស្រាអែល និយាយថា ខ្លួនបានជូនដំណឹងច្រើនថ្ងៃហើយថាកងរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវតែរត់ចេញជាបន្ទាន់ ព្រោះវាចំគោលដៅដែលត្រូវវាយប្រហារក្នុងប្រតិបត្តិការតាមបោសសម្អាតពួកហេសបូឡា។ ក្នុងប្រតិបត្តិការតាមកម្ទេចក្រុមហេសបូឡា ដែលអ៊ីរ៉ង់ នៅពីក្រោយនៅលើទឹកដីលីបង់ កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់ប្លោងស្រោចទៅលើរដ្ឋធានីបៃរូត បណ្ដាលឱ្យស្លាប់ជាង ២០នាក់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី១០ តុលា ហើយនិងវាយប្រហារនៅប៉ែកខាងត្បូងលីបង់ ដែលនៅភាគខាងត្បូងនេះហើយជាទីបញ្ជាការរបស់កងកម្លាំងមួកខៀវអង្គការសហប្រជាជាតិប្រចាំលីបង់។
បើទោះជាមានការថ្កោលទោសយ៉ាងនេះក្ដី តែប្រទេសអ៊ីស្រាអែល នៅតែបន្តព្រមានថា កងទ័ពមួកខៀវមិនត្រូវស្ថិតនៅចំពោះមុខប្រតិបត្តិការសឹកនៃកងទ័ពអ៊ីស្រាអែល ឡើយ។ ក្រុងតែលអាវីវ ថាវាមិនមែនជាការទទួលខុសត្រូវរបស់ខ្លួនឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
