The Cambodia Daily Khmer

តុលាការ​ចោទប្រកាន់​លោក ដួង តារា ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន ពី​បទ​ឆបោក

លោក ដួង តារា (កណ្ដាល) ជំនួយការ​ផ្ទាល់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ដួង តារា ជំនួយការ​ផ្ទាល់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ពី​បទ «ឆបោក» ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក បាន​ដកស្រង់​សម្ដី​របស់​ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ថា​លោក ដួង តារា ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ឆបោក» តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ច​ឃាត់​ខ្លួន​លោក ដួង តារា កាលពី​ថ្ងៃទី​១០ ខែ​តុលា ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ បន្ទាប់ពី​មាន​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង។

លោក ដួង តារា ត្រូវ​បាន​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក ឬ​រត់ការ​ដើម្បី​ផ្ដល់​តួនាទី​ដល់​បុគ្គល​ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​រដ្ឋ។ ករណី​នេះ ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​លោក លី សាម៉េត ហៅ គ្រូមា ទីប្រឹក្សា​លោក ហ៊ុន សែន តែងតែ​យក​ឈ្មោះ​អតីត​នាយករដ្ឋមន្ត្រី​ទៅ​បោកប្រាស់​លុយ​ពី​អ្នក​ដទៃ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល និង​គោរមងារ​ផ្សេងៗ។

ជនរងគ្រោះ​ពី​ការ​បោកប្រាស់​ក្នុង​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប រាប់​រយ​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កន្លង​មក​ថា លោក សោម សុធា ហ៊ាន​បោកប្រាស់​លុយ​រាប់​សិន​លាន​ដុល្លារ​ពី​ជនរងគ្រោះ​រាប់​រយ​នាក់ ដោយសារ​តែ​មាន​លោក ដួង តារា ដែល​ជា​ជំនួយការ​លោក ហ៊ុន សែន គឺជា​អ្នក​កាង​នៅ​ពី​ក្រោយ​ខ្នង។ ការ​ដែល​លោក ដួង តារា កាង​នៅ​ពីក្រោយ​ក្រុមហ៊ុន​នេះ ក៏​មកពី​មាន​លោក ដួង វិរ៉ាត់ ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ។

ជនរងគ្រោះ​ពី​ការ​បោកប្រាស់​តាម​គម្រោង Ponzi Scheme រាប់​សិប​លាន​ដុល្លារ ទាមទារ​ឱ្យ​ជំនួយការ​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា និង​ប្អូនប្រុស​បង្កើត​ឈ្មោះ ដួង វិរ៉ាត់ រួម​ទាំង​បក្ខពួក​ដែល​ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប សង​លុយ​ពួកគេ​ទាំងអស់​វិញ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version