រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល (២០០០០០រៀល) ចំនួន ២០លានសន្លឹក ចាប់ពីថ្ងៃនេះតទៅ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ដោយអនុញ្ញាតឲ្យធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល (២០០០០០រៀល)ដែលជាក្រដាសប្រាក់ធំបំផុតរបស់កម្ពុជា ខណៈក្រដាសប្រាក់នេះក៏ត្រូវបានចេញផ្សាយជាសាធារណៈក្នុងពេលនេះដែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការសម្រេចឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀលនេះ ធ្វើឡើងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ខណៈធនាគារជាតិនៃកម្ពុជា ក៏ត្រូវមានភារកិច្ចផ្សព្វផ្សាយពីប្រភេទក្រដាសប្រាក់ថ្មីនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ តុលា នេះថា រដ្ឋាភិបាលកម្ពុជាខ្វះលុយដោយសារវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះ ហេតុដូច្នេះបានជារាជការបោះពុម្ពលុយបន្ថែមចំនួន ៤ទ្រីលានរៀល ឬស្មើនឹង ១ពាន់លានដុល្លារអាមេរិក ដើម្បីបើកប្រាក់ខែឲ្យមន្ត្រីរាជការ។
លោកបន្តថា ការដែលរាជការខ្វះលុយ បោះពុម្ពលុយបន្ថែមរាប់សិបកោដិរៀលដូច្នេះ គឺអាចបញ្ជាក់បានថា សេដ្ឋកិច្ចនឹងជួបហានិភ័យនៃវិបត្តិអតិផរណាមិនខាន មានន័យថា លុយចុះថោក រីឯទំនិញកាន់តែឡើងថ្លៃ។
ប៉ុន្តែអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ធ្វើអត្ថាធិប្បាយពីក្រដាសប្រាក់ថ្មីនៅថ្ងៃទី១៦ តុលា នេះថា ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលបានដកចេញបញ្ឈប់ការប្រើប្រាស់ប៉ុណ្ណោះ មិនមែនដោយសារធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាលខ្វះលុយ ទើបបានជាត្រូវបោះផ្សាយក្រដាសប្រាក់ថ្មីដើម្បីប្រើប្រាស់បន្ថែមនោះទេ។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះលើកឡើងថា កន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជាដាក់ចេញក្រដាសប្រាក់ឱ្យចរាចរ តែងមានការចាស់ ទក់ រហែក ជារឿងធម្មតា។
អ្នកស្រី ជា សិរី បញ្ជាក់ថា រាល់ពេលធនាគារជាតិនៃកម្ពុជាប្រមូលក្រដាសប្រាក់ទាំងនេះចូលមកវិញ គឺតែងជ្រើសរើសបែងចែកក្រដាសប្រាក់ដែលនៅប្រើបាន ត្រូវដាក់ឱ្យចរាចរវិញ រីឯក្រដាសប្រាក់ដែលប្រើមិនបាន ត្រូវយកទៅកាត់ដុតចោល ដោយកំណត់ចំនួនច្បាស់លាស់ និងជំនួសមកវិញនូវក្រដាសប្រាក់ថ្មីដែលមានទំហំបរិមាណសរុបត្រូវស្មើគ្នា។
ក្រដាសប្រាក់ដែលកម្ពុជាកំពុងចរាចរបច្ចុប្បន្ននេះមាន ១០ប្រភេទ គឺក្រដាស ១០០រៀល ២០០រៀល ៥០០រៀល ១ពាន់រៀល ៥ពាន់រៀល ១ម៉ឺនរៀល ១៥០០០រៀល ២ម៉ឺនរៀល ៣ម៉ឺនរៀល និង ៥ម៉ឺនរៀល។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែតុលា ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន ដែលនៅជានាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់រៀលគំរូថ្មី ៣ម៉ឺនរៀល ដើម្បីចូលរួមអបអរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផង និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍ចូលមាតុប្រទេសវិញរបស់សម្តេចព្រះនរោត្តម សីហនុ ផង។
នៅលើក្រដាសប្រាក់ ៣ម៉ឺនរៀលនោះ គឺមានរូបសម្តេចព្រះនរោត្តម សីហនុ ផង និងរូបលោក ហ៊ុន សែន ខ្លួនឯងផងដែរ ប៉ុន្តែក្រោយការប្រកាសឱ្យប្រើក្រដាសប្រាក់នេះ ក៏ត្រូវរងនូវការរិះគន់ជុំទិស ក្រោមហេតុផលថា រូបថតលោក ហ៊ុន សែន មិនសមត្រូវបានដាក់លើរូបិយប័ណ្ណជាតិខ្មែរឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
