ប្រធានពន្ធនាគារខេត្តស្វាយរៀង ប្រឈមនឹងដកតំណែង ប្រសិនបើការស្រាវជ្រាវបង្ហាញថាករណីជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមម្នាក់ដែលជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ត្រូវបានបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារ ពិតជាបានកើតឡើងដោយការថ្លោះធ្លោយការងាររបស់មន្ត្រីពន្ធនាគារ។
យោងតាមលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយនៅថ្ងៃទី៣១ តុលា នេះ បានឲ្យដឹងថា ពាក់ព័ន្ធករណីអ្នកទោសជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង តុង ហ្នឹង (NGUYEN TRONG NGUYEN) ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារកាលពីវេលាម៉ោង ១៦:៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ប្រភពដដែលអះអាងថា ការរត់គេចខ្លួនរបស់ជនជាប់ឃុំជាជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះអ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ តែជាការរត់គេចខ្លួន។
ក្រុមអ្នកជំនាញកំពុងស្រាវជ្រាវលើករណីជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាម ត្រូវបានបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារយ៉ាងម៉ត់ចត់ជាទីបំផុត។
មន្ត្រីអនុរក្សម្នាក់នៃពន្ធនាគារខេត្តស្វាយរៀង បានថ្លែងដោយមិនបញ្ចេញឈ្មោះថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគរបាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង។ មន្ត្រីយាមពន្ធនាគារបាននាំជនសង្ស័យពីក្នុងពន្ធនាគារនៅទ្វារពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វារខាងមុខ ស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ។
ប្រភពដដែលអះអាងថា ពេលនោះ ជនសង្ស័យបានកញ្ឆក់យកអាវុធខ្លីពីជននោះមករំដោះ រួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារ សំណាងល្អអត់ផ្ទុះ។ ខណៈនោះ ជនសង្ស័យទាំងពីរបានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រីពន្ធនាគារម្នាក់បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ ហើយក៏មានមន្ត្រីនគរបាលម្នាក់ស្រែកថាវាមានកាំភ្លើង ប្រយ័ត្ន ខណៈនោះមន្ត្រីនគរបាលរូបនោះភ័យ ក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។
អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣១ តុលា នេះថា ករណីបណ្តោយឱ្យអ្នកទោសរត់គេចពីពន្ធនាគារបានទាំងកណ្តាលថ្ងៃនេះ ជាការធ្វេសប្រហែស និងជាការថ្លោះធ្លោយដ៏ធំរបស់អ្នកគ្រប់គ្រងពន្ធនាគារ។
ប្រភពដដែលអះអាងថា លទ្ធផលនៃការស៊ើបអង្កេតបឋមបានបង្ហាញថា មន្ត្រីពន្ធនាគារខេត្តស្វាយរៀង បានអនុញ្ញាតឱ្យគូកនបានជួបសួរសុខទុក្ខអ្នកទោសដល់ទៅប្រមាណ ៤-៥ថ្ងៃជាប់ៗគ្នា ដែលជាការផ្តល់ឱកាសឱ្យអ្នកទោស និងគូកនរៀបចំផែនការរត់គេចបានយ៉ាងងាយស្រួល។
លោកថា ប្រសិនបើភស្តុតាងពិតជាបង្ហាញថាករណីនេះបានកើតឡើងដោយការថ្លោះធ្លោយនៃការគ្រប់គ្រងមែន នោះប្រធានពន្ធនាគារខេត្តស្វាយរៀង លោក សួស សាខូ នឹងត្រូវអស់តំណែង។
ទាក់ទងនឹងការគ្រប់គ្រងពន្ធនាគារនេះកន្លងមក ប្រធានពន្ធនាគារព្រៃស ត្រូវបានដកចេញពីតំណែង ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនរបស់អ្នកទោសជនជាតិចិន ក្នុងពន្ធនាគារ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
