យុវជនកូរ៉េខាងត្បូង ម្នាក់ នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាមមិនឱ្យចូលជាថ្មីឡើយ ដោយសារការលាក់បាំងពីក្រុមគ្រួសារពីមូលហេតុមកកម្ពុជា និងប្រើប្រាស់ព័ត៌មានប្រឌិតបង្កឱ្យមានការភ័ន្តច្រឡំថាមានអំពើបង្ខាំង ឬការធ្វើទារុណកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា យុវជនកូរ៉េខាងត្បូងម្នាក់នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាមមិនឱ្យចូលជាថ្មីឡើយ ដោយសារការលាក់បាំងពីក្រុមគ្រួសារពីមូលហេតុមកកម្ពុជា មូលហេតុដែលបានការងារធ្វើ និងស្ថានភាពខ្លួននៅអំឡុងពេលនៅកម្ពុជា។
ប្រភពដដែលបានអះអាងថា ការលាក់ដំណឹងទាំងនេះបានធ្វើឱ្យក្រុមគ្រួសារយុវជនរូបនេះស្នើសុំអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ដោយហេតុផលពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឱ្យមានការភ័ន្តច្រឡំថាមានអំពើបង្ខាំង ឬការធ្វើទារុណកម្ម។
អគ្គស្នងការនគរបាលជាតិ បន្ថែមថា សាមីខ្លួនមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពីទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឱ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ។
ប្រភពដដែលអះអាងថា បុគ្គលរូបនេះបំភ្លឺថា រូបគេមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ រួមនឹងកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរធម្មតា។
ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ។ ម្យ៉ាង គេក៏ពុំដឹងថាគ្រួសារដាក់ស្នើសុំអន្តរាគមន៍មកអាជ្ញាធរកម្ពុជាដែរ។
អគ្គស្នងការនគរបាលជាតិ បានរំលឹកថា នៅថ្ងៃទី២៩ ខែតុលា មជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលសំណើអន្តរាគមន៍ពីក្រុមគ្រួសារយុវជនរូបនេះ ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ទទួលព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលរូបនេះតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញរូបគេកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះទេ។
ប្រភពដដែលអះអាងថា ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្មដូចអ្វីដែលម្តាយរបស់សាមីខ្លួនបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ។
នៅក្នុងច្បាប់ស្ដីពីអន្តោប្រវេសន៍របស់កម្ពុជា ត្រង់ជំពូកទី៦ ពីមាត្រា៣៥ ដល់មាត្រា៣៩ បានកំណត់នូវលក្ខខណ្ឌមួយចំនួនដែលផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចបណ្តេញជនបរទេសពីកម្ពុជាបាន។
មាត្រា៣៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជារាល់ជនបរទេសដូចជា៖
- ទី១ មានអាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា
- ទី២ ក្រសួងមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ថា ជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា
- ទី៣ មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានបណ្ណការងារ។
ឆ្នាំ២០២៤ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដែលបានវាយដណ្តើមយកលេខ១ ឈរកំពូលតារាងជាប្រទេសសម្បូរឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
