មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សម្រេចដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ សុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបាត់បង់នីតិសម្បទាគ្រប់បែបយ៉ាង និងត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការអស់រយៈពេល ៣ឆ្នាំ។
លោក រ៉ុង ឈុន បានបង្ហោះពាក្យបណ្ដឹងចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ វិច្ឆិកា នេះថា តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ២ឆ្នាំពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក រ៉ុង ឈុន លើកឡើងថា ទោសនេះត្រូវបានអនុវត្តក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ ត្រូវបានព្យួរសាកល្បងរយៈពេល ៣ឆ្នាំ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា បើគិតចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល ៣ឆ្នាំហើយ ដូច្នេះលោកត្រូវរួចផុតក្រោមការត្រួតពិនិត្យគ្រប់បែបយ៉ាងទាំងអស់របស់តុលាការ ហើយក៏ត្រូវរួចផុតពីការបាត់បង់នីតិសម្បទាគ្រប់យ៉ាងដែរ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីលោកចេញសេចក្តីថ្លែងការណ៍ជុំវិញការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២៤ខែ និងពិន័យជាប្រាក់ ២លានរៀល ពីបទចោទនេះ។ បន្ទាប់មកទៀត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ បានតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ប៉ុន្តែតុលាការថ្នាក់កណ្តាលមួយនេះ បានសម្រេចដោះលែងលោកឱ្យមានសេរីភាពវិញ ដោយតម្រូវឱ្យអនុវត្តទោសត្រឹមតែ ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ ៨ខែ ១៩ថ្ងៃទៀត ត្រូវបានព្យួរសាកល្បង។
លុះដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ តុលាការកំពូលបានសម្រេចតម្កល់ការផ្ដន្ទាទោសរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ឱ្យបានការដដែល ប៉ុន្តែតុលាការជាន់ខ្ពស់មួយនេះបានសម្រេចដាក់ឱ្យលោក រ៉ុង ឈុន ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល ៣ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារចំនួន ៣លើក។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ព្រោះតែរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាមឆ្នាំ២០០៥៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
