The Cambodia Daily Khmer

បទវិភាគ៖ របប​ផ្ដាច់ការ​នៅ​ប្រទេស​ស៊ីរី ដល់​ពេល​ត្រូវ​បាត់បង់​ហើយ

សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ដែល​មាន​រយៈពេល ១៣​ឆ្នាំ​ហើយ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​កន្លះ​លាន​ស្លាប់​បាត់បង់​អាយុជីវិត។ ប្រជាជន​ស៊ីរី ជាង ៣​លាន ២០​ម៉ឺន​នាក់​បាន​រត់​ចោល​ផ្ទះសម្បែង​ភូមិករ​របស់​ពួកគេ។

ដោយសារតែ​សង្គ្រាម ប្រជាជន ៩០% ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ និង​កំពុង​ស្រែក​ដង្ហោយ​រក​ជំនួយ​មនុស្សធម៌។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នៅ​ប្រទេស​អង់គ្លេស។

តែ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ កម្លាំង​ឧទ្ទាម​ប្រឆាំង​របប​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី បាល់សាល អាល់អាសាដ កំពុង​វាយ​កាន់កាប់​បាន​ច្រើន​តំបន់ និង​ទីក្រុង​ជាច្រើន ទាំង​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​ប្រទេស ក្រោយពី​ក្រុម​ប្រឆាំង​វាយ​កាន់កាប់​បាន​ទីក្រុង Aleppo ជា​ទីក្រុង​ធំ​ទី​២ បន្ទាប់ពី​រដ្ឋធានី​ដាម៉ស។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Kyiv Post ដែល​បាន​ស្រង់​ប្រភព​ចារកម្ម​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ភាគ​ខាងត្បូង​ឱ្យ​ដឹង​ថា កងទ័ព​ឧទ្ទាម​កំពុង​កាន់កាប់​ទីក្រុង​ច្រើន​ទៀត។ ទីក្រុង Hama ទីក្រុង Homs និង​ទីក្រុង Suwayda កំពុង​ធ្លាក់​ក្នុង​ដៃ​របស់​កម្លាំង​ប្រឆាំង។ សេចក្ដី​រាយការណ៍​របស់ Kyiv Post បាន​ឱ្យ​ដឹង​ថា រដ្ឋធានី​ដាម៉ស ចាប់ផ្ដើម​ធ្លាក់​ក្នុង​សង្គ្រាម​ហើយ។

ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ ទូត​សម្ព័ន្ធភាព​នឹង​របប​ផ្ដាច់ការ អាល់អាសាដ មាន​ដូចជា​ទូត​រុស្ស៊ី បាន​ប្រកាស​ជម្លៀស​មន្ត្រី​ទូត និង​យោធា​របស់​ខ្លួន​ឡើង​យន្តហោះ​ទៅ​ប្រទេស​រុស្ស៊ី វិញ ដែល​ព្រឹត្តិការណ៍​នេះ​កើតឡើង​ក្រោយពី​បន្ទាយ​កងទ័ព​រុស្ស៊ី នៅ​ភាគ​ខាងត្បូង​ធ្លាក់​ក្នុង​ដៃ​របស់​កម្លាំង​ឧទ្ទាម។

តាម​ដំណឹង​មក​ថា ទ័ព​រុស្ស៊ី បាន​បោះបង់​ចោល​អាវុធ​របស់​ខ្លួន ហើយ​រត់​ឡើង​យន្តហោះ​ជាមួយ​ជនស៊ីវិល​ហោះ​ទៅ​រុស្ស៊ី។

រុស្ស៊ី បាន​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់ និង​សព្វាវុធ​មក​ជួយ​ច្បាំង​នឹង​កងទ័ព អាល់អាសាដ នៅ​ឆ្នាំ​២០១៤ ក្រោយពី​ប្រជាជន​ប្រទេស​ស៊ីរី ងើប​ឡើង​បះបោរ​នៅ​ក្នុង​ឆ្នាំ​២០១១ ដើម្បី​ទម្លាក់​លោក អាល់អាសាដ។ ប្រជាជន​ស៊ីរី ផ្ទុះ​បដិវត្តន៍​ប្រឆាំង​របប អាល់អាសាដ ចំ​ពេល​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​នេះ​ធ្លាក់​ក្នុង​បដិវត្តន៍​របស់​ប្រជាជន​បះបោរ​ប្រឆាំង​មេដឹកនាំ​របស់​ខ្លួន។

សេចក្ដី​រាយការណ៍​ចុងក្រោយ​របស់​សារព័ត៌មាន Kyiv Post និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​ទៀត​នៅ​តំបន់​អារ៉ាប់ ចុះផ្សាយ​នៅ​ថ្ងៃទី​៣ ខែ​ធ្នូ នេះ​ថា ប្រទេស​អ៊ីរ៉ង់ ជា​ម្ចាស់​របស់​លោក អាល់អាសាដ រួម​នឹង​រុស្ស៊ី កំពុង​ដុតដៃដុតជើង​ជួយ​ការពារ​របប​នៅ​រដ្ឋធានី​ដាម៉ស របស់​លោក អាល់អាសាដ។

រុស្ស៊ី បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ទប់ស្កាត់​កម្លាំង​វាយ​រុល​របស់​ក្រុម​ប្រឆាំង តែ​អ្នកជំនាញ​ថា ទំនង​យឺត​ពេល​ហើយ ព្រោះ​ក្រុម​ប្រឆាំង​វាយ​រុល​លឿន​ដែល​សូម្បី​ទ័ព​រុស្ស៊ី ដែល​ទប់​ជួយ​ច្បាំង​នឹង​ទ័ព អាល់អាសាដ ក៏​រត់​ចោល​ទីតាំង​ឈរជើង​របស់​ពួកគេ​ទៅ​ហើយ​នោះ។

Richard Grenell នាយក​ភ្នាក់ងារ​ចារកម្ម​អំឡុង​រដ្ឋការ​លោក ដូណាល់ ត្រាំ ព្រមាន​ថា ក្នុង​អំឡុង​មួយ​សប្ដាហ៍​ទៀត បើ​ទ័ព​របស់ អាល់អាសាដ មិន​អាច​វាយ​រុញ​ច្រានចោល​ទ័ព​ឧទ្ទាម​ចេញពី​ភាគ​ខាងត្បូង និង​ទីក្រុង Hama ទីក្រុង Homs និង​ទីក្រុង Suwayda បាន​ទេ គឺ​ក្រុម​ប្រឆាំង​វាយលុក​ខ្លាំង​ទៅ​ដល់​រដ្ឋធានី​ដាម៉ស ខណៈ​កម្លាំង​ប្រឆាំង​បាន​ជ្រៀត​ចូល​រដ្ឋធានី​នេះ​ទៅ​ហើយ។

មក​ដល់​ពេលនេះ គេ​មិន​ដឹង​ថា​តើ​លោក អាល់អាសាដ នៅ​ទីណា​ពិតប្រាកដ​ទេ ដែល​ប្រភព​ខ្លះ​ថា​លោក​ចេញ​ទៅ​ក្រុង​មូស្គូ ខ្លះ​ទៀត​ថា​លោក​កំពុង​លាក់​ខ្លួន​ក្នុង​រដ្ឋធានី​ដាម៉ស ជាមួយ​កង​អង្គរក្ស​រាប់​ពាន់​នាក់​ជួយ​ការពារ។

តាម​ដំណឹង​មក​ថា លោក អាល់អាសាដ មេដឹកនាំ​ផ្ដាច់ការ​នៅ​ស៊ីរី ចង់​ឱ្យ​អ៊ីស្រាអែល ជួយ​ការពារ​របប​របស់​លោក​ជាជាង​អ៊ីរ៉ង់ បើ​ទោះជា​អ៊ីស្រាអែល និង​របប​របស់​លោក​ជា​សត្រូវ​នឹង​គ្នា​ក៏ដោយ ព្រោះ​អ៊ីស្រាអែល មិន​ពេញចិត្ត​នឹង​កម្លាំង​ឧទ្ទាម​របស់​ក្រុម​ជីហាដ ដែល​អ៊ីស្រាអែល និង​ពួក​បស្ចិម​ប្រទេស​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​នៅ​តំបន់​មជ្ឈិមបូព៌ា។

ក្រុម​ជីហាដ ត្រូវ​បាន​រាយការណ៍​ថា​ជា​កម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​របប អាល់អាសាដ ខ្លាំង​ជាង​កងកម្លាំង​ប្រជាជន​ដែល​អាមេរិក​គាំទ្រ និង​តួកគី គាំទ្រ។ សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស កំពុង​ដាក់​ការ​បារម្ភ​ផង និង​អបអរ​ផង​ដែល​កម្លាំង​ប្រឆាំង​របប អាល់អាសាដ កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ជ័យជម្នះ​ក្នុង​បុព្វហេតុ​ដើម្បី​ផ្ដួល​រំលំ​របប​ផ្ដាច់ការ អាល់អាសាដ។

ការ​បារម្ភ​គឺ​ករណី​អាច​ផ្ទុះ​ចលាចល​នាំ​ទៅ​រក​ការ​ដណ្ដើម​អំណាច​របស់​ពួកគេ ហើយ​កាប់​សម្លាប់​គ្នា​នៅ​ចំពោះមុខ​បរាជ័យ​នៃ​របប អាល់អាសាដ បើ​ក្រុម​ឧទ្ទាម​ទាំង ៣​ក្រុម​នេះ​មិន​មាន​ការ​ចុះ​សម្រុង​គ្នា​ដើម្បី​រក្សា និង​គ្រប់គ្រង​សភាពការណ៍ បើ​របប​ផ្ដាច់ការ អាល់អាសាដ អាច​នឹង​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

១៣​ឆ្នាំ​មក​នេះ ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​នៅ​ស៊ីរី កាន់តែ​ផ្តល់​ផល​លំបាក​សង្កត់​ក​លើ​ពលរដ្ឋ​ខ្លួន​ដែល​កំពុងតែ​វេទនា​ស្រាប់។ ពលរដ្ឋ​ស៊ីរី ៩០% រស់​ក្រោម​គំនូស​បន្ទាត់​ភាព​ក្រីក្រ​ជាមួយ​នឹង​អំណាច​ដៃ​ដែក​របស់​លោក អាល់អាសាដ។

តែ​យ៉ាងណា​ក៏ដោយ គេ​ថា​បើ​របប​ផ្ដាច់ការ​របស់ អាល់អាសាដ ត្រូវ​បាន​ផ្ដួល​រំលំ គឺ​របប​ថ្មី​មក​ជំនួស​ក៏​ជា​ការ​សាកល្បង ព្រោះ​ថា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ចង់​ទៅ​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ​តាម​សំណើ​របស់​ក្រុម​ឧទ្ទាម​ជីហាដ។

ក្រុម​ឧទ្ទាម​ជីហាដ បាន​ប្រាប់​ទៅ​អ៊ីស្រាអែល ថា ខ្លួន​គេ​នឹង​ព្យាយាម​ឱ្យ​មាន​ការ​សាមគ្គី​ជាមួយ​នឹង​ក្រុម​ប្រឆាំង​ផ្សេង​ទៀត​ឱ្យ​តែ​បាន​សម្រេច​ក្នុង​ការ​ផ្ដួល​រំលំ​របប​របស់​លោក អាល់អាសាដ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version