សម្ព័ន្ធភាពសកលនៃអង្គការសង្គមស៊ីវិល (CIVICUS Monitor) បានដាក់ប្រទេសកម្ពុជានៅក្នុងចំណាត់ថ្នាក់ជាប្រទេសមានលំហសេរីភាពផ្នែកស៊ីវិលតូចចង្អៀតក្នុងឆ្នាំ២០២៤។ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុកកាលពីខែសីហា ឆ្នាំ២០២៣ មក សកម្មភាពរំលោភលើសេរីភាពជាមូលដ្ឋាននៅតែកើតមានជាហូរហែ។
នៅក្នុងសេចក្តីរាយការណ៍ដែលមានជាង ៦ទំព័រ សម្ព័ន្ធភាពអង្គការ CIVICUS បានផ្តល់ពិន្ទុឱ្យប្រទេសកម្ពុជាត្រឹមតែ ២៧ប៉ុណ្ណោះ ដែលជាពិន្ទុមួយស្ថិតក្នុងកម្រិតពណ៌លឿងទុំក្បែរពណ៌ក្រហម ដោយសារតែមានការចាប់ខ្លួនសកម្មជនធ្វើការលើផ្នែកសិទ្ធិមនុស្ស និងបរិស្ថានជាបន្តបន្ទាប់។
ប្រភពដដែលអះអាងថា ការចាប់ខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ការធ្វើសវនកម្មលើអង្គការស្រង់តាល់ ការចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជននយោបាយបក្សប្រឆាំងដទៃទៀត បង្ហាញអំពីការរឹតត្បិតសេរីភាព។
តាមអង្គការ CIVICUS បានអះអាងថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់បទចោទ «ញុះញង់» ជាបទចោទដ៏ពេញនិយមមួយ ដើម្បីចោទប្រកាន់លើសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន។
ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នោះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បានប្រាប់អ្នកសារព័ត៌មានថា សម្ព័ន្ធភាពសកលនៃអង្គការសង្គមស៊ីវិល រាយការណ៍ដូច្នេះពុំបានបង្ហាញពីតថភាពជាក់ស្តែងក្នុងប្រទេសកម្ពុជាឡើយ។ លោកថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅប្រទេសកម្ពុជាក៏ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញដែរ។
លោកថា រាជរដ្ឋាភិបាលប្រទេសកម្ពុជាពុំបានរឹតត្បិតសិទ្ធិសេរីភាពណាមួយលើពលរដ្ឋ និងអង្គការសង្គមស៊ីវិលនោះទេ។ លោកថាការចាប់ខ្លួនសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សកន្លងមក ក៏ដោយសារអ្នកទាំងនោះបានប្រព្រឹត្តបទល្មើសដែលមានចែងក្នុងច្បាប់ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនោះទេ។
កន្លងមក ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដោយបានស្នើឲ្យប្រទេសកម្ពុជាធានាឲ្យមានលំហសម្រាប់សង្គមស៊ីវិល និងមតិចម្រុះនៅក្នុងកិច្ចសន្ទនានយោបាយ គឺជារឿងចាំបាច់។
ទាក់ទងនឹងបញ្ហាសិទ្ធិសេរីភាពពលរដ្ឋខ្មែរ មជ្ឈដ្ឋានសហគមន៍ខ្មែរនៅក្រៅប្រទេសក៏បានតាមដាន និងចាប់អារម្មណ៍ខ្លាំងក្លាណាស់ដែរ។ បើតាមសម្ដីអ្នកនាំពាក្យនៃក្រុមប្រឹក្សា ២៣តុលា១៩៩១ ប្រចាំនៅទ្វីបអឺរ៉ុប លោក ឌួង វចនៈ ថ្លែងថា ការរំលោភសិទ្ធិមនុស្ស ការធ្វើទារុណកម្ម និងសម្លាប់មនុស្ស លទ្ធិប្រជាធិបតេយ្យត្រូវគេបំពាន។ល។និង។ល។ ដែលបង្កទ្បើងដោយរបបក្រុងភ្នំពេញ មិនមែនទើបតែនឹងកើតទ្បើងពីម្សិលមិញ ឬម្សិលម្ង៉ៃនោះទេ យ៉ាងហោចណាស់គឺតាំងតែពីក្រោយរដ្ឋប្រហារឆ្នាំ១៩៩៧ មកម្ល៉េះ ទោះជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក៏មើលឃើញដូចគ្នាដែរ។
អ្វីដែលគួរឱ្យសោកស្តាយជាពន់ពេកចាប់ពីពេលនោះមកទល់សព្វថ្ងៃនេះ គឺគណបក្សជំទាស់ អ្នកវិភាគ និងអង្គការសង្គមស៊ីវិលខ្លះ នៅតែព្យាយាមហើយព្យាយាមទៀតដើម្បីកែលម្អកែខៃជួសជុលរបបក្រុងភ្នំពេញមួយនេះ រួចសង្ឃឹមជាង ២៧ឆ្នាំមកហើយថានឹងទទួលផលវិជ្ជមាននៅថ្ងៃខាងមុខនេះ។
តើគេអាចសង្ឃឹមដែរទេថា សត្វខ្លានឹងឈប់ស៊ីសាច់ឆៅ? តើគេអាចនិយាយបានដែរទេថា អ្នកទាំងនោះកំពុងតែហែហមរបបខុសច្បាប់មួយនេះឱ្យកាន់តែផ្ដាច់ការ និងសាហាវជាងមុនទៅទៀតនោះ?៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
