The Cambodia Daily Khmer

អ្នកឧកញ៉ា ហេង សិទ្ធី បន្ត​ស្នើ​ចាត់​វិធានការ​បន្ទាន់​លើ​បុរស​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ពាក់ព័ន្ធ​អំពើ​បោកប្រាស់​និង​លាង​លុយ​កខ្វក់

បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng ហៅ Tak (រូប​កណ្ដាល)

អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បន្ត​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចាត់​វិធានការ​ច្បាប់​លើ​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng ហៅ Tak និង​មន្ត្រី​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បោកប្រាស់​តាម​អ៊ីនធឺណិត និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​កម្ពុជា។

អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ក្នុង​ការ​ដាក់​ទោស​មេ​ឧក្រិដ្ឋជន​បោកប្រាស់​តាម​អ៊ីនធឺណិត និង​លាង​លុយ​កខ្វក់ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ទាំងអស់​នេះ។

អ្នកឧកញ៉ា​រូប​នេះ​បញ្ជាក់​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ​លើ​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ទាំងនេះ កំពុង​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​អ្នក​ប្រព្រឹត្ត​អំពើ​បោកប្រាស់​ទាំងអស់​នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មេ​ឧក្រិដ្ឋជន​នៃ​អំពើ​បោកប្រាស់​តាម​អ៊ីនធឺណិត និង​លាង​លុយ​កខ្វក់​ដែល​កំពុង​ដើរហើរ​សេរី​ក្រៅ​ច្បាប់​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ អ្នកឧកញ៉ា ហេង សិទ្ធី ធ្លាប់​បាន​ទម្លាយ​ម្តង​រួច​មក​ហើយ​ពី​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ដែល​លោក​អះអាង​ថា បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ និង​លាង​លុយ​នោះ ប៉ុន្តែ​ការ​អនុវត្ត​វិធានការ​ច្បាប់​លើ​មេ​ឧក្រិដ្ឋជន​រូប​នេះ​នៅតែ​ជាប់​គាំង​រហូត​ដល់​ពេល​នេះ។

អ្នកឧកញ៉ា ហេង សិទ្ធី ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ គឺជា​អ្នក​បញ្ជា​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​លោក​វរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​អ្នក​ការពារ​ជនជាតិ​សិង្ហបុរី ដែល​កំពុង​រកស៊ី​ឆបោក​លុយ​តាម​អនឡាញ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Tak (តាក់) នេះ​រហូត​មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៤ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា អំពើ​ឆបោក​តាម​អនឡាញ​កាន់​តែ​មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​រួម​គ្នា​ទប់ស្កាត់​នូវ​បទល្មើស​ឆបោក​ដែល​កំពុងតែ​កើត​មាន​នៅ​កម្ពុជា​នា​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គម្រោង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ (OCCRP) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​មួយ​កាលពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២៤ កន្លង​ទៅ​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​លាក់បាំង​ព័ត៌មាន​ពី​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បោកប្រាស់​តាម​អ៊ីនធឺណិត និង​ការ​លាង​លុយ​កខ្វក់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version