សារព័ត៌មានបរទេសនៅប្រទេសសេរី បានចុះផ្សាយអំពីសិទ្ធិសេរីភាពពលរដ្ឋនៅប្រទេសកម្ពុជា ថាកាន់តែរួញតូចចង្អៀតទៅៗ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជំនួសឪពុក ហើយលោក ហ៊ុន សែន ជាឪពុកវិញ ក៏នៅតែមានឥទ្ធិពលពីក្រោយខ្នងកូនហាក់បីដូចជាចាំតែញាក់ខ្សែដូច្នោះដែរ។
សារព័ត៌មាន Japan Times បានស្រង់ផ្សាយបន្តពីកាសែត The New York Times នៅថ្ងៃទី២៤ ខែធ្នូ នេះថា មកទល់នឹងឆ្នាំទៅ ពលរដ្ឋខ្មែរបានរស់ឃើញតែមេដឹកនាំម្នាក់រាប់សិបឆ្នាំ គឺលោក ហ៊ុន សែន។ មនុស្សម្នាទាំងឡាយចាប់ផ្តើមមានក្តីសង្ឃឹមតិចៗវិញ ថានឹងមានសេរីភាពជាងមុន នៅពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច ដោយហេតុថាលោករៀនសូត្រនៅប្រទេសលោកសេរី ប្រហែលជាមានចិត្តគំនិតខុសពីឪពុកដែលជាអតីតកម្មាភិបាលយោធាខ្មែរក្រហមរំសាយ ហើយលើកបន្តុបដោយកម្លាំងទ័ពកុម្មុយនីស្តយៀកណាម នាឆ្នាំ១៩៧៩។ ផ្ទុយទៅវិញ គេឃើញតែការរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋខ្មែរដែលរួមចំណែកការពារបរិស្ថាន ចាប់ដាក់ពន្ធនាគារ បិទប្រព័ន្ធសារព័ត៌មានឯករាជ្យដែលសរសេរការពិត ប៉ុន្តែប៉ះពាល់ដល់របបដឹកនាំ។
ភារធារីស្ថានទូតអង់គ្លេស លោក Marc Thayre ថ្លែងថា លំហនៃការសម្ដែងមតិចុះទាបទៅៗ ហើយកាន់តែលិចជ្រៅទៅៗប្រហែលជាតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។
ឥឡូវនេះ សាធារណជននៅមានសង្ឃឹមតែលើសម្ពាធពីសភាសហភាពអឺរ៉ុបខាងផ្នែកនយោបាយ និងពាណិជ្ជកម្មប៉ុណ្ណោះ បន្ទាប់ពីសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តបន្តដាក់ទណ្ឌកម្មលើរបបក្រុងភ្នំពេញតទៅទៀតនោះ។ អ្នកតាមដានស្រុកខ្មែរខ្លះនិយាយថា លទ្ធផលដូចបច្ចុប្បន្ននេះមកពីពលរដ្ឋខ្មែរនិយមគិត និងធ្វើអ្វីមួយតាមបែបផ្សងសំណាងផ្ញើវាសនាលើអ្នកដឹកនាំតែមួយផ្លូវ ហើយសង្ឃឹមថាអ្នកដឹកនាំនោះនឹងបម្រើផលប្រយោជន៍ដល់ខ្លួន។
អ្នកស្រាវជ្រាវ និងវិភាគក្នុងកងនាវាចរណ៍សហរដ្ឋអាមេរិក បរិយាយអំពីលក្ខណាការជនជាតិខ្មែរនាឆ្នាំ១៩៦៦ ក្នុងរបបសាធារណរដ្ឋយៀកណាម តាមការសិក្សាបែបចិត្តសាស្ត្រលើបុគ្គលលក្ខណៈខ្មែរថា៖ ខ្មែរគិតអំពីជីវិតផ្ទុយពីគ្នា។ ម្យ៉ាងគាត់គិតថាជាកម្មផល ពោលគឺអ្វីចារ ឬកំណត់មកហើយ ចៀសមិនរួចឡើយ មិនអាចនរណាកែប្រែបានឡើយ។ ម្យ៉ាងទៀត គាត់គិតថាអ្វីៗមានគ្រឹះខាងសីលធម៌។ ពេលខ្លះ ជនជាតិខ្មែរព្រងើយកន្តើយនឹងរឿងអនាគតកាល ហើយបោះបង់ខ្លួនឯងខ្វល់ខ្វាយតែនឹងរឿងចំពោះមុខតែប៉ុណ្ណោះ។ កិរិយាបែបនេះ គេសង្កេតឃើញលើជនជាតិខ្មែរដែលចាយវាយធនធានខំប្រឹងរកមួយឆ្នាំ លេងល្បែងហ្មត់អស់រលីងតែក្នុងមួយយប់ក៏មាន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
