The Cambodia Daily Khmer

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ទម្លាយ​ប្រភព​ចំណូល​ពុករលួយ​របស់​មេ​នគរបាល​ជាតិ

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចុះចេញ​ពី​តំណែង បើ​មិន​ចង់​ឱ្យ​លោក​ទម្លាយ​ពី​ប្រភព​ចំណូល​ដែល​បាន​មកពី​ការប្រព្រឹត្ត​អំពើពុករលួយ​ប្រចាំ​ខែ​ទេ​នោះ។

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បញ្ចេញ​សារ​សំឡេង​ប្រវែង​ជិត ១០​នាទី​ដែល​បាន​ឆ្លើយតប​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា លោក​នឹង​ទម្លាយ​សេចក្តី​រាយការណ៍​ប្រភព​ចំណូល​របស់​លោក ស ថេត ដែល​បាន​មកពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទាំងអស់ បើ​លោក ស ថេត នៅតែ​គឃ្លើន​មិន​លាលែង​តំណែង​ទេ​នោះ។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី លើកឡើង​ថា រាល់​ការ​លាតត្រដាង​នូវ​អំពើពុករលួយ​របស់​លោក ស ថេត គឺ​សុទ្ធសឹងតែ​ជា​ការពិត ព្រោះ​អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់ ហើយ​លោក​ក៏​នឹង​មិន​កែតម្រូវ​ចំពោះ​ការ​លាតត្រដាង​នូវ​អំពើពុករលួយ​របស់​លោក ស ថេត ទៅ​តាម​ការ​ប្រកាស​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ដែរ។

អគ្គនាយក​ក្រុមហ៊ុន Maritime Group រូប​នេះ​អះអាង​ថា អំពើ​ចោរកម្ម និង​បទឧក្រិដ្ឋ​ផ្សេងៗ ដូចជា ការ​ប្រព្រឹត្ត​អំពើពុករលួយ គប់គិត​ជាមួយ​ឧក្រិដ្ឋជន​ដោយ​យក​មុខនាទី និង​អំណាច​របស់​ខ្លួន​ទៅ​ការពារ​ឧក្រិដ្ឋជន រួម​ទាំង​ការ​បើក​ឱ្យ​មាន​ល្បែង​អនឡាញ​ខុស​ច្បាប់​ពេញ​ប្រទេស​កម្ពុជា ជាដើម នឹង​មិន​អាច​កើត​មាន​នៅ​កម្ពុជា​ទេ បើ​គ្មាន​ការ​បើក​ដៃ​ពី​លោក ស ថេត និង​លោក ស សុខា ដែល​ជា​ថ្នាក់លើ​របស់​គាត់​នោះ។

លោក ហេង សិទ្ធី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ចំណាត់ការ​របស់​នាយករដ្ឋមន្ត្រី បើ​លោក ហ៊ុន ម៉ាណែត សម្រេច​ដក​តំណែង​លោក ស ថេត ពី​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​លោក ហ៊ុន ម៉ាណែត ក៏​មាន​ការ​ទើសទាល់​ចំពោះ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ស ថេត ដែរ ហើយ​បើ​សម្រេច​ដក​តំណែង​បុគ្គល​រូប​នេះ ក៏​រឹតតែ​ធ្វើ​ឱ្យ​គាត់​មាន​ការ​ទើសទាល់​ថែមទៀត។

កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​បដិសេធ​ការ​លើកឡើង​របស់​លោក ហេង សិទ្ធី ទាំងស្រុង ដែល​ថា​ជនជាតិ​សិង្ហបុរី​ឈ្មោះ ភូ ហ្គិច សេង (ហៅ​តាក់) បាន​សូកប៉ាន់​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចំនួន ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ឈ្មោះ​របស់​លោក (ហេង សិទ្ធី) ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​របស់​នគរបាល​អន្តរជាតិ​អាំងទែប៉ូល (Interpol) នោះ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្នើ​ឱ្យ​លោក ហេង សិទ្ធី ធ្វើការ​កែតម្រូវ​ព័ត៌មាន​អំពី​ការ​ផ្សព្វផ្សាយ​មិន​ពិត​របស់​ខ្លួន​ឡើងវិញ​ជាបន្ទាន់។

កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​អះអាង​ថា បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) បាន​សូកប៉ាន់​លុយ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ដើម្បី​ដាក់​ឈ្មោះ​របស់​លោក​ទៅ​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (Interpol)។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ជា​ចង្កោម​គ្រួសារ​នៅ​ពីក្រោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា អំពើ​ជួញដូរ​មនុស្ស លាង​លុយ​កខ្វក់ និង​ការ​បោកប្រាស់​តាម​អនឡាញ ជាដើម។

លោក សម រង្ស៊ី បញ្ជាក់​ថា ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​ពួន​សម្ងំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​គ្រួសារ​ត្រកូល​ហ៊ុន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ទើប​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​គ្រប់​បែប​យ៉ាង​ដោយ​មិន​ខ្លាច​ច្បាប់​ប្រទេស​កម្ពុជា ដែល​ពួកគេ​ជា​អ្នក​អនុវត្ត​នោះ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version