នៅទីបំផុត ក្រុមហាម៉ាស និងអ៊ីស្រាអែល បានយល់ព្រមទទួលយកបទឈប់បាញ់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលនិយាយថានឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
ក្នុងកិច្ចព្រមព្រៀងនេះ ក៏មានរួមបញ្ចូលនូវការដោះលែងចំណាប់ខ្មាំងដែលជាប់ឃុំក្នុងតំបន់ហ្កាហ្សា អស់រយៈពេលជាង ១៥ខែមកនេះចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣។
តាមប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អ៊ីស្រាអែលនិងក្រុមហាម៉ាស បានព្រមព្រៀងគ្នាបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងធ្វើការផ្លាស់ប្ដូរចំណាប់ខ្មាំងទាំងអស់។
លោក បៃដិន បានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់អរិភាពនៅតំបន់ហ្កាហ្សា ជាមួយនឹងការដោះលែងចំណាប់ខ្មាំង និងអ្នកទោសប៉ាឡេស្ទីន ជាដំណាក់កាលមួយទៅដំណាក់កាលមួយ។
ជាមួយគ្នានេះ លោកប្រធានាធិបតី ចូ បៃដិន ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងនេះនឹងបញ្ឈប់ការវាយប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា ហើយនាំទៅរកការបង្កើនលំហូរជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងការជួបជុំរវាងចំណាប់ខ្មាំងនិងក្រុមគ្រួសាររបស់ពួកគេ ក្រោយព្រាត់ប្រាសគ្នាអស់រយៈពេលជាង ១៥ខែមកនេះ។
យោងតាមបណ្ដាញផ្សាយព័ត៌មាន BBC កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង បានព្រមព្រៀងក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីកាតា និងតំណាងក្រុមហាម៉ាស ព្រមទាំងកិច្ចប្រជុំដោយឡែកផ្សេងទៀតជាមួយនឹងតំណាងរបស់អ៊ីស្រាអែល ដែលភាគីរដ្ឋការលោក បៃដិន ក៏ជាចំណែកដ៏ធំមួយដែរ។
បើតាមអ្នកសម្របសម្រួល កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។
យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពរបស់ខ្លួនត្រូវដោះលែងចំណាប់ខ្មាំង ៣៣នាក់ដែលត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែល ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន រាប់រយនាក់ដែលអ៊ីស្រាអែល បានចាប់ខ្លួន។
តាមកិច្ចព្រមព្រៀងដដែលនេះ ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់ ចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី កុមារ និងបុរសដែលមានអាយុ ៥០ឆ្នាំឡើង ខណៈជនជាតិអាមេរិក ២នាក់ឈ្មោះ Keith Siegel និង Sagui Dekel-Chen ក៏នឹងស្ថិតក្នុងចំណោមបញ្ជីឈ្មោះចំណាប់ខ្មាំងត្រូវដោះលែងផងដែរ។
បើតាមក្រុមមន្ត្រីអ៊ីស្រាអែល នៅមានចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់ក្រុមហាម៉ាស។
ប៉ុន្តែអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានចាត់ទុកថាជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ជនជាតិអ៊ីស្រាអែល មិនត្រូវបានដោះលែងនោះទេ ដែលពួកគេកំពុងឃុំខ្លួននៅក្នុងតំបន់ West Bank លើកលែងតែនៅក្នុងតំបន់ហ្កាហ្សា ឬនៅក្រៅប្រទេសដែលស្របតាមកិច្ចព្រមព្រៀងជាមួយរដ្ឋបរទេសតែប៉ុណ្ណោះ។
យោងតាមកិច្ចព្រមព្រៀងក្នុងដំណាក់កាលដំបូង កងទ័ពអ៊ីស្រាអែល នឹងចាប់ផ្តើមដកខ្លួនចេញពីតំបន់ដែលមានប្រជាជនរស់នៅ ប៉ុន្តែនឹងបន្តរក្សាទុកនៅតំបន់ជាប់ព្រំដែនរវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប ដែលត្រូវបានគេស្គាល់ថាជាច្រករបៀង Philadelphia ប៉ុន្តែអ៊ីស្រាអែល នឹងដកទ័ពឱ្យអស់នៅថ្ងៃទី៥០ នៃការអនុវត្តបទឈប់បាញ់ បើការអនុវត្តបទឈប់បាញ់ត្រូវគោរពពេញលេញ។
លោក បៃដិន បានថ្លែងថា ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ អ៊ីស្រាអែលនឹងចរចាកិច្ចព្រមព្រៀងចាំបាច់ ដើម្បីឈានទៅដល់ដំណាក់កាលទីពីរ ពោលគឺការបញ្ចប់សង្គ្រាមទាំងស្រុង ប៉ុន្តែប្រសិនបើការចរចាមានរយៈពេលយូរជាង ៦សប្តាហ៍ គឺបទឈប់បាញ់នឹងត្រូវបានអូសបន្លាយថែមទៀត ដើម្បីស្វែងរកការបិទបញ្ចប់សង្គ្រាម។
លោក បៃដិន និងរដ្ឋការរបស់លោក បានព្យាយាមរុញអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នេះ ដើម្បីធ្វើឱ្យមានសន្តិភាពសម្រាប់ដែនដីហ្កាហ្សា ហើយជួយសម្រាលវិបត្តិមនុស្សធម៌។
នេះជាកិច្ចខំប្រឹងប្រែងមួយរបស់លោក បៃដិន និងគណៈរដ្ឋមន្ត្រីរបស់លោកដែលបាននាំមកនូវជោគជ័យដំណោះស្រាយការទូតក្នុងអន្តរកាលដែលលោកត្រូវចាកចេញពីសេតវិមាន។
ប៉ុន្តែជាមួយគ្នានេះ លោក បៃដិន និងរដ្ឋការចុងក្រោយរបស់លោក បានបន្ថែមទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងមូស្គូ ករណីបង្កសង្គ្រាមនៅអ៊ុយក្រែន។
កាលពីថ្ងៃពុធ ទី១៥ ខែមករា រដ្ឋការលោក បៃដិន បានដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀត។ ទណ្ឌកម្មទាំងនោះមានគោលដៅប្រឆាំងនឹងរុស្ស៊ី ហើយជាការព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ មុនលោក ដូណាល់ ត្រាំ ចូលទៅកាន់សេតវិមានវិញ នៅថ្ងៃទី២០ មករា ខាងមុខនេះ។
ទណ្ឌកម្មបន្ថែមនេះ ក្រសួងការបរទេស រួមទាំងក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់លើគោលដៅសរុបជាង ២៥០គោលដៅ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ទណ្ឌកម្មទាំងនោះក៏មានក្រុមហ៊ុនដែលស្ថិតនៅក្នុងប្រទេសចិន ព្រោះតែក្រុមហ៊ុនចិនទាំងនោះមិនបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយសារតែមានទំនាក់ទំនងនឹងឧស្សាហកម្មយោធារបស់រុស្ស៊ី។
ទណ្ឌកម្មនេះគេអាចរាប់បញ្ចូលអង្គភាពសំខាន់ៗជិត ១០០ របស់រុស្ស៊ី រួមមានទាំងធនាគារ និងក្រុមហ៊ុនប្រតិបត្តិការក្នុងវិស័យថាមពល ដែលកន្លងមកបានរងទណ្ឌកម្មរួចហើយ តែត្រូវដាក់វិធានការរឹតត្បិតបន្ថែមទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកថាក្រោមទណ្ឌកម្មនេះ ក្រុមហ៊ុនណាដែលរកស៊ីទាក់ទងនឹងឧស្សាហកម្មយោធារុស្ស៊ី ក៏នឹងប្រឈមទោសទណ្ឌផងដែរ។
ភ្លាមៗក្រោយពីរដ្ឋការលោក បៃដិន ប្រកាសដាក់ទណ្ឌកម្មលើថាមពល និងវិស័យប្រេងរបស់រុស្ស៊ី យ៉ាងតិចនាវាដឹកប្រេងរវាងរុស្ស៊ី និងឥណ្ឌា និងរុស្ស៊ីជាមួយចិន ជិត ៧០គ្រឿង បានសម្រេចផ្អាកដឹកប្រេង ដោយនាវាទាំងនោះបានបោះយុថ្កានៅកណ្ដាលសមុទ្រដែលឆ្ពោះទៅរុស្ស៊ី។
វិធានការចុងក្រោយរបស់រដ្ឋការលោក បៃដិន អាចបង្កការលំបាកសម្រាប់រដ្ឋការលោក ដូណាល់ ត្រាំ ដែលលោក ត្រាំ នឹងចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ មករា ខាងមុខនេះ។ លោក ត្រាំ បាននិយាយថា លោកចង់ដោះដូរទណ្ឌកម្មរបស់អាមេរិកជាមួយនឹងរុស្ស៊ី ឱ្យតែក្រុងមូស្គូ ព្រមបញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
