The Cambodia Daily Khmer

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជាង ២​ម៉ឺន​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋ​អាមេរិក

ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ទីក្រុង Lyons រដ្ឋ Illinois កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា ឆ្នាំ​២០២៥។ (Christopher Dilts/Bloomberg/Getty Images)

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​គ្មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​ជិត ២០០០​នាក់ ត្រូវ​កត់ត្រា​ទុក​ក្នុង​បញ្ជី​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ចេញពី​សហរដ្ឋ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

ក្រសួង​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (U.S. Immigration and Customs Enforcement (ICE)) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្រោយ​វិធានការ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ថា សហរដ្ឋ​អាមេរិក​នឹង​ចាប់​បញ្ជូន​ពលរដ្ឋ​ខុស​ច្បាប់​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង ១០ របស់​ពួកគេ​វិញ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥១៦៨​នាក់)។

ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​មាន​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​អាមេរិក គឺ៖

របាយការណ៍​នេះ​បញ្ជាក់​ថា ក្រៅពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​មាន​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ដែរ ដែល​គិត​ជា​សរុប​មាន​ចំនួន ២០៨​ប្រទេស និង​គិត​ចំនួន​មនុស្ស​ខុស​ច្បាប់​ដែល​ត្រូវ​ចាប់​បញ្ជូន​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​មាន​ជាង ១​លាន ៤​សែន​នាក់ (១៤៤៥៥៤៩​នាក់)។

កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រេច​ផ្អាក​ទទួល​យក​ជនភៀសខ្លួន​ដែល​មិន​ត្រឹមតែ​ជនអន្តោប្រវេសន៍​ដែល​ស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ​អាមេរិក​ទេ សូម្បី​ជនភៀសខ្លួន​នយោបាយ​ដែល​លោក ដូណាល់ ត្រាំ គិត​ថា​ជា​បន្ទុក​របស់​អាមេរិក ក៏​មិន​ត្រូវ​បាន​ស្វាគមន៍​ដែរ។

ជនភៀសខ្លួន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ជាង ១៧០​ប្រទេស​នៅ​លើ​ពិភពលោក ទាំង​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ និង​ជនភៀសខ្លួន​ដែល​រស់នៅ​ដោយ​ស្រប​ច្បាប់។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ លើ​ទឹកដី​អាមេរិក យ៉ាងហោចណាស់​ក៏​មាន​រដ្ឋ​ចំនួន ១១​រដ្ឋ​ដែរ​ដែល​មាន​ច្បាប់​ការពារ​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់។ ជាង​នេះ​ទៀត នៅ​តាម​បណ្តា​ក្រុង​នីមួយៗ​នៃ​រដ្ឋ​ទាំងនោះ ក៏​មាន​ច្បាប់​មូលដ្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ការពារ​មិន​ឱ្យ​អាជ្ញាធរ​សហព័ន្ធ​ចុះ​ទៅ​ចាប់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំងនោះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ​ដែរ បើ​អ្នក​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ខុស​ក្រៅតែ​ពី​ការ​ដែល​គ្មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​នោះ។

លោក មួង ណារ៉េត បញ្ជាក់​ថា ក្រោម​វិធានការ​របស់​ប្រធានាធិបតី​ថ្មី​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រៅពី​រដ្ឋ​ទាំង ១១ នេះ គឺ​ប្រឈម​ទៅ​នឹង​ការ​ចាប់​ខ្លួន​ដោយ​ចៀស​ពុំ​រួច​ឡើយ។ ជាក់ស្តែង ក្រុង​ដែល​នៅ​តាម​បណ្តា​រដ្ឋ​ខ្លះ​បាន​សម្រេច​លុបចោល​នូវ​ច្បាប់​គាំពារ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ភ្លាមៗ​ទៅ​តាម​វិធានការ​របស់​លោក ដូណាល់ ត្រាំ។

ក្រោយ​ចូល​កាន់​តំណែង​បាន ៣​ថ្ងៃ លោក ដូណាល់ ត្រាំ បាន​ចេញ​ក្រឹត្យ​ឱ្យ​នគរបាល​ប្រើ​វិធានការ​ក្តៅ​ដើម្បី​ចាប់​ខ្លួន និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ខណៈ​វិធានការ​នេះ​បាន​ផ្តើម​ចេញពី​ទីក្រុង​ប៊ូស្តុន នៃ​រដ្ឋ​ម៉ាស្សាឈូសេត និង​ទីក្រុង​ឈីកាកូ នៃ​រដ្ឋ​អ៊ីល្លីណយ ដែល​ចាប់​បាន​ជនអន្តោប្រវេសន៍​ចំនួន ៥០០​នាក់ យក​ទៅ​ដាក់​ពន្ធនាគារ និង​ជាច្រើន​រយ​នាក់​ទៀត​ត្រូវ​បណ្តេញ​ចេញពី​ទឹកដី​អាមេរិក៕

ជនអន្តោប្រវេសន៍​ដែល​ត្រូវ​និរទេស​ពី​សហរដ្ឋ​អាមេរិក មក​ដល់​តាម​ជើង​ហោះហើរ​និរទេស​នៃ​ប៉ូលិស ICE នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ទីក្រុង Guatemala នៃ​ប្រទេស Guatemala។ (រូប​ឯកសារ)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version