The Cambodia Daily Khmer

លោក អ៊ុំ សំអាន រិះគន់​ការ​ដាក់​ក្រប​សៀវភៅ​ប្រវត្តិវិទ្យា​ថ្នាក់​ទី​៦ ថា​ជា​ការ​ព្យាយាម​លុបបំបាត់​ប្រវត្តិសាស្ត្រ​ខ្មែរ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (ឆ្វេង) និង​គំរូ​សៀវភៅ​សិក្សា​មួយ​ក្បាល​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​អប់រំ​លើ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ថ្នាក់​ទី​៦។

ប្រវត្តិវិទូ​តែងតែ​និយាយ​ថា អ្នក​ឈ្នះ​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ ហើយ​សរសេរ​សាជាថ្មី​ដោយ​កែប្រែ​អ្វី​ដែល​បម្រើ​ផល​ប្រយោជន៍​ពួកគេ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​ដាក់​រូប​វិមាន​ឈ្នះ​ឈ្នះ​លើ​ក្រប​សៀវភៅ​ប្រវត្តិវិទ្យា​កម្រិត​បឋមសិក្សា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ផែនការ​ត្រកូល​ហ៊ុន ដែល​មាន​បំណង​ឱ្យ​ខ្មែរ​ទទួលស្គាល់​ស្តូប​រំលឹក​គុណ​វៀតណាម ចាប់ពី​ពេលនេះ​ទៅ​ពេល​អនាគត។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ បាន​ផ្សព្វផ្សាយ​គំរូ​សៀវភៅ​សិក្សា​មួយ​ក្បាល​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​អប់រំ​លើ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ថ្នាក់​ទី​៦។

សៀវភៅ​នេះ​មាន​ចំណងជើង​ថា «ខ្មែរ និង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វិបុលភាព» ដោយ​ក្នុង​នោះ​ក៏​បាន​រំលេច​រូប​វិមាន​ឈ្នះ​ឈ្នះ រួម​ជាមួយ​រូប​កុមារា​កុមារី ៤​នាក់ នៅ​ផ្នែក​ខាង​លើ​នៃ​ក្រប​សៀវភៅ​នេះ​ផង​ដែរ។

គួរ​កត់សម្គាល់​ថា វិបុលភាព ប្រែ​ថា ភាព​ធំ​ទូលាយ។ មាន​សំណួរ​ថា តើ​ការ​ប្រើ​ពាក្យ​នេះ ចង់​សំដៅ​ដល់​ការ​ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​ផល​ក្នុង​ការ​វាតទី​ពង្រីក​ទឹកដី​ពី​បរទេស​លើ​ទឹកដី​ខ្មែរ ឬ​ចង់​សំដៅ​ថា ការ​អភិវឌ្ឍ​រីកចម្រើន មហា​ជឿនលឿន មហា​រុងរឿង មហា​ត្រចះត្រចង់ មហា​អស្ចារ្យ។

លោក អ៊ុំ សំអាន លើកឡើង​ថា ត្រកូល​ហ៊ុន​កំពុង​ព្យាយាម​លុបបំបាត់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​នឹង​ត្រូវ​ជំនួស​ដោយ​ប្រវត្តិ​ក្លែងក្លាយ​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដោយ​ភ្ជាប់​ជាមួយ​ស្តូប​រំលឹក​គុណ​វៀតណាម ដែល​ហៅថា វិមាន​ឈ្នះ​ឈ្នះ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាងសង់​នៅ​លើ​ទឹកដី​ខ្មែរ​នៅ​ពេលនេះ។ លោក​ថា វិមាន​ឈ្នះ​ឈ្នះ ដែល​កសាង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ប្រើ​រចនាបថ​ខ្មែរ​ទេ ប៉ុន្តែ​រចនាបថ​នៃ​វិមាន​ឈ្នះ​ឈ្នះ​នោះ​គឺ​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​រចនាបថ​លើ​វិមាន​ដែល​ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ជា​និមិត្តរូប​នៃ​ប្រទេស​វៀតណាម ទៅវិញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា នយោបាយ​ឈ្នះ​ឈ្នះ ដែល​ប្រើ​ស្តូប​ដឹងគុណ​វៀតណាម ជា​និមិត្តរូប គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ត្រកូល​ហ៊ុន និង​វៀតណាម ជា​អ្នក​ឈ្នះ ខណៈ​ពលរដ្ឋ​ខ្មែរ​គឺជា​អ្នក​ចាញ់ និង​ត្រូវ​ដឹងគុណ​វៀតណាម តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ពួកគេ​បាន​បង្កើត​ឡើង​មក​នេះ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា នយោបាយ​ឈ្នះ​ឈ្នះ គឺ​វៀតណាម ឈ្នះ​បាន​ទឹកដី​ខ្មែរ​យក​ទៅ​គ្រប់គ្រង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដូចជា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ដែនសមុទ្រ​ខ្មែរ ៣០០០០​គីឡូម៉ែត្រ​ការ៉េ សន្ធិសញ្ញា​ខុស​ច្បាប់​ស្ដីពី​ដែនទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ និង​ការ​ដាក់​សមុទ្រ​ខ្មែរ​រួម​ជាមួយ​វៀតណាម ១០០០០​គីឡូម៉ែត្រ​ការ៉េ ជាដើម។

ជុំវិញ​បញ្ហា​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចេញ​មុខ​រិះគន់​ព្រោងព្រាត ក្នុង​នោះ​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា Business Adviser លើកឡើង​ថា ដំណើរ​នេះ​មាន​តែ​ទៅ​មុខ មិន​អាច​ថយ​ក្រោយ​ទេ។

ចំណែក​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ លើកឡើង​ថា រូបតំណាង​ជាតិ​ខ្មែរ​ដូចជា​ប្រាសាទ​អង្គរវត្ត ជាដើម មិន​ដាក់​លើ​ក្រប​សៀវភៅ​នេះ​ទេ បែរជា​ដាក់​រូប​ដែល​មាន​លំនាំ​រូបតំណាង​ជាតិ​ពី​ប្រទេស​ជិតខាង​ដែល​ឈ្លានពាន​ទឹកដី​ខ្លួន​ទៅវិញ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​ដោយសារ​ទូរសព្ទ​មិន​ចូល។

ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​បាន​ឃើញ​ការ​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ពី​មួយ​ទៅ​មួយ ហើយ​ឃើញ​ប្រវត្តិសាស្ត្រ​ខ្មែរ​កែ​រហូត ដូច្នេះ​កូន​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រៀនសូត្រ​អំពី​ប្រវត្តិ​ជាតិ​សាសន៍​ខ្លួន​ខុស​គ្នា​រហូត។ ឧទាហរណ៍ ក្នុង​សម័យកាល​បារាំង​ត្រួតត្រា ការ​រៀនសូត្រ​ប្រវត្តិសាស្ត្រ​មាន​មួយ​បែប សម័យកាល​ប្រទេស​ជាតិ​បាន​ឯករាជភាព ការ​រៀនសូត្រ​ប្រវត្តិសាស្ត្រ​បង្ហាញ​មួយ​បែប សម័យកាល​អស់​រាជាធិបតេយ្យ ការ​រៀនសូត្រ​ប្រវត្តិសាស្ត្រ​ដដែល​បង្ហាញ​មួយ​បែប​ទៀត សម័យកាល​ជ័យជម្នះ​កុម្មុយនីស្ត ការ​រៀនសូត្រ​ប្រវត្តិសាស្ត្រ​ដដែល​បង្ហាញ​មួយ​បែប​ផ្សេង​ទៀត។

ទោះជា​ដូច្នេះ​ក្តី បើ​គេ​មិន​នាំគ្នា​បង្ហាញ​ការពិត​ទាំងស្រុង​ក្នុង​ប្រវត្តិសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទេ កូន​ខ្មែរ​នឹង​វិល​វីវក់​ជាក់​ជាមិនខាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version