The Cambodia Daily Khmer

បណ្ឌិត សុខ ទូច ថា​ឆេះ​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​បណ្ដាល​មកពី​ពលរដ្ឋ​ដុត​ដើម្បី​បរបាញ់​សត្វ​និង​ដាក់​អន្ទាក់

ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ស្ថិត​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​៣០-៣១ ខែ​មករា ឆ្នាំ​២០២៥។ (រូបភាព​ពី​វីដេអូ​បណ្ឌិត សុខ ទូច)

ផ្ទៃដី​ព្រៃ​ប្រមាណ ៣០​ភាគរយ​នៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ស្ថិត​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ត្រូវ​បាន​ភ្លើង​ឆេះ ដែល​មាន​អ្នក​អះអាង​ថា​បណ្តាល​មកពី​សកម្មភាព​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ដុត​ព្រៃ​ដើម្បី​បាញ់ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ និង​ទន្ទ្រាន​យក​ដី​ព្រៃ។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច បា​បង្ហោះ​វីដេអូ​អំពី​ភ្លើង​ឆេះ​ព្រៃ ដោយ​លោក​បាន​លើកឡើង​ថា ការ​លួច​ដុត​បាន​កើតឡើង​រាល់​ឆ្នាំ ទោះបីជា​មាន​ការ​ប្តឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​សុំ​អន្តរាគមន៍​យ៉ាងណាក៏ដោយ។ លោក​ថា បើ​ដាំ​កូនឈើ ក៏​អត់​រស់​ដែរ។ លោក​បន្ត​ថា ពលរដ្ឋ​ដុត​ព្រៃ​ដើម្បី​ស្រួល​ដើរ​បាញ់​សត្វ និង​ដាក់​អន្ទាក់។

ប្រធាន​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប លោក សូត្រ សំណាង បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ដើម​រដូវ​ប្រាំង​ឆ្នាំ​នេះ ដី​ព្រៃ​ប្រមាណ ២០ ទៅ ៣០​ភាគរយ​នៃ​ឧទ្យាន​ត្រូវ​បាន​ភ្លើង​ឆេះ។ ការ​ឆេះ​នេះ គឺ​បណ្តាល​មកពី​សកម្មភាព​មនុស្ស​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ។

លោក​បាន​បន្ត​ថា ជា​ទម្លាប់​នៅ​ក្នុង​រដូវប្រាំង ពេល​ចូល​ទៅ​ឃ្វាល​គោ ឬ​រក​អនុផល​ព្រៃឈើ អ្នក​ភូមិ​ខ្លះ​បាន​ដុត​ព្រៃ​ដើម្បី​ចាប់ ឬ​បរបាញ់​សត្វ​ព្រៃ ដូចជា​អណ្ដើក ត្រកួត អន្សង ទន្សាយ និង​ទន្ទ្រាន​យក​ដី​ព្រៃ ជាដើម។ លោក​ថា សហគមន៍​ចំនួន ១៦ កំពុងតែ​រស់នៅ​ជុំវិញ​ឧទ្យាន​នេះ។

ប្រភព​ដដែល​បាន​អះអាង​ថា លោក​អំពាវនាវ​សូម​ឱ្យ​បញ្ឈប់​សកម្មភាព​នោះ ដើម្បី​ផល​ប្រយោជន៍​កូនចៅ​ជំនាន់​ក្រោយ។ ប្រសិនបើ​អាច​ថែរក្សា​ព្រៃឈើ និង​អនុផល​ព្រៃឈើ​បាន គឺ​ក្នុង​មួយ​ឆ្នាំ​អាច​ប្រមូល​ផល​មិន​ក្រោម​ពី ២០ ទៅ ៣០​ម៉ឺន​ដុល្លារ​នោះ​ទេ។

កន្លង​មក ក្រសួង​បរិស្ថាន ក៏​បាន​ចេញ​សេចក្តី​ណែនាំ​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ហើយ​ថែមទាំង​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់​កាប់​ដី​ព្រៃ​ឈើ​ដែល​ឆេះ​ដោយ​អនាធិបតេយ្យ ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ជា​នានា​របស់​រដ្ឋាភិបាល។

ក្រសួង​បរិស្ថាន បាន​ជូនដំណឹង និង​ស្នើសុំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សហគមន៍ ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​វិធានការ​អប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជាពលរដ្ឋ។ ជាមួយ​គ្នា​នេះ ទប់ស្កាត់​ការ​កាប់ឆ្ការ ទន្ទ្រាន ឈូស​ឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ខុស​ច្បាប់ ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ដែល​ជា​សកម្មភាព​ល្មើស​ច្បាប់ និង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ និង​រាលដាល​រហូត​ដល់​ភូមិករ​របស់​ប្រជាពលរដ្ឋ តំបន់​រដ្ឋបាល​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា។

ជំពូក​៣ មាត្រា​៨៤៩ ត្រង់​ចំណុច (ខ) នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ បាន​ចែង​ថា ក្នុង​ការ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version