The Cambodia Daily Khmer

សង្គ្រាម​ពាណិជ្ជកម្ម​ក្នុង​រដ្ឋការ​ថ្មី​អាមេរិកាំង អង្រួន​ពិភពលោក រហូត​ដល់​អង្គការ​សហប្រជាជាតិ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)

អ្នក​សង្កេតការណ៍​យល់​មិន​ខុស​ទេ​ដែល​ថា បើ​មាន​ឱកាស​ម្ដង​ទៀត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ មហា​សេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយបារម្ភ​មិន​ខាន​ឡើយ។

មិន​បាន​ទុក​ពេល​យូរ​ឡើយ លោក ត្រាំ បាន​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម និង​ចាត់​វិធានការ​សងសឹក​ភ្លាមៗ​ក្នុង​ថ្ងៃទី​២០ មករា ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី។ ក្នុង​ថ្ងៃទី​២០ មករា នោះ លោក ត្រាំ បាន​ចេញ​បញ្ជា​នីតិប្រតិបត្តិ​ឋានៈ​ជា​ប្រធានាធិបតី​ដល់​ទៅ ៦​បទបញ្ជា។

ក្នុង​បទបញ្ជា​ទាំង ៦ នោះ មាន​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក (WHO) ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស បញ្ហា​ដែន​កោះ Greenland ដែល​លោក ត្រាំ បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវតែ​គ្រប់គ្រង​ដែនដី​កោះ​នៅ​តំបន់​ទឹកកក​ជិត​ប៉ូល​ខាងជើង​ដ៏​ធំ​មួយ​នេះ​ដើម្បី​ធានា​សន្តិសុខ​អន្តរជាតិ។

លោក ត្រាំ គំរាម​ថា ព្រែកជីក​ប៉ាណាម៉ា ជា​ផ្លូវទឹក​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ប៉ាណាម៉ា នៅ​ចុង​ឆ្នាំ​១៩៩៩ ត្រូវ​យក​មក​គ្រប់គ្រង​វិញ ដោយសារតែ​វត្តមាន​ចិន​យ៉ាង​សកម្ម​នៅ​ទីនោះ។

តែ​ករណី​ព្រែកជីក​ប៉ាណាម៉ា លោក ត្រាំ កំពុង​ឈ្នះ​ហើយ ព្រោះ​ប្រទេស​ប៉ាណាម៉ា យល់ព្រម​បញ្ចប់​កុងត្រា​ជាមួយ​ចិន ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​ព្រែកជីក​នេះ​ដោយ​សេរី​ទៀត​ផង។

នេះ​ក៏​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​លោក ត្រាំ ជាមួយ​នឹង​ចិន ដែរ។ គេ​ថា​សហរដ្ឋ​អាមេរិក​គ្រាន់តែ​ជាន់​ក​ប៉ាណាម៉ា​ឲ្យ​លាន​អណ្ដាត​ចិន។

ក្នុង​ពេល​ដែល​កំពុង​ឈ្នះ​លើ​ករណី​ព្រែកជីក​ប៉ាណាម៉ា រដ្ឋការ​លោក ត្រាំ បាន​ចាត់ការ​បន្ថែម​ទៀត​ដោយ​បន្ថែម​ពន្ធ​ពី ១០ ទៅ ១៥​ភាគរយ​ទៀត​លើ​ទំនិញ​ចិន នាំចូល​សហរដ្ឋ​អាមេរិក​លើ​អត្រា​ពន្ធ​តារីហ្វ ដែល​មាន​ស្រាប់​ទៅ​ហើយ។ ចំពោះ​ប្រទេស​កាណាដា និង​ម៉ិកស៊ិក រដ្ឋការ​លោក ត្រាំ ដំឡើង​ពន្ធ ២៥​ភាគរយ។

ចាប់ពី​ថ្ងៃ​អង្គារ ទី​៤ កុម្ភៈ នេះ​ទៅ ការ​ដំឡើង​ពន្ធ​នាំចូល​ពី​ប្រទេស​ចិន កាណាដា និង​ម៉ិកស៊ិក ចាប់​ចូល​ជា​ធរមាន។ ជាមួយ​គ្នា​នេះ ចិន​សងសឹក​វិញ ដោយ​ប្រធានាធិបតី ស៊ី ជីនពីង ថា​នឹង​ដាក់​ពន្ធ​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាមេរិក​វិញ ៤​មុខ ពី ១០ ទៅ ១៥% ដែរ។

ចំពោះ​ប្រទេស​អ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បាន​ប្រកាស​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​ទៅ​លើ​ប្រទេស​ផ្ដាច់ការ​ដ៏​ខ្លាំង​មួយ​នេះ​នៅ​តំបន់​មជ្ឈិមបូព៌ា ក្នុង​គោលដៅ​វាយ​បំបាក់​ការ​នាំចេញ​ប្រេង​ចេញពី​អ៊ីរ៉ង់ ឱ្យ​ធ្លាក់​ដល់​កម្រិត​សូន្យ ដើម្បី​កុំ​ឱ្យ​ប្រទេស​មួយ​នេះ​មាន​លទ្ធភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ជាមួយ​គ្នា​នេះ លោក ដូណាល់ ត្រាំ បាន​គំរាម​ប្រាប់​ថា​ឲ្យ​អឺរ៉ុប​ត្រៀម​ខ្លួន​ដែរ​ទៅ ព្រោះ​លោក​នឹង​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​អឺរ៉ុប​ដែល​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក។

វិធានការ​ខ្លាំង​របស់​លោក ដូណាល់ ត្រាំ ដាក់​ទៅ​លើ​ការ​នាំ​ទំនិញ​ចូល​ពី​បរទេស​នេះ បាន​ធ្វើ​ឲ្យ​រញ្ជួយ​ទីផ្សារ​មូលបត្រ​អន្តរជាតិ ទាំង​នៅ​អាស៊ី និង​នៅ​អឺរ៉ុប ជាពិសេស​គឺ​ក្នុង​វិស័យ​ជំនួញ​រថយន្ត។ តែ​សម្រាប់​តម្លៃ​ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ​ខ្លាំង ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ទៅ​ដល់​អនាគត​សេដ្ឋកិច្ច​ពិភពលោក ដែល​អាច​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​វិបត្តិ​ឱនភាព។

លោក ដូណាល់ ត្រាំ ក៏​បាន​ព្រមាន​ដល់​ក្រុម​ប្រទេស​សមាជិក BRICS ដែល​ចង់​បោះបង់​រូបិយប័ណ្ណ​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ឱប​ក្រសោប​រូបិយប័ណ្ណ​យ័ន ដោយ​គំរាម​ថា​នឹង​ដាក់​ពន្ធ ១០០​ភាគរយ។

លោក ត្រាំ ប្រឆាំង​នឹង​ក្រុម​ប្រទេស BRICS ដែល​កំពុង​ធ្វើ​ផែនការ​ទប់ស្កាត់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​ទូទាត់​ខាង​ពាណិជ្ជកម្ម។ ពី​ដំបូង BRICS មាន​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង។ តែ​ឥឡូវ​នេះ BRICS មាន​សមាជិក​ថ្មី​ទៀត​ដូចជា ឥណ្ឌូនេស៊ី អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និង​ប្រទេស​អារ៉ាប់រួមអេមីរ៉ាត់។

សង្គ្រាម​ពាណិជ្ជកម្ម​ផ្ដើម​ដោយ​លោក ត្រាំ កំពុង​ទាញ​សញ្ញា​អាសន្ន​នៃ​សេដ្ឋកិច្ច​ពិភពលោក ព្រោះ​ថា​សេដ្ឋកិច្ច​អាស៊ី និង​អាមេរិក​ខាងជើង ដែល​ជា​កម្លាំង​ចលករ​ខ្លាំង​ជួយ​ដល់​សន្ទុះ​សេដ្ឋកិច្ច​សកល ក៏​ត្រូវ​ជួប​ផលវិបាក​ដែរ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ទាញ​សញ្ញា​អាសន្ន​ថា សន្ទុះ​សេដ្ឋកិច្ច​អាស៊ី​អាច​នឹង​ជួប​ផលវិបាក​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​ពី​លោក ត្រាំ។ លើស​ពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ពី​លោក ដូណាល់ ត្រាំ វិស័យ​សហប្រតិបត្តិការ​អន្តរជាតិ​វិញ​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

ការ​សម្រេច​ព្យួរ​ជំនួយ​បរទេស​ទាំងអស់ ជាពិសេស​ជំនួយ​ក្នុង​កម្មវិធី​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍ USAID បាន​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​ពាសពេញ​ពិភពលោក​រង​ផល​ប៉ះពាល់​ខ្លាំង។ ប្រទេស​ក្រីក្រ​ភាគច្រើន​មាន​បញ្ហា​លើ​វិស័យ​សុខភាព​សាធារណៈ និង​ជំនួយ​សម្រាប់​សហគមន៍ បាន​កំពុង​ទទូច​ឱ្យ​លោក ដូណាល់ ត្រាំ បន្ត​រក្សា​ការ​ផ្ដល់​ជំនួយ​ឡើងវិញ។ តែ​ចុងក្រោយ​នេះ រដ្ឋការ​លោក ត្រាំ កំពុង​សិក្សា​ពី​ការ​បិទ​ចោល​ទាំងស្រុង​កម្មវិធី​របស់ USAID ក្រោម​ហេតុផល​ថា អ្នក​ទទួល​បាន​ជំនួយ​កម្មវិធី​នេះ ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រើប្រាស់​ជំនួយ​ពុំ​ត្រូវ​គោលដៅ។

ទោះជា​យ៉ាងណាក្ដី ការ​បិទ​ស្ថាប័ន​នេះ ត្រូវការ​សេចក្តី​សម្រេច​អនុម័ត​ដោយ​សភា​ទាំង​ពីរ។

តែ​ចុងក្រោយ​នេះ ក្រៅពី​ដក​ខ្លួន​ចេញពី​ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ត្រាំ កាលពី​ថ្ងៃ​អង្គារ ចុះហត្ថលេខា​ដក​សហរដ្ឋ​អាមេរិក​ចេញពី​ស្ថាប័ន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់​មួយ​ក្នុង​អង្គការ​សហប្រជាជាតិ ដូច​នឹង​ស្ថាប័ន WHO ផង​ដែរ។ សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ប៉ុន្តែ​មាន​មហាសេដ្ឋី​អាមេរិកាំង​អតីត​អភិបាល​បុរី​ញីវយ៉ក លោក Michael Bloomberg ចេញ​មុខ​ជួយ​បំពេញ​ការ​ខ្វះខាត​ជិត ២២​លាន​ដុល្លារ ឬ​ស្មើ​នឹង ២៤% នៃ​ថវិកា​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។ បញ្ហា​ដែន​កោះ Greenland ដែល​លោក ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវតែ​គ្រប់គ្រង​ដែនដី​កោះ​នៅ​តំបន់​ទឹកកក​អាកទិក​ដ៏​ធំ​មួយ​នេះ​ដើម្បី​ធានា​សន្តិសុខ​អន្តរជាតិ។

ទន្ទឹម​នឹង​នេះ លោក ដូណាល់ ត្រាំ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពិនិត្យ​ឡើងវិញ​អំពី​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក​ជាមួយ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ ហៅ​កាត់​ថា UNESCO ហើយ​ក៏​ពិនិត្យ​ឡើងវិញ​លើ​ការ​ផ្តល់​មូលនិធិ​សម្រាប់​អង្គការ​សហប្រជាជាតិ ក្រោម​ហេតុផល​នៃ​ភាព​ខុស​គ្នា​ខ្លាំង​នៅ​ក្នុង​កម្រិត​នៃ​ការ​ផ្ដល់​មូលនិធិ​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​គ្នា ជាពិសេស​ប្រទេស​ធំៗ​មាន​ដូចជា​ប្រទេស​ចិន ជាដើម នៅតែ​ធ្វើ​វិភាគទាន​ក្នុង​កម្រិត​តិច​នៅឡើយ។

ទោះជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ភាព​ច្របូកច្របល់​ក្តី ពលរដ្ឋ​អាមេរិកាំង​នៅ​ប្រទេស​មាន​ច្បាប់​នេះ​បាន​ស្រុះ​គ្នា​ងើប​តវ៉ា​ឥត​ឈប់ឈរ ជំទាស់​ទៅ​នឹង​គម្រោង​ការ​រំលោភ​ច្បាប់​ពី​ប្រធានាធិបតី​របស់​ខ្លួន​ដែរ តាមរយៈ​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មាន​អំណាច​ស្មើ​គ្នា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version