កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក Google បានប្ដូរឈ្មោះជាផ្លូវការនូវឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» នៅលើ Google Maps ដែលនាំឱ្យឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» បើមើលក្នុងកម្មវិធីផែនទី Google Maps មើលនៅលើទឹកដីអាមេរិកឃើញឈ្មោះ «ឈូងសមុទ្រអាមេរិក»។
ការប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ធ្វើឡើងស្របតាមបទបញ្ជានីតិប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
តែបើតាមបណ្ដាញផ្សាយព័ត៌មាន NBC អ្នកប្រើប្រាស់ Google Maps អន្តរជាតិ ដែលក្រៅពីលើទឹកដីសហរដ្ឋអាមេរិក នៅបន្តមើលឃើញទាំងឈ្មោះដើម «ឈូងសមុទ្រម៉ិកស៊ិក» ដូចគ្នាទៅនឹងគោលការណ៍សម្រាប់ទីតាំងដទៃទៀតដែរនៅជុំវិញពិភពលោក ដែលមានបញ្ហាវិវាទរឿងឈ្មោះកំណត់សម្គាល់ភូមិសាស្ត្រសកល។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Google អ្នកប្រើប្រាស់ Google Maps នៅសហរដ្ឋអាមេរិក មើលឃើញឈ្មោះ «ឈូងសមុទ្រអាមេរិក» រីឯអ្នកនៅម៉ិកស៊ិក នឹងមើលឃើញឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក»។ ចំណែកអ្នកផ្សេងទៀតខុសពីនៅលើទឹកដីអាមេរិក និងម៉ិកស៊ិក មើលឃើញឈ្មោះទាំងពីរនេះ។ វាមានន័យថាមើលឃើញនៅពេលតែមួយ គឺ «ឈូងសមុទ្រម៉ិកស៊ិក» និង «ឈូងសមុទ្រអាមេរិក» នៅលើ Google Maps។
ភ្លាមៗក្រោយពីទទួលដំណឹងថាក្រុមហ៊ុន Google បានសម្រេចដោយជោគជ័យនៃការផ្លាស់ប្ដូរ «ឈូងសមុទ្រម៉ិកស៊ិក» នៅលើ Google Maps លោក ត្រាំ បានជិះយន្តហោះហោះលើលំហសមុទ្រនៃឈូងសមុទ្រម៉ិកស៊ិក ដែលប្ដូរទៅ «ឈូងសមុទ្រអាមេរិក»។ លោក ត្រាំ បានថ្លែងដូចនេះថា៖ ថ្ងៃនេះខ្ញុំបានធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់ឈូងសមុទ្រអាមេរិក គឺភ្លាមៗក្រោយពីប្ដូរឈ្មោះដើមរបស់វា។
សេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១០ កុម្ភៈ បានបង្ហាញពីមោទនភាពរបស់ពលរដ្ឋអាមេរិក ដែលលោកថាជារឿងអស្ចារ្យនៃប្រវត្តិសាស្ត្រអាមេរិក។ លោក ត្រាំ បញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ យើងមើលឃើញ «ឈូងសមុទ្រអាមេរិក»។ វាមានន័យថាឈូងសមុទ្រម៉ិកស៊ិក គឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងជាទ្រព្យសម្បត្តិរបស់ពលរដ្ឋអាមេរិក។ នេះក៏ជាការផ្ដើមចេញពីសង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំ ផងដែរ។
តែនៅពេលជាមួយគ្នានេះ ជម្លោះ ឬសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ទាក់ទិននឹងឥទ្ធិពលរបស់ប្រទេសទាំងពីរទៅលើបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន កំពុងផ្ទុះឡើង។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក ដែលបានធ្វើដំណើរទៅតំបន់អាមេរិកកណ្តាល បានគំរាមថា អាមេរិកអាចនឹងចាត់វិធានការប្រឆាំងទៅលើប្រទេសប៉ាណាម៉ា ប្រសិនបើប្រទេសនេះមិនព្រមកាត់បន្ថយឥទ្ធិពលរបស់ចិន លើការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ ភ្លាមៗ ចិនបានប្រតិកម្មតបវិញ ដោយហៅអាមេរិកក្រោមការដឹកនាំរបស់រដ្ឋការលោក ត្រាំ ថាកំពុងបង្កទៅសង្គ្រាមត្រជាក់។
ទោះជាចិន ប្រតិកម្មដូចនេះក្ដី តែសម្រាប់ប៉ាណាម៉ា ដែលមើលទៅខ្លាចអាមេរិកជាងចិន ក៏បានសម្រេចបោះបង់ចោលគម្រោងទុនវិយោគផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ដែលចិនដាក់ទុនវិនិយោគពាន់លានដុល្លារ។ ប្រធានាធិបតីប៉ាណាម៉ា Jose Raul Mulino បានចុះបទបញ្ជាប្រតិបត្តិឱ្យបោះបង់ចោលគម្រោងទុនវិយោគផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
យោងតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីប៉ាណាម៉ា ធ្វើឡើងក្រោយពីរដ្ឋការលោក ត្រាំ បន្ថែមសម្ពាធថែមទៀត ដោយក្រុងវ៉ាស៊ីនតោន ព្រមានថារាល់ឥទ្ធិពលចិន នៅលើដែនដីប៉ាណាម៉ា ត្រូវកាត់បន្ថយឱ្យបានទាបបំផុត បើពុំនោះទេ ព្រែកជីកប៉ាណាម៉ា នឹងត្រូវបានរឹបអូសទាំងស្រុង។
ក្នុងសំណុំរឿងនេះ រដ្ឋាភិបាលលោកប្រធានាធិបតី Jose Raul Mulino បានជូនដំណឹងទៅស្ថានទូតចិន នៅប៉ាណាម៉ា ឱ្យដឹងជាផ្លូវការហើយ។
សេចក្តីសម្រេចរបស់ប៉ាណាម៉ា ត្រូវបានលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអបអរសាទរ។ លោក Rubio ចាត់ទុកជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីឱ្យប៉ាណាម៉ា ងាកទៅពង្រឹងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើងវិញ។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន Lin Jian បានលើកឡើងថា ចិនសូមប្រឆាំងដាច់ខាតចំពោះទង្វើដើរគំរាមបំភិតបំភ័យ ដែលអាមេរិកកំពុងតែបង្ហាញដូចនេះ គឺជាការបំផ្លាញគម្រោងសហប្រតិបត្តិការ ឬក៏ទំនាក់ទំនងល្អ ដែលប្រទេសប៉ាណាម៉ា មានជាមួយចិន។ ចិន បានហៅទង្វើរបស់រដ្ឋការលោក ត្រាំ ថាជាការបង្ហាញឲ្យឃើញអំពីចរិតវាតទីនិយមដែលអាមេរិកតែងតែប្រព្រឹត្តលើប្រទេសទន់ខ្សោយ។
ក្នុងរយៈពេល ១០ឆ្នាំមកនេះ ចិនលូកដៃចូលកាន់តែជ្រៅដោយប្រើឥទ្ធិពលរបស់ចិន តាមរយៈគម្រោងទុនវិយោគផ្លូវមួយខ្សែក្រវាត់មួយជះឥទ្ធិពលទៅលើប្រទេសមួយចំនួននៅអាមេរិកឡាទីន ហើយរហូតក្រុងប៉េកាំង មានយុទ្ធសាស្ត្រប្រើប្រាស់គម្រោងទុនវិនិយោគនេះជាមួយនឹងផែនការពង្រាយទ័ពចិន នៅលើប្រទេសដែលជាកូនបំណុលពាន់លានដុល្លារ។
និយាយរួមទៅ នៅក្នុងរយៈពេលមួយសប្ដាហ៍មកនេះ គេសង្កេតឃើញរដ្ឋការលោក ដូណាល់ ត្រាំ កំពុងស្ថិតលើវិថីជោគជ័យជាប្រវត្តិសាស្ត្រនៃការផ្ដើមសង្គ្រាមពាណិជ្ជកម្មក្នុងអាណត្តិថ្មីរបស់លោក ត្រាំ ដោយរាប់ទាំងក្រុមហ៊ុន Google បានសម្រេចលុបឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក តាមផែនការរបស់លោក ត្រាំ និងរដ្ឋាភិបាលក្រុងមូស្គូ បដិសេធផែនការបង្កើតរូបិយប័ណ្ណរួមរបស់ក្រុមសហប្រតិបត្តិការសេដ្ឋកិច្ច BRICS ដែលជាការសម្រេចបោះបង់ចោលគំនិតរបស់ចិន និងរុស្ស៊ី ចង់ប្រឆាំងពាណិជ្ជកម្មប្រាក់ដុល្លាររបស់អាមេរិក។ ទាំងនេះសុទ្ធតែជាការផ្លាស់ប្ដូរបរិបទពិភពលោកជាមួយនឹងយុទ្ធនាការសង្គ្រាមពាណិជ្ជកម្មរបស់រដ្ឋការលោក ដូណាល់ ត្រាំ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
