ក្រសួងមហាផ្ទៃ ជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាលមើលសហរដ្ឋអាមេរិកដែលជាប្រទេសម្ចាស់ជំនួយរបស់ខ្លួន មុននឹងចោទកម្ពុជាថាជាប្រទេសរឹតត្បិតសេរីភាពបញ្ចេញមតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ចេញវីដេអូបំភ្លឺជុំវិញរបាយការណ៍សង្គមស៊ីវិលស្ដីពីការរឹតត្បិតសេរីភាពបញ្ចេញមតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា អង្គការសង្គមស៊ីវិលដែលពូកែរិះគន់ពីរឿងរឹតត្បិតសេរីភាពបញ្ចេញមតិ គួរតែលើកយកប្រធានបទដែលសហរដ្ឋអាមេរិកគ្រោងបិទប្រព័ន្ធផ្សព្វផ្សាយនានាដែលជាឧបករណ៍បម្រើឱ្យសេរីភាពបញ្ចេញមតិ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ក្នុងពេលនេះឱ្យបានសិនទៅ។
ប្រភពខាងលើបញ្ជាក់ថា នៅប្រទេសកម្ពុជាគ្មានការការរឹតត្បិតសេរីភាពបញ្ចេញមតិទេ គឺមានតែការអនុវត្តច្បាប់លើបុគ្គលល្មើស ដែលធ្វើសកម្មភាពហួសព្រំដែនច្បាប់ប៉ុណ្ណោះ។
លោក ទូច សុខៈ អះអាងថាបើនិយាយពីច្បាប់ជួបជុំវិញ ទោះប្រទេសណាក៏មានដូចគ្នាដែរ ប៉ុន្តែការជួបជុំនោះត្រូវអនុវត្តទៅតាមលក្ខខណ្ឌច្បាប់កំណត់។ ចំណែកឯការបង្កប់នូវសកម្មភាពមួយដែលមានចេតនារុញច្រានសង្គមឱ្យធ្លាក់ទៅក្នុងស្ថានភាពចលាចលដើម្បីបម្រើឱ្យចលនានយោបាយណាមួយ រដ្ឋាភិបាលក៏មានសិទ្ធិស្វ័យពិនិត្យលើការជួបជុំទាំងនោះដែរ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ចេញរបាយការណ៍ស្ដីពី ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងសេរីភាពជួបជុំនៅមូលដ្ឋាន ថារយៈពេលពេញ ១ឆ្នាំក្នុងឆ្នាំ២០២៤ ការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាតាមរយៈការជួបជុំដោយសន្តិវិធី និងការផ្សព្វផ្សាយអំពីសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បានកើនឡើងជាង ៩០% ពីសំណាក់អាជ្ញាធរមូលដ្ឋាន។
របាយការណ៍ដដែលបញ្ជាក់ថា អាជ្ញាធរតាមសហគមន៍មូលដ្ឋានក្នុងភូមិជិត ៣០០ (២៩៦ភូមិ) ឃុំ-សង្កាត់ជាង ១០០ (១១១ឃុំ-សង្កាត់) និងស្រុក-ក្រុងជាង ៦០ ក្នុងខេត្តគោលដៅចំនួន ២២ បានរឹតត្បិតសិទ្ធីសេរីភាពបញ្ចេញមតិតាមរយៈនៃការជួបជុំដោយសន្តិវិធីយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានរកឃើញថាចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២៤ មក រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការក្តៅចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិរិះគន់ការដឹកនាំរបស់ខ្លួនជាបន្តបន្ទាប់ ទាំងសកម្មជននយោបាយ សកម្មជនសង្គម និងអ្នកសារព័ត៌មាន ជាដើម សូម្បីពលរដ្ឋខ្មែរដែលភៀសខ្លួនទៅរស់នៅលើទឹកដីថៃ ក៏ត្រូវរដ្ឋាភិបាលដាក់កម្លាំងតាមចាប់ខ្លួនបញ្ជូនទៅប្រទេសកម្ពុជាវិញដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
