The Cambodia Daily Khmer

មេទ័ព​អាមេរិកាំង​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ធ្វើ​ទស្សនកិច្ច​ស្រុក​ខ្មែរ​បន្ទាប់ពី​ដឹង​ថា​មាន​នាវា​ចិន​ពីរ​គ្រឿង​ទៀត​នៅ​រាម

មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (USARPAC) ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald Clark) ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា USARPAC ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald Clark) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់ពី​មាន​ព័ត៌មាន​ថា ចិន​បាន​បញ្ជូន​នាវា ២​គ្រឿង​បន្ថែម​ទៀត​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាត​ឱ្យ​ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព។

លោក រ៉ូណាល់ ខ្លាក ក៏​នឹង​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង​ដែរ។

ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ម៉ៅ សុផាន់ នៅ​ទីបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​មេបញ្ជាការ​ទាំង​ពីរ​នឹង​ពិភាក្សា​ស៊ីជម្រៅ​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​សំដៅ​កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ។

ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក ទទួល​បន្ទុក​បញ្ជាការ​កងទ័ព​ជើងគោក​អាមេរិកាំង​នៅ​រដ្ឋ​ហាវ៉ៃ អាឡាស់ស្កា ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។

អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា វាយតម្លៃ​ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ជើងគោក​អាមេរិក​នៅ​កម្ពុជា ទំនង​ជា​អាមេរិក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ស្ថានការណ៍​កាន់តែ​តានតឹង និង​ការ​ពង្រីក​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា និង​ក្នុង​តំបន់។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ លើកឡើង​ថា កិច្ចចរចា​ក្នុង​ការ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក គឺ​ស្ថិត​ក្នុង​កិច្ចចរចា​ការទូត​តូច​ចង្អៀត ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​រង​សម្ពាធ​ជាបន្តបន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន។

លោក គឹម សុខ បាន​អះអាង​ថា នៅ​ពេល​មាន​ការ​ជជែក​ផ្ទាល់​មាត់​ជាមួយ​អាមេរិក ក្នុង​លក្ខខណ្ឌ​ណា​មួយ​ហើយ ពេល​នោះ​សហរដ្ឋ​អាមេរិក​អាច​បញ្ជូន​មន្ត្រី​ជំនាញ​យោធា​របស់​ពួកគេ​មក​រម្លឹក​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ជា​ថ្មី ថា​តើ​បើ​ហួស​ពី​ការ​ព្រមព្រៀង​គ្នា​ក្នុង​ក្របខ័ណ្ឌ​ការទូត​យោធា​សម្ងាត់​នោះ សហរដ្ឋ​អាមេរិក​អាច​នឹង​មាន​វិធានការ​ផ្សេងៗ អាច​ចាប់ផ្ដើម​ពី​ការ​សង្កត់​ការទូត សេដ្ឋកិច្ច​ពាណិជ្ជកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

យោង​តាម​រូបភាព​ផ្កាយរណប​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទទួល​បាន​បង្ហាញ​ថា​នាវាចម្បាំង​ទាំង​ពីរ​គ្រឿង​បន្ថែម​ទៀត​ត្រូវ​បាន​គេ​មើល​ឃើញ​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ បាន​ចូល​ចត​នៅ​កំពង់ផែ​ថ្មី​ដែល​ចិន បាន​ស្ថាបនា​ក្នុង​មូលដ្ឋាន​ជើងទឹក​រាម នៅ​ទល់​មុខ​គ្នា​នឹង​នាវាចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត​ដែល​បាន​ចត​នៅ​ទីនោះ​តាំងពី​ចុង​ឆ្នាំ​២០២៣។

កាលពី​ចុង​ឆ្នាំ​២០២៤ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​កងទ័ព​ជើងទឹក​អាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS-28 ដែល​មាន​កងនាវិក​ចំនួន ១០៣​នាក់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ឡើយ។ សហរដ្ឋ​អាមេរិក​នៅតែ​ចាត់ទុក​ថា​កំពង់ផែ​កងនាវាចរណ៍​ខេមរភូមិន្ទ​នៅ​រាម អាច​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន មាន​ឥទ្ធិពល​ក្នុង​ឈូងសមុទ្រ​សៀម និង​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ចង់​ច្បាម​យក​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

តាម​សារព័ត៌មាន Barron’s ផ្សាយ​នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ ថា ដំណាល​ពេល​ជួប​ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក លោក ហ៊ុន ម៉ាណែត ក៏​ជួប​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន លោក Yin Li ដែល​ថ្លែង​កោតសរសើរ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version