The Cambodia Daily Khmer

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង​ប្រកាស​ប្រារព្ធ​សមាជ​មហាជន​នៅ​ថ្ងៃទី​២២ ខែ​មីនា

លោក សម រង្ស៊ី (កណ្ដាល) ថ្លែង​ក្នុង​បាតុកម្ម​របស់​ជនជាតិ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​រំលឹក​ខួប​ទី​៣៣ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៤។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង ប្រកាស​ប្រារព្ធ​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ខែ​នេះ សម្រាប់​អ្នក​ដែល​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​អ្នក​តាមដាន​កម្លាំង​ផ្កា​រីក​នៅ​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នៅ​ជុំវិញ​ពិភពលោក ចូលរួម​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ចុង​ខែ​កុម្ភៈ បាន​ចេញ​លិខិត​មួយ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក និង​ជា​អ្នក​គិតគូរ​ពី​ជោគវាសនា​ប្រទេស​ជាតិ នាំគ្នា​ចូលរួម ឬ​ក៏​បញ្ជូន​តំណាង​មក​ចូលរួម​ក្នុង​ពិធី​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ខែ​មីនា នេះ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​យុទ្ធសាស្ត្រ​ផ្កា​រីក​នៅ​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ ប៉ូលិស និង​មន្ត្រី​រាជការ​ទាំងអស់ ប្រាប់​តៗ​គ្នា​នូវ​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​ចលនា​ជាតិ​តស៊ូ​បាន​ប្រកាស​អនុវត្ត​ក្នុង​ពេលនេះ ព្រោះ​ថា​រយៈពេល​ជាង ៤០​ឆ្នាំ​ក្រោម​ការ​គាបសង្កត់​របស់​ត្រកូល​ហ៊ុន ខ្មែរ​បាន​ឈឺចាប់ និង​បាត់បង់​ទឹកដី​គ្រប់គ្រាន់​ហើយ។

លោក សម រង្ស៊ី បញ្ជាក់​ថា យុទ្ធសាស្ត្រ​ផ្កា​រីក ត្រូវ​ប្រើ​វិធី​ឲ្យ​កម្លាំង​បង្កប់​ផ្ទុះ​ពី​ខាង​ក្នុង​មក​វិញ ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្ទុះ​បែប​នេះ ទាល់តែ​មាន​ការ​រៀបចំ និង​បង្កើន​កម្លាំង​បង្កប់ ដោយ​លើក​ទឹកចិត្ត​អ្នក​តស៊ូ​ដែល​ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌ ហើយ​ស្អប់ខ្ពើម​អំណាច​ផ្ដាច់ការ អំពើពុករលួយ ភាព​អយុត្តិធម៌ វប្បធម៌​គ្រួសារ​និយម និង​ទង្វើ​ក្បត់​ជាតិ ចូលរួម​ធ្វើ​សកម្មភាព​ទាំងនេះ។

លោក​បញ្ជាក់​ទៀត​ថា វា​ដល់​ពេល​មួយ​ដែល​ខ្មែរ​ទ្រាំ​លែង​បាន​ហើយ​ដែល​ត្រូវតែ​នាំគ្នា​ក្រោក​ឈរ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​ឱ្យ​ដួល​រលំ ព្រោះ​ប្រទេស​បង់ក្លាដេស និង​ប្រទេស​ស៊ីរី គេ​អាច​ធ្វើ​បាន ដូច្នេះ​កម្ពុជា​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ ដើម្បី​រៀបចំ​ប្រទេស​កម្ពុជា​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ចន្ទ​ថា ប្រព័ន្ធ​ដឹកនាំ​កុម្មុយនីស្ត​ត្រកូល​ហ៊ុន​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ដាច់ការ​អាជ្ញា​ទំនើងចិត្ត​របស់​លោក ហ៊ុន សែន តែ​ម្នាក់​គត់ ហើយ​គាត់​កំពុង​តែ​បន្ត​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​មួយ​នេះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ជា​អ្នក​កាន់កាប់​ទៅ​ថ្ងៃ​មុខ​ទៀត។

លោក​បន្ត​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​អាត្មានិយម​ដឹកនាំ​ដើម្បី​តែ​ផល​ប្រយោជន៍​អំណាច​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ពី​គ្រោះមហន្តរាយ​ចំពោះ​ប្រទេស​ជាតិ​ឡើយ ដូច្នេះ​បើ​ពលរដ្ឋ​ខ្មែរ​មិន​ងើប​រើបម្រះ​ឱ្យ​ចេញ​ផុត​ពី​របប​គ្រប់គ្រង​បែប​នេះ​ទេ នោះ​សេរីភាព​របស់​ពួកគេ​ក៏​មិន​ខុស​ពី​ការ​រស់នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​ដូច​កូរ៉េខាងជើង ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version