អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រមានប្រើគ្រឿងចក្រឈូសឆាយលំនៅឋានរបស់ពលរដ្ឋស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប បើពួកគេមិនព្រមផ្ដិតមេដៃចាកចេញពីលំនៅឋាន និងទទួលយកការដោះដូរក្រោមការរៀបចំរបស់អាជ្ញាធរទេនោះ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា អាដហុក (adhoc) ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ មីនា នេះថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណជា ៩ព្រឹក មានកងកម្លាំងនគរបាល និងអាជ្ញាធរស្រុកវាលវែង បានចុះទៅបង្ខំឱ្យពលរដ្ឋផ្ដិតមេដៃយល់ព្រមចាកចេញពីលំនៅឋានរបស់ខ្លួន និងបង្ខំឱ្យព្រមទទួលយកការដោះដូរក្រោមការចាត់ចែងរបស់អាជ្ញាធរគ្រប់បែបយ៉ាង។
ផ្ទុយទៅវិញ បើពលរដ្ឋទាំង ១៩គ្រួសារនោះមិនព្រមតាមការបង្ខំរបស់អាជ្ញាធរទេ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមីនា នេះ អាជ្ញាធរនឹងនាំយកគ្រឿងចក្រចូលទៅឈូសឆាយលំនៅឋានរបស់ពួកគេចោលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ហើយនៅរសៀលថ្ងៃទី១៧ ខែមីនា ក៏មានគ្រឿងចក្រចូលទៅតំបន់នោះពិតមែន ប៉ុន្តែពលរដ្ឋនៅតែបដិសេធមិនព្រមផ្ដិតមេដៃចាកចេញដដែល។
ប្រភពដដែលលើកឡើងថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែចុះទៅជួបពលរដ្ឋនៅតំបន់នោះ ដើម្បីសាកសួរ ប្រមូលព័ត៌មានបន្ថែមទៀតពីហេតុផលដែលពួកគេមិនព្រមចាកចេញ ជាជាងការដាក់ឱសានវាទក្នុងការបណ្ដេញចេញទាំងបង្ខំ។
សមាគមអាដហុក ទទូចឱ្យអាជ្ញាធរ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលពិចារណាឡើងវិញ ដោយប្រើប្រាស់យន្តការចរចា សម្របសម្រួលជាមួយប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានការអភិរក្ស ការសាទរ និងការចូលរួមពីពលរដ្ឋរងគ្រោះនៅតំបន់ដែលកំពុងមានបញ្ហានោះ។
កាលពីចុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យផ្លាស់ទីចេញពីតំបន់ជិតផ្លូវអន្ទង់អាំងជាដាច់ខាត និងដកហូតទីតាំងដីនោះទុកជាសម្បត្តិរដ្ឋ។
ប្រភពដដែលបញ្ជាក់ថា ពលរដ្ឋដែលរស់នៅលើដីនោះ គឺកំពុងរស់នៅដោយខុសច្បាប់ ព្រោះអាជ្ញាធរបានរៀបចំដោះស្រាយតំបន់អន្ទង់អាំងនេះ ឬភ្នំ១៥០០ ឱ្យទៅជាតំបន់បៃតងអស់ហើយ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋមិនព្រមរើចេញ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យខាងតែបាន។
យ៉ាងណាក៏ដោយ ពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យពលរដ្ឋជាង ៣០គ្រួសាររស់នៅតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែមីនា បាននាំគ្នាធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិនៅក្រសួងយុត្តិធម៌ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងបំណងទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លីនេះ។
តំណាងពលរដ្ឋទាំងនោះបញ្ជាក់ថា ពួកគេបានទិញដីទាំងនោះពីក្រុមទាហាន និងពលរដ្ឋផ្សេងទៀត និងបានរស់នៅតំបន់នោះជាង ១០ឆ្នាំមកហើយ ព្រមទាំងបានសង់ផ្ទះថ្មរស់នៅយ៉ាងសុខសាន្តរហូតមក ដោយពុំបានទន្ទ្រានដីព្រៃរបស់រដ្ឋដូចការចោទប្រកាន់ឡើយ។
ជាងនេះទៀត កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ ស្ត្រីរងគ្រោះម្នាក់ឈ្មោះ សែម សុខគា ដែលរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបីកូនតូចមកតវ៉ាតែម្នាក់ឯងនៅមុខក្រសួងយុត្តិធម៌ ទាំងយំស្រែក ដោយអះអាងថា ដីរបស់ខ្លួនដែលបានកាន់កាប់អស់រយៈពេលជាង ១០ឆ្នាំ និងមានបណ្ណកម្មសិទ្ធិហើយនោះ ត្រូវបានអាជ្ញាធររឹបអូសយកទាំងអស់នៅពេលនេះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៦ ខែមីនា ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា ក្រសួងបានចាត់តាំងក្រុមការងារចុះស្រាវជ្រាវលើបញ្ហាដីធ្លីរបស់ស្ត្រីរូបនេះរួចរាល់ហើយដើម្បីស្វែងរកការពិត។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីសុំការបំភ្លឺបន្ថែមពីបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ ព្រោះទូរសព្ទមិនចូល៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
