នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នៅថ្ងៃពុធ ទី២៦ ខែមីនា បានរើខ្លួនរួចពីការបោះឆ្នោតទម្លាក់ពីសមាជិកសភា ក្រោយពីសភាចោទសួរដេញដោលខ្លាំងពីសមត្ថភាពរបស់អ្នកស្រីជានាយករដ្ឋមន្ត្រី ដែលចោទថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ឪពុករបស់អ្នកស្រីជាអ្នកដឹកនាំចង្កូតរដ្ឋាភិបាលរបស់អ្នកស្រី និងមានសំណុំរឿងច្រើនទៀតដែលអ្នកស្រីបានការពារខ្លួនបាននៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា។
នេះបើតាមកាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃពុធ ទី២៦ ខែមីនា នេះ។
អ្នកស្រី ផែថងថាន (Paetongtarn) គឺជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះនៃរាជាណាចក្រថៃ។ អ្នកស្រីបានឈ្នះក្ដីដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំង។ នៅក្នុងការបោះឆ្នោត មានសំឡេងពីសមាជិករដ្ឋសភា ៣១៩ ដែលបង្ហាញការគាំទ្រអ្នកស្រី ផែថងថាន ឱ្យបន្តដឹកនាំរដ្ឋាភិបាលចម្រុះបន្តទៀត ក្នុងនោះ សំឡេងប្រឆាំងមាន ១៦២ និង ៧សំឡេងអនុប្បវាទ។
គណបក្សប្រឆាំងបានដាក់ញត្តិឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្តនេះឡើង ដោយចោទប្រកាន់អ្នកស្រី ផែថងថាន (Paetongtarn) ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេះការបង់ពន្ធលើអចលនទ្រព្យ និងគ្មានសមត្ថភាពធ្វើឱ្យសេដ្ឋកិច្ចថៃ បន្តរីកលូតលាស់ខ្លាំង ហើយធ្វើតាមការបង្គាប់បញ្ជាពីលោក ថាក់ស៊ីន ដែលជាឪពុករបស់អ្នកស្រី។
បក្សប្រឆាំងបានបន្ទោសអំពីការគ្រប់គ្រងប្រទេស និងកង្វះបទពិសោធន៍របស់អ្នកស្រីក្នុងឋានៈនាយករដ្ឋមន្ត្រី។
មានអាយុ ៣៨ឆ្នាំ អ្នកស្រី ផែថងថាន (Paetongtarn) បាននិយាយថា អ្នកស្រីកំពុងប្រឹងប្រែងដឹកនាំប្រទេស ហើយថាអ្នកស្រីគួរតែត្រូវបានគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់អ្នកស្រី ដែលមិនមែនដោយសារតែទំនាក់ទំនងគ្រួសារ ឬក៏ឪពុករបស់អ្នកស្រីអ្វីនោះទេ។
នៅមុនការបោះឆ្នោតដកសេចក្ដីទុកចិត្ត អ្នកស្រី ផែថងថាន (Paetongtarn) បានបង្ហោះសារលើបណ្ដាញសង្គមថា សំឡេងប្រឆាំងក្តី ឬគាំទ្រក្តី គឺសុទ្ធតែជាកម្លាំងចលកររុញឲ្យអ្នកស្រី និងរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងធ្វើការខ្លាំងបន្ថែមទៀតដើម្បីបម្រើប្រជាជនថៃ។
ការបោះឆ្នោតរបស់សមាជិកសភាថៃ នៅថ្ងៃពុធនេះ បានបង្ហាញថា ក្រុមរដ្ឋាភិបាលចម្រុះរបស់អ្នកស្រី ផែថងថាន (Paetongtarn) នៅតែមានភាពរឹងមាំ និងមានស្ថិរភាព។ ការបោះឆ្នោតដែលក្រុមប្រឆាំងមានផែនការទម្លាក់អ្នកស្រីពីតំណែងជានាយករដ្ឋមន្ត្រី គេអាចនិយាយបានថាជាការធ្វើតេស្ដពីកម្លាំងនៃសម្ព័ន្ធភាពរដ្ឋាភិបាល ថាតើមានសំឡេងរួមគ្នាទៀត ឬដូចម្ដេចនោះ។
ជានាយករដ្ឋមន្ត្រីថៃ ដ៏ក្មេងជាងគេ អ្នកស្រី ផែថងថាន (Paetongtarn) បានចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះកាលពីខែសីហា ឆ្នាំ២០២៤។ អ្នកស្រីនាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ ជាបក្សរបស់គ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។
អ្នកស្រី ផែថងថាន (Paetongtarn) បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីវ័យក្មេងជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ។ អ្នកស្រីត្រូវបានសភាបោះឆ្នោតឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ ក្នុងសំឡេងគាំទ្រ ៣១៩ និងសំឡេងប្រឆាំង ១៤៥។ អ្នកស្រី ផែថងថាន (Paetongtarn) ឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បន្តពីលោក ស្រេតថា ថាវីស៊ីន ដែលត្រូវតុលាការរដ្ឋធម្មនុញ្ញចេញសាលក្រមទម្លាក់ពីមុខតំណែងជានាយករដ្ឋមន្ត្រី។
នៅក្នុងរាជាណាចក្រថៃ មានភាពផុយស្រួយនៃមេដឹកនាំថៃ ក្នុងឋានៈជានាយករដ្ឋមន្ត្រី។ អ្នកកត់ត្រាបានហៅរដ្ឋាភិបាលមកពីបក្សភឿថៃ ងាយត្រូវបានទម្លាក់ពីអំណាចក្រោមអំណាចនៃតុលាការរដ្ឋធម្មនុញ្ញ ការទម្លាក់ពីអំណាចដោយពួកយោធាធ្វើរដ្ឋប្រហារ និងការវាយបំបាក់ក្នុងរដ្ឋសភាតែម្តង។
លោក ថាក់ស៊ីន (Thaksin) ជាឪពុកអ្នកស្រី ផែថងថាន (Paetongtarn) ត្រូវបានទម្លាក់ពីអំណាចនៅឆ្នាំ២០០៦ ដោយរដ្ឋប្រហាររបស់ពួកយោធា។ ម្ដាយមីងបង្កើតរបស់អ្នកស្រី ផែថងថាន គឺអ្នកស្រី យ៉ីងឡាក់ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញដកហូតអំណាចជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៤ ករណីចោទថាពាក់ព័ន្ធនឹងការផ្តល់ឱកាសឱ្យមន្ត្រីថ្នាក់ក្រោមប្រព្រឹត្តអំពើពុករលួយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
