ដំណាលពេលពលរដ្ឋខ្មែរតវ៉ារឿងកោះគុត ជនជាតិខ្មែររស់នៅលើទឹកដីដូនតារបស់ខ្លួននៅកម្ពុជាក្រោម ក៏ពុំមានសេចក្តីសុខដែរ។
សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ទាមទារឱ្យអាជ្ញាធរវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដែលត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២៧ មីនា នេះ ដោយឥតលក្ខខណ្ឌ ព្រមទាំងដោះលែងសកម្មជនខ្មែរក្រោមផ្សេងទៀតដែលជាប់គុកដោយសារប្រើសិទ្ធិតស៊ូមតិដោយសន្តិវិធីសម្រាប់អត្តសញ្ញាណវប្បធម៌ និងសេរីភាពសាសនានៃសហគមន៍ខ្មែរក្រោមកន្លងមកផងដែរ។
សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmer Kampuchea -Krom Federation, KKF) ចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយនៅថ្ងៃទី២៧ មីនា នេះ ក្រោយពីព្រះតេជព្រះគុណ គឹម សំរិន្ទ ដែលជាព្រះសង្ឃខ្មែរក្រោម និងសកម្មជនសិទ្ធិមនុស្សពីររូបទៀត គឺលោក ថាច់ ង៉ា និងលោក ថាច់ ស្វឹងដុង ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។
ប្រភពដដែលចាត់ទុកការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សទាំងបីនាក់នេះថា កាន់តែបង្ហាញឱ្យឃើញពីការប្រឈមមុខនឹងការរើសអើង និងការគាបសង្កត់ពីរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ជាពិសេសបុគ្គលទាំងឡាយដែលហ៊ានតស៊ូមតិដើម្បីអត្តសញ្ញាណជនជាតិដើមម្ចាស់ទឹកដី ទាំងសេរីភាពខាងសាសនា និងសិទ្ធិមនុស្ស។
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ក្នុងនាមរដ្ឋាភិបាលវៀតណាម ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវតែត្រូវទទួលខុសត្រូវចំពោះការមិនគោរពយ៉ាងម៉ឺងម៉ាត់ចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលខ្លួនទទួលស្គាល់ ហើយបានគាបសង្កត់លើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោមសព្វថ្ងៃនេះ។
នៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ ព្រះសង្ឃខ្មែរក្រោមមួយអង្គ គឺព្រះតេជព្រះគុណ គឹម សំរិន្ទ គង់នៅវត្តអរុណរង្សី ខេត្តព្រះត្រពាំង ត្រូវអាជ្ញាធរវៀតណាម ចាប់ផ្សឹកនៅផ្ទះញោមស្រីរបស់ព្រះអង្គ។ ចំណែកសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ផ្សេងទៀត គឺលោក ថាច់ ង៉ា និងលោក ថាច់ ស្វឹងដុង ក៏ត្រូវបានអាជ្ញាធរវៀតណាម ចាប់ទៅឃុំខ្លួននៅមន្ទីរនគរបាលខេត្តព្រះត្រពាំង នៅព្រឹកថ្ងៃដដែលនេះដែរ។
ជុំវិញការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមនេះ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិ (USCIRF) បានធ្វើសេចក្តីរាយការណ៍មួយកម្រាស់ជិត ១០០ទំព័រ (៩៦ទំព័រ) ស្ដីពីការរំលោភសិទ្ធិសេរីភាពសាសនាទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ប្រទេសវៀតណាម ចូលក្នុងបញ្ជីខ្មៅនៃ ចំណោមប្រទេសត្រូវយកចិត្តទុកដាក់ពិសេស (Countries of Particular Concern – CPC)។
សេចក្តីរាយការណ៍នេះធ្វើឡើងដោយសារគេរកឃើញថា រដ្ឋាភិបាលវៀតណាម បានរំលោភបំពាន និងជិះជាន់លើសេរីភាពសាសនា និងគាបសង្កត់លើអ្នកតស៊ូមតិដើម្បីសេរីភាពសាសនាជាជនជាតិខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
