សមត្ថកិច្ចដោះលែងម្ចាស់ទំព័រហ្វេសប៊ុក Business Advisor ឱ្យមានសេរីភាពវិញហើយនៅថ្ងៃចន្ទ ទី៣១ មីនា នេះ បន្ទាប់ពីត្រូវចាប់ខ្លួនយកទៅសួរនាំអស់ជាច្រើនថ្ងៃជុំវិញការធ្វើអត្ថាធិប្បាយរបស់លោកពាក់ព័ន្ធនឹងបញ្ហាសង្គមមួយចំនួន។
អ្នកធ្វើអត្ថាធិប្បាយតាមបណ្ដាញសង្គម លោក សាំងលី សារ៉ាក់ ចេញវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ Business Advisor នៅថ្ងៃទី៣១ មីនា នេះថា លោកពុំមានបញ្ហាធ្ងន់ធ្ងរនោះទេ គ្រាន់តែសមត្ថកិច្ចនាំខ្លួនទៅឱ្យបំភ្លឺជុំវិញការធ្វើអត្ថាធិប្បាយរបស់លោកពាក់ព័ន្ធនឹងបញ្ហាសង្គមមួយចំនួនប៉ុណ្ណោះ។
លោក សាំងលី សារ៉ាក់ បញ្ជាក់ថា លោកនឹងនៅតែបន្តធ្វើកិច្ចការតាមរយៈនៃការធ្វើអត្ថាធិប្បាយអំពីបញ្ហាដែលកើតមានក្នុងសង្គមបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអប់រំសម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិ និងពលរដ្ឋខ្មែរ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អ្នកធ្វើអត្ថាធិប្បាយតាមបណ្ដាញសង្គម លោក សាំងលី សារ៉ាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Business Advisor ត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រោះតែក្នុងរយៈពេលចុងក្រោយនេះលោកបានធ្វើអត្ថាធិប្បាយរិះគន់ទៅលើការដឹកនាំបែបអវិជ្ជមានរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងបានផ្សព្វផ្សាយពីការរិះគន់ផ្សេងៗទៅលើមន្ត្រីរដ្ឋាភិបាលមួយចំនួនផងដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ មីនា នេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងសកម្មជននានាដែលត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិដូចម្ចាស់ទំព័រហ្វេសប៊ុក Business Advisor ដែលត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពក្នុងពេលនេះដែរ។
លោក ម៉ែន ណាត លើកឡើងថា ទោះបីរដ្ឋាភិបាលប្រើលេសការចាប់ខ្លួនសកម្មជនបញ្ចេញមតិថាជាការអនុវត្តច្បាប់ក៏ដោយ ក៏ពលរដ្ឋមិនជឿតាមពាក្យភូតកុហករបស់រដ្ឋាភិបាលដែរ។
លោកបន្ថែមថា ត្រង់ចំណុចនេះ គេអាចប្រៀបបានយ៉ាងច្បាស់ពីទង្វើរបស់បក្សកាន់អំណាច ជាពិសេសក្រុមគ្រួសារលោក ហ៊ុន សែន ដែលបានធ្វើរយៈពេលជាង ៤០ឆ្នាំមកនេះ ក្នុងការដឹកនាំរបស់គាត់ ថាតើមានពលរដ្ឋប៉ុន្មាននាក់ដែលត្រេកអរ ឬអបអរសាទរនឹងការដឹកនាំរបស់គាត់ចាប់តាំងពីជំនាន់របស់លោក ហ៊ុន សែន បន្តមកលោក ហ៊ុន ម៉ាណែត ក្នុងពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
