លោក ហ៊ុន ម៉ាណែត និងភរិយាចូលរួមបច្ច័យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ខណៈពលករខ្មែរ ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងគំនរអគារដែលដួលរលំកាលពីថ្ងៃទី២៨ ខែមីនា នៅឡើយ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា បច្ច័យទាំងនោះត្រូវបានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ប្រគល់ជូនគ្រួសារសពលោក មាស សាវ៉ាង ដោយផ្ទាល់នាព្រឹកថ្ងៃទី១ ខែមេសា នេះ។
លោក ហ៊ុន ម៉ាណែត ក៏បានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។ ក្រៅតែពីថវិការបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរពាក់ព័ន្ធនានារួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ក៏បានចូលរួមបច្ច័យក្នុងពិធីបុណ្យនេះដែរ។
ពលករខ្មែរ ១រូបឈ្មោះ មាស សាវ៉ាង អាយុ ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែមីនា នេះថាបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក្រសួងការបរទេស និងតំណាងក្រសួងការងារ កំពុងរៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះត្រឡប់មកប្រទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក កត្តា អ៊ន បានឲ្យដឹងថា ក្រុមការងាររបស់ក្រសួងការងារ និងអាជ្ញាធរដែនដី កំពុងរៀបចំឲ្យបានសមរម្យក្នុងការធ្វើបុណ្យសពតាមប្រពៃណី និងជួយសម្របសម្រួលជាមួយនិយោជកថៃ ឲ្យមានការទទួលខុសត្រូវ និងផ្តល់នូវប្រាក់សំណងអត្ថប្រយោជន៍ផ្សេងៗ។
លោកបន្តថា ក្រុមការងាររបស់ក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន កំពុងជួយសម្រួលឯកសារផ្សេងៗរង់ចាំទទួលសព និងកំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ។
អង្គការសង់ត្រាល់ (Central) បានលើកឡើងថា សាច់ញាតិមួយចំនួនដែលប្រាប់មកអង្គការនេះថាពួកគេមិនអាចទាក់ទងទៅបងប្អូនរបស់ពួកគេបានទេ បន្ទាប់ពីមានការដួលរលំអគារ ហើយសង្ស័យថាស្ថិតក្នុងគំនរអគារ ដោយមិនទាន់អាចទាក់ទងបានដដែល។ តាមព័ត៌មានដែលខ្លួនទទួលបានពីសាច់ញាតិ គឺយ៉ាងហោចណាស់មានពលករខ្មែរ ៤នាក់កំពុងបាត់ខ្លួននៅក្នុងគំនរអគារនៅទីនោះ។
កាលពីរសៀលថ្ងៃទី២៨ ខែមីនា គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានកក្រើកក្នុងរាជធានីបាងកកប្រទេសថៃ បណ្ដាលឲ្យអគារនានាក្នុងទីក្រុងមានការរង្គោះរង្គើ។ ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បានធ្វើមនុស្សស្លាប់កើនដល់ ១៨នាក់ និងរបួសជាង ៣០នាក់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
