លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសំណង់អគារចាស់ៗ បន្ទាប់ពីកម្ពុជាទទួលចំហាយគ្រោះរញ្ជួយដីក្នុងកម្រិតទាបពីប្រទេសជិតខាង បន្ទាប់ពីលោកបានសង្កេតឃើញសោកនាដកម្មស្លាប់មនុស្សជាច្រើននាក់នៅប្រទេសថៃ និងនៅប្រទេសភូមា ដោយសារតែគ្រោះរញ្ជួយដីនេះ។
ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសមរតកតេជោ កាលពីថ្ងៃទី៧ ខែមេសា លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលដែលមានក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរសង្កាត់ ខណ្ឌ ស្រុក ខេត្ត ក្រុង ធ្វើការឱ្យបានម៉ឺងម៉ាត់ម៉ត់ចត់ទៅលើគុណភាព និងស្តង់ដាសំណង់។
ប្រភពដដែលអះអាងថា ក្រសួងពាក់ព័ន្ធបន្តត្រួតពិនិត្យសំណង់អគារចាស់ៗឡើងវិញ ក្រោយកម្ពុជាទទួលចំហាយរញ្ជួយដីកម្រិតទាបពីប្រទេសជិតខាង។
លោក ហ៊ុន ម៉ាណែត អះអាងថា ក្រុមហ៊ុនធ្វើសំណង់ត្រូវតែគិតដល់អាយុជីវិតរបស់អ្នករស់នៅជាសំខាន់។ ប្រសិនបើការសាងសង់នោះបង្កជាបញ្ហាដល់អ្នករស់នៅ មិនថាប៉ះពាល់ដល់អាយុជីវិត ឬយ៉ាងណានោះទេ ក្រុមហ៊ុនម៉ៅការសំណង់នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ គឺបន្ទាប់ពីមានហេតុការណ៍រញ្ជួយដីរលំបាក់អគារកំពុងសាងសង់មួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ និងនៅប្រទេសភូមា ដែលមានគ្រោះរញ្ជួយដី អគារតូចធំ សំណង់បុរាណ ផ្ទះសម្បែងរបស់ពលរដ្ឋភូមាជាច្រើនបានបាក់រលំខ្ទេចខ្ទី និងបណ្តាលឱ្យពលរដ្ឋភូមា ជាង ៣ពាន់នាក់ស្លាប់ទៀតផង។
អង្គការសង់ត្រាល់ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា យ៉ាងហោចណាស់មានសាច់ញាតិពលករខ្មែរចំនួន ៣នាក់បន្តរង់ចាំដំណឹងពីក្រុមអ្នករុករកនៅក្បែរទីតាំងអគារដួលរលំ។ ពលករទាំង ៣នាក់ដែលមិនទាន់រកឃើញនោះ គឺលោកស្រី សុខ គិមស៊ី និងប្ដីឈ្មោះ សាន់ សឿន មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ខណៈម្នាក់ទៀតឈ្មោះ ផល្លា រតនា មានស្រុកកំណើតនៅខេត្តបាត់ដំបង។
កាលពីថ្ងៃទី២៨ ខែមីនា គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧,៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសភូមា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លាបានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជា។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្ររបស់ប្រទេសអាល្លឺម៉ង់ និយាយថា ការរញ្ជួយដីមានជម្រៅ ១០គីឡូម៉ែត្រជាមួយនឹងចំណុចកណ្តាលនៅក្នុងប្រទេសភូមា។
ប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ក៏មានសេចក្ដីរាយការណ៍ថាអគារមួយចំនួនក៏ទទួលរងឥទ្ធិពលពីការរញ្ជួយដីនេះផងដែរ ដោយមានមនុស្សផ្អើលឈូឆររត់ចេញពីអគារធ្វើការមួយចំនួន បន្ទាប់ពីពួកគេមានអាការៈវិលមុខ និងធីងធោងនៅពេលដែលពួកគេស្ថិតនៅក្នុងអគារ។ ចំណែកនៅខេត្តព្រះសីហនុ ក៏មានសេចក្ដីរាយការណ៍អំពីឥទ្ធិពលបន្តិចបន្តួចកើតចេញពីការរញ្ជួយដីនេះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
