បន្ទាប់ពីជំនួបទ្វេភាគីក្នុងខួប ៧៥ឆ្នាំនៃទំនាក់ទំនងការទូតនៃរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃឡង់ដ៍ រវាងប្រមុខរដ្ឋាភិបាលទាំងពីរដោយមិត្តភាពរួសរាយកក់ក្តៅ ញញឹមញញែម នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានត្រឡប់ទៅកាន់មាតុភូមិវិញដោយនាំជាប់ទៅជាមួយនូវកិច្ចព្រមព្រៀងចំនួន ៧ ដែលសារព័ត៌មានថៃ ផ្សាយថាជាជោគជ័យនៃកិច្ចប្រឹងប្រែងការទូតពីអ្នកស្រីសម្រាប់ពលរដ្ឋថៃ។
ពេលវិលទៅដល់រាជធានីបាងកក នារសៀលថ្ងៃទី២៤ ខែមេសា អ្នកស្រីនាយករដ្ឋមន្ត្រីត្រូវគ្រូពេទ្យបញ្ជាឲ្យចូលសម្រាកក្នុងមន្ទីរពេទ្យវេលាម៉ោង ៩យប់ថ្ងៃដដែលនោះ។ អ្នកជំនិតនឹងអ្នកស្រី អធិប្បាយថា អ្នកស្រីនាយករដ្ឋមន្ត្រីថៃ ប្រឹងធ្វើការងារពេករហូតដល់ហត់ហេវ អស់កម្លាំង ដែលត្រូវការការពិនិត្យសុខភាពភ្លាមៗ។
កាសែតថៃ Thai News និង The Nation ផ្សាយនៅថ្ងៃសុក្រ ទី២៥ មេសា ថា ពលរដ្ឋថៃ កំពុងរង់ចាំដំណឹងអំពីសុខភាពអ្នកស្រី ខណៈដែលអ្នកស្រីបានធូរស្រាលម្តងបន្តិចៗ។
ជំនួបរវាងនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ឈានដល់ការចុះកិច្ចព្រមព្រៀងចំនួន ៧ រវាងរាជរដ្ឋាភិបាលទាំងពីរ៖
- ទី១ ចុះកិច្ចព្រមព្រៀង ចាត់ចែង ប្រើប្រាស់ ថែទាំស្ពានមិត្តភាពកម្ពុជា-ថៃឡង់ដ៍ បាន ណងអ៊ៀន ស្ទឹងបត់;
- ទី២ កិច្ចព្រមព្រៀង ចាត់ចែង ប្រើប្រាស់ ថែទាំស្ពាន បាន ប៉ាក់កាដ ប៉ុង ណាមរ៉ន ខេត្តចន្ទបុរី;
- ទី៣ អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន;
- ទី៤ កិច្ចសហប្រតិបត្តិការវិស័យអប់រំមុខជំនាញវិជ្ជាជីវៈ;
- ទី៥ កិច្ចព្រមព្រៀងបញ្ជូន-ទទួលពលករខ្មែរចំណាកស្រុក;
- ទី៦ អនុស្សរណៈអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្នល់ជាតិលេខ៥៧;
- ទី៧ សេចក្តីសម្រេចរួមគ្នាអំពីនិមិត្តសញ្ញា ឬឡូហ្គោមិត្តភាពការទូត ៧៥ឆ្នាំរវាងប្រទេសទាំងពីរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
