The Cambodia Daily Khmer

ជនជាតិ​ដើម​ភាគតិច​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ទៅ​មើល​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ផ្ទាល់​ភ្នែក

បទល្មើស​ព្រៃឈើ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រក​ឃើញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៧ ខែ​ឧសភា ឆ្នាំ​២០២៥។

បទល្មើស​ព្រៃឈើ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រក​ឃើញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៧ ខែ​ឧសភា ឆ្នាំ​២០២៥។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចុះ​ពិនិត្យ​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ផ្ទាល់ ជាជាង​ចាំ​តែ​យក​របាយការណ៍​ពី​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ក្លែង​ព័ត៌មាន​ពិត​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា សហគមន៍​បាន​នាំគ្នា​ចុះ​ប្រមូល​ព័ត៌មាន និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែ​ឧសភា ក្នុង​នោះ​បាន​រក​ឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ៣០០​ករណី (៣៣៤​ករណី)។

ប្រភព​ដដែល​លើកឡើង​ថា អ្នក​ចុះ​ល្បាត​បាន​រក​ឃើញ​ទីកន្លែង​បោះតង់​អ្នក​អារ​ឈើ ឡាម​ម៉ាស៊ីន​អារ​ឈើ និង​សម្ភារៈ​ជួសជុល​ម៉ាស៊ីន​មួយ​ចំនួន​ផង​ដែរ ខណៈ​ដើមឈើ​ដែល​ត្រូវ​កាត់​រំលំ​ភាគច្រើន​នៅ​ក្នុង​ចំណុច​ជាំទឹកខ្មៅ អូរស្កាច និង​អូររំស៊ែ។

ប្រភព​ដដែល​ថា ឈើ​ដែល​ត្រូវ​រង​ការ​កាប់​បំផ្លាញ​មាន​មុខកាត់​ចាប់ពី ២៥​សង់ទីម៉ែត្រ​ដល់​ជាង ១​ម៉ែត្រ (១៧៨​សង់ទីម៉ែត្រ) ដែល​មាន​ប្រភេទ​ឈើ​ផ្ដៀក ឈើទាល ស្ទៀង ដើម​រាំង ឈើ​ក្រម ត្រសេក និង​ដើម​គគីរ ផង​ដែរ។

សហគមន៍​នេះ​អះអាង​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បរិស្ថាន និង​ទំនៀមទម្លាប់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​អាស្រ័យ​ផល​លើ​អនុផល​ព្រៃឈើ​តាមរយៈ​នៃ​ការ​ប្រមូល​ជ័រទឹក បេះ​ផ្លែឈើ ប្រមូល​ទឹកឃ្មុំ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​បរិស្ថាន បញ្ឈប់​ការ​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​នៃ​ប្រជាពលរដ្ឋ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល ដែល​រួម​ចំណែក​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ទាំងនេះ។

កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៩​ម៉ឺន​ហិកតា (៩០៣៦១​ហិកតា) ស្ថិត​ស្រុក​ចំនួន​៣ មាន​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។

ទោះជា​ដូច្នោះ​ក្តី កាលពី​ឆ្នាំ​២០២២ អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​សេចក្តី​រាយការណ៍​ស្រាវជ្រាវ​មួយ​ពី​មែកធាង​អំពើ​ខុស​ច្បាប់​នៃ​រចនាសម្ព័ន្ធ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា (Branches of Cambodia’s Illegality Structures) ដោយ​បង្ហាញ​ថា ប្រព័ន្ធ​ការពារ​គ្នា​ទៅវិញ​ទៅមក​ដែល​បង្កើត​ឡើង​ដោយ​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាមួយ​ក្រុម​ឧកញ៉ា និង​កងកម្លាំង​ប្រដាប់​អាវុធ ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ដ៏​ធ្ងន់ធ្ងរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version